ខេត្តកំពង់ស្ពឺ ៖ ឈើអារចំនួនពីរគោយន្ត ប្រមាណជិត៧ម៉ែត្រ ត្រូវបានកងរាជអាវុធហត្ថខេត្ត សហការជាមួយអាជ្ញាធរស្រុកថ្ពង ឃាត់ចាប់កាលពី វេលាម៉ោង៩យប់ថ្ងៃទី១ មីនា នៅចំណុចអូររទេះភ្លូក ឃុំអមលាំង ស្រុកថ្ពង រួចប្រគល់ឱ្យសង្កាត់រដ្ឋបាល ព្រៃឈើថ្ពងចាត់ការតាមច្បាប់ ។
លោកអនុសេនីយ៍ឯកទិត្យ វណ្ណៈ នាយការិយាល័យស្រាវជ្រាវ បង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ការចុះបង្ក្រាប ឈើអារនេះគឺអនុវត្តតាម បទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានដាក់ ចេញយ៉ាងម៉ឺងម៉ាត់ដល់ មូលដ្ឋានកងរាជអាវុធហត្ថស្នាក់ការសន្ដិសុខក្រុង ស្រុក ទូទាំងខេត្ត ត្រូវប្រឹងប្រែងយកអស់លទ្ធភាពដើម្បីទប់ស្កាត់បទល្មើសនានា និងសហការ បង្ក្រាបឱ្យទាន់ពេលវេលា ។ ជាក់ស្ដែងឈើអារ ដែលត្រូវបានឃាត់ចាប់ និងប្រគល់ឱ្យសង្កាត់ រដ្ឋបាលព្រៃឈើថ្ពងនា ពេលនោះមាន ចំនួន៦,៦ម៉ែត្រគូបជាប្រភេទ ឈើឃ្នាបសុទ្ធសាធ ដែលឈ្មួញដឹកចេញពីភូមិចាន់ពីង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ឆ្ពោះទៅកាន់ ស្រុកថ្ពងដើម្បីលក់បន្ត ។ លុះនៅព្រឹកថ្ងៃទី២ មីនា វេលាម៉ោង១១ និង៥០នាទី ស្រាប់តែម្ចាស់ឈើបាននាំបក្សពួកប្រមាណ៣០នាក់ មកព័ទ្ធស្នាក់ការរដ្ឋបាលព្រៃឈើថ្ពងដោយនៅនឹងដៃពួកគេកាន់សុទ្ធតែកាំបិត និងពូថៅបានសម្រុកចូលយកគោយន្តទាំង២គ្រឿងទៅបាត់ ។
លោកទិត្យ វណ្ណៈ បានឱ្យដឹងថា រឿងមានអ្នកមករំដោះឈើជារឿងខាងរដ្ឋបាលព្រៃឈើព្រោះខាងកងរាជអាវុធហត្ថបានប្រគល់ឱ្យតាមនីតិវិធីរួចហើយ និយាយរួមរឿងនេះគឺខាងសង្កាត់រដ្ឋបាលព្រៃឈើថ្ពងជាអ្នកទទួលខុសត្រូវ ។ ចំណែកលោកប៉ែន ទី នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្ពងថ្លែងថា វាពិតជាពិបាកខ្លាំងណាស់ព្រោះបើតាមដឹងឈើដែលបានចាប់នេះគឺលោកកក្កដា(ហៅរីម)មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកថ្ពងជាអ្នករត់ការ បើមានខាងខេត្តចុះមកបង្រ្កាបហើយប្រគល់ឱ្យជំនាញក៏ខាងលោកពិបាកធ្វើការដែរ ។ លោកនាយរងបន្តថា ពេលដែលម្ចាស់ឈើនាំគ្នាមករំដោះយកគោយន្តនោះគឺខាងលោកកំពុងវាស់មុខឈើដោយមិនទាន់បានសួរនាំសាវតារម្ចាស់ឈើនៅឡើយ ។រឿងនេះគឺមានតែលោករីមម្នាក់ប៉ុណ្ណោះជាអ្នកដឹងថា ឈើនោះមានម្ចាស់ជាអ្នកណា រស់នៅឯណា ព្រោះពេលគេទាក់ទងគ្នាគឺគេស្គាល់គ្នារួចជាស្រេចហើយទើបប្រគល់លុយឱ្យរត់ការ ។
មានការលើកឡើងថា បើខាងជំនាញយកចិត្តទុកដាក់ស្រាវជ្រាវរកមុខអ្នកមករំដោះយកគោយន្តដឹកឈើនោះមិនជាការពិបាកទេ ព្រោះអ្នកទាំងនោះសុទ្ធសឹងជាអ្នកដែលរកស៊ីដឹកឈើនៅតាមបណ្តោយផ្លូវលេខ៥២នោះជាប្រចាំ ។ លោករីមនេះ បើតាមដឹងកាលពីកាសែតចុះផ្សាយរឿងគាត់កាងឈើកាលពីពេលថ្មីៗកន្លងទៅត្រូវបានមេបញ្ជាការហៅឱ្យធ្វើកិច្ចសន្យាបញ្ឈប់ម្តងហើយតែនៅតែមិនរាងចាលបន្តកាងឈើទៀត ។
ផ្ទុយទៅវិញលោកកក្កដា ហៅរីមបានបដិសេធតាមទូរស័ព្ទថា លោកមិនមានពាក់ព័ន្ធនឹងរឿងនេះទេ ហើយពេលនេះលោកកំពុងនៅឯខេត្ត(២ មីនា ២០១៣) រួចក៏បិទទូរស័ព្ទតែម្តងដោយមិនមានការបំភ្លឺបែបណាជុំវិញការចោទប្រកាន់ខាងលើនោះឡើយ ៕

Recent Posts