តារាកំប្លែងជើងចាស់លោកយាយ ណយ សំណាង ត្រូវខំប្រឹងថតរឿង
និងកម្មវិធីទូរទស្សន៍ទាំងឈឺថ្កាត់ដើម្បីសន្សំលុយធ្វើបុណ្យ
ខួប១០០ថ្ងៃឲ្យសពកូនប្រុស។
ឥឡូវ នេះ សុខភាពរបស់លោកយាយមិនអំណោយផលទេ ដោយមានជំងឺលើសឈាមផង ខ្វះជាតិស្ករផង ហើយបេះដូងកាន់តែខ្សោយទៅៗហើយដែរ។ លោកយាយបន្ថែមថា៖” ហូបតែបាយហ្នឹងមិនបានផង គ្មានកម្លាំងកំហែងអីទេ ហើយតស៊ូថតរឿងឲ្យគេ គ្រាន់បានលុយកាក់ខ្លះមកដោះស្រាយជីវភាព និងឲ្យចៅទៅរៀន ណាមួយសន្សំទុកបុណ្យឲ្យកូនខ្លះ”។
ទោះយ៉ាង ណា លោកយាយ មិនបានបញ្ជាក់ថា លោកយាយថតរឿងអ្វីនោះទេ។ ប៉ុន្តែលោកយាយបានបន្ថែមថា ៖” ផលិតកម្មគេយោគយល់ណាស់ឲ្យខ្ញុំខ្ចីលុយមុនដែរ ដើម្បីធ្វើបុណ្យ តែខ្លាចគ្មានកម្លាំងថតបញ្ចប់ឲ្យគេទេ ទើបមិនហ៊ានយក”។ លោកយាយបន្តថា អ្វីជាបារម្ភនោះ គឺខ្លាចជំពាក់គេក្រោយពិធីបុណ្យទើបប្រឹងប្រែងដូច្នេះទៅ ព្រោះលោកយាយមិនមានចំណូលមកពីណាផ្សេងទេ។
ស្ទើរពេញមួយជីវិតទៅហើយ ដែលលោកយាយ ណយ សំណាង បានចូលបម្រើសិល្បៈ ប៉ុន្តែលោកយាយគ្មានឱកាសទទួលបានជីវភាពរស់នៅធូរធារដូចគេឯងនោះទេ គ្រាន់តែបានទប់ទល់ប្រចាំថ្ងៃប៉ុណ្ណោះ សូម្បីផ្ទះសម្បែងក៏ត្រូវជួលគេដែរ។ ម្យ៉ាងទៀត ពេលនេះ ស្ថានភាពគ្រួសាររបស់យាយកាន់តែដុនដាបឡើង បន្ទាប់ពីកូនប្រុសជាអ្នករកចំណូលចម្បងក្នុងគ្រួសារ បានធ្វើមរណកាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុកាលពីខែមីនាកន្លងទៅ។
រហូត មកដល់ពេលនេះ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរបស់តារាចម្រៀងល្បីឈ្មោះ ខេមរៈ សេរីមន្ត ជាមួយរថយន្តរបស់ក្រុមហ៊ុន SK កន្លងទៅបីខែមកហើយ។ ដោយឡែកសំណងចំពោះការបាត់បង់អាយុជីវិតកូនសម្រាប់អ្នករងគ្រោះ ក្នុងនោះមាន គ្រួសាររបស់តារាកំប្លែងនាយ កុយ និងយាយ ណយ សំណាង ដែលបានបាត់ជីវិតដូចគ្នាក្នុងគ្រោះថ្នាក់នោះ ក៏ដូចជាជនរងគ្រោះផ្សេងទៀត នៅមិនទាន់មានដំណោះស្រាយពីតុលាការខេត្តព្រះសីហនុ ឬក្រុមហ៊ុន SK នៅឡើយ៕
Categories:
ព័តមានជាតិ