កំពង់ឆ្នាំង ៖ លោកសង្ឃមួយអង្គគង់នៅវត្តបឹងខ្នារ ស្រុកសាមគ្គីមានជ័យ ត្រូវបានមន្ត្រីសង្ឃខេត្តចាប់ផ្សឹកកាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ នៅក្នុងវត្តអារញ្ញ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ព្រោះតែសង្ឃនោះបានថតកៀកកើយជាមួយស្រី និងមានពាក្យបណ្ដឹងពីនារីជានិស្សិតម្នាក់។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្ដិ៍បឹងខ្នារឆ្មា និងមន្ត្រីមន្ទីរធម្មការខេត្តបានឲ្យដឹងថា លោកសង្ឃអង្គនោះព្រះនាម អ៊ុំ យ៉ុង ព្រះជន្ម៥១ព្រះវស្សាគង់នៅវត្តបឹងខ្នា ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ។ លោកសង្ឃអង្គនេះត្រូវបានគេចាប់រូបថតមួយចំនួន ដែលលោកបានថតកៀកកើយជាមួយនារីជានិស្សិតម្នាក់ អាយុ២២ឆ្នាំរៀននៅសាកលវិទ្យាល័យក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយពីបែកការណ៍ និងមានភាពអាម៉ាស់រួចមក នារីជានិស្សិតដែលមានទីលំនៅក្នុងស្រុកទឹកផុស ក៏បានដាក់ពាក្យបណ្ដឹងមកការិយាល័យប្រឆាំងការជួញដូរមនុស្សស្នងការនគរបាលខេត្ត។ ព្រោះតែហេតុនេះហើយទើបនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ មន្ត្រីសង្ឃ និង ព្រះមេគណសាខេត្តបានកោះហៅលោក អ៊ុំ យ៉ុង មកសួរនិងដើម្បីផ្សឹកលោក ប៉ុន្តែទោះបីមានសាក្សីម្នាក់ជាអតីត ជាលោកនេន និងជាអ្នកដែលលោកអ៊ុំ យ៉ុង ប្រើឲ្យថតរូបលោកជាមួយនារីជានិស្សិតនោះ បានមកឆ្លើយបំភ្លឺទល់មុខលោក ក៏ដោយ ក៏លោក អ៊ុំ យ៉ុង នៅតែបដិសេធថាលោកមិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់ឡើយ ហើយយំននាលលើឥដ្ឋមិនព្រមឲ្យគេផ្សឹកលោកបានឡើយនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣នោះ។ ដោយមានសភាពតឹងតែងអស់រយៈពេលមួយព្រឹកនោះ ទើបនៅវេលាម៉ោង២រសៀលថ្ងៃដដែល សមត្ថកិច្ចក៏បានកោះហៅនារីជានិស្សិតជាដើមបណ្ដឹងមកទល់ជាមួយលោក អ៊ុំ យ៉ុង លុះពេលបដិសេធជាមួយដើមបណ្ដឹងមិនបាននៅម៉ោង៤ល្ងាចលោកអ៊ុំ យ៉ុង សុខចិត្តសឹកដោយខ្លួនឯង។ ក្រោយពេលសឹកលោកអ៊ុំ យ៉ុង ត្រូវបាននគរបាលនាំខ្លួនទៅស្នងការនគរបាលខេត្តធ្វើការសាកសួរ ហើយនៅល្ងាចថ្ងៃដដែលសមត្ថកិច្ចនគរបាលបានដោះលែងលោកវិញ ព្រោះតែរកមិនឃើញបទល្មើសដែលត្រូវចោទប្រកាន់។
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយនារីជានិស្សិតឈឺបានទៅរកលោកឲ្យស្រោចទឹក បន្ទាប់មកក៏រាប់អានជាមួយលោក ថ្ងៃមួយលោកបានចាប់បង្ខំនាងឲ្យថតរូបកៀកកើយជាមួយលោក ពេលបែកការណ៍នឹងឮសុះសាយដោយមានភាពអាម៉ាស់នាងក៏បានដាក់ពាក្យបណ្ដឹងតែម្ដង៕
Categories:
ព័តមានជាតិ