​ខេត្តស្ទឹងត្រែង​៖​ បុរស​ម្នាក់​និង​ស្ត្រី​ពីរ​នាក់​បាន​រង​របួសធ្ងន់​ ចំណែក​បុរស​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​ ខណៈ​ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ គ្រា​ដែល​ជន​រង​គ្រោះ​ទាំង​បី​នាក់​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​ នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​ បន្ទាប់​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​ពី​ការ​ជិះ​ម៉ូតូ​ជែង​ (​វ៉ា​)​គ្នា​មិន​ផុត​ ហើយ​ម៉ូតូ​និង​ម៉ូតូ​បាន​ប៉ះ​គ្នា​រួច​បោក​ដួល​ទៅ​លើ​ទ្រូង​ផ្លូវជាតិ​ ។​
​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​របួសធ្ងន់​ និង​ម្នាក់​ទៀត​បាត់​បង់ជីវិត​ខាងលើ​នេះ​ ត្រូវ​បាន​ គេ​រាយការណ៍​ថា​ កើតឡើង​នា​វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច​ ថ្ងៃ​សៅ​រ៏​ ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៣​ នៅ​លើ​ដង​ ផ្លូវជាតិ​លេខ​៧A​ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៣២​ ក្នុង​សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​ ។​
​ជន​រង​គ្រោះ​ទាំង​បី​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​ ១-​ឈ្មោះ​សុខ​ គិ​ន​ ភេទ​ប្រុស​ អាយុ​ ៤៧​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​ពារាំង​ ខេត្តព្រៃវែង​ បាន​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​,​ ២-​ឈ្មោះ​គិ​ន​ ប៉ុក​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ទ្រាំង​ ឃុំ​ជ្រៃ​ទ្រាំង​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ របួស​បាក់ដៃ​ស្តាំ​ ជន​រង​ គ្រោះ​ទាំង​ពីរ​នាក់​ត្រូវជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ ជិះ​ម៉ូតូ​វ៉េវ​ S​ ពណ៌​ខ្មៅ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ បច្ចុប្បន្ន​រស់នៅ​ក្នុង​ទី​ រួម​ស្រុក​សៀម​ប៉ា​ង​ និង​៣-​ឈ្មោះ​សំ​ អឿ​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​ ពណ៌​ទឹកប្រាក់​ ម្នាក់ឯង​ក្នុង​ទិស​ដៅ​ស្របគ្នា​ ។​
​សេចក្តីរាយការណ៍​ដដែល​បាន​បន្ត​ទៀត​ថា​ មូលហេតុ​ដែល​ផ្តើម​ឲ្យ​មាន​ករណី​នេះ​កើតឡើង​ គឺ​ដោយសារ​ ជន​រង​គ្រោះ​ទាំង​បី​នាក់​បាន​ជិះ​ម៉ូតូ​ជែង​គ្នា​មិន​ផុត​ រួច​ម៉ូតូ​និង​ម៉ូ​តួ​បាន​ប៉ះ​ដៃចង្កូត​គ្នា​ ហើយ​ក៏​បោក​ទៅ​លើ​ទ្រូ​វ​ផ្លូវ​ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ ចំណែក​មនុស្ស​បាន​រង​របួស​យ៉ាងដំណំ​ ។​
​នៅ​ក្រោយ​ហេតុការណ៍​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ ត្រូវ​បាន​គេ​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​ទីបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ត​ មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​ ហើយដោយ​សារ​របួស​ធ្ងន់ធ្ងរ​ពេក​ បុរស​ម្នាក់​ជិះ​ ម៉ូតូឌុប​គ្នា​ជាមួយ​ភរិយា​ក៏​បាន​បាត់បង់​ជីវិត​នៅ​លើ​រថយន្ត​នៅ​គ្រា​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​តែ​ម្ដង​ ។​
​បុរស​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ទី​រស់នៅ​ រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ ។​ ចំណែក​ជន​រង​គ្រោះ​នៅ​បន្ត​សម្រាក​ព្យាបាល​របួស​ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​៕

Recent Posts