ភ្នំពេញៈ រថយន្ដ ISUZU D-MAX សេរីឆ្នាំ២០១៣ បានរំលេចរូបរាងដ៏ស្រស់ស្អាត នៅក្នុងពិធីតាំងពិព័រណ៍ រថយន្ដខ្នាតអន្ដរជាតិ ជាលើកដំបូង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលត្រូវបានរៀបចំឡើង ដោយសហព័ន្ធឧស្សាហកម្ម យានយន្ដកម្ពុជា (CAIF) ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣។
រថយន្ដ ISUZUD-MAX ស៊េរីថ្មី ជារថយន្តដែលមានលក្ខណៈ ធំទូលាយ ខ្ពស់ជាងមុន បំពាក់ដោយបច្ចេកវិទ្យា របស់ប្រទេសជប៉ុន ទំនើបទាន់សម័យ ឈានមុខគេចុងក្រោយបំផុត មានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ប្រព័ន្ធភ្លើងបំពាក់ល្អឥតខ្ចោះ និងស្រស់ស្អាត និងមានគ្រឿងបំពាក់ជាច្រើនទៀត។ ប្រព័ន្ធភ្លើងមុខជា Projector ប្រភេទថ្មី មើលឃើញច្បាស់បានឆ្ងាយ ហើយស្ដុបក្រោយភ្លឺរលោង បំពាក់ដោយប្រព័ន្ធភ្លើង LED និងមានសោរតេឡេ បញ្ជាបិទបើកដោយស្វ័យប្រវត្ដិ។
ផ្នែកខាងក្នុងរបស់ ISUZU D-MAX មានភាពធំទូលាយ បំពាក់ដោយកៅអី ស្បែកអូតូ យ៉ាងល្អប្រណីត មានគ្រឿងបរិក្ខាទំនើប ជួយផ្ដល់ផាសុកភាព កាន់តែល្អប្រសើរ។ ប្រព័ន្ធភ្លើងកុងទ័រអូតូ ពោលគឺប្រែប្រួលតាមពន្លឺថ្ងៃ នៅលើដៃចង្កូតមានប៊ូតុង បញ្ជាសំឡេង អាចបញ្ជាឧបករណ៍បំពងសំឡេង ចំនួន៦គ្រាប់ និងអាចភ្ជាប់ប្រព័ន្ធ Bluetooth និងប្រព័ន្ធ USB យ៉ាងទំនើប ជាមួយនឹងការបំពាក់ពោងសុវត្ថិភាព ចំនួន ២មានប្រព័ន្ធ ហ្វ្រាំង ABS, EBD ប្រព័ន្ធហ្វ្រាំងជំនួយ Brake Assist ។
តំណាងផ្នែកលក់ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលជាអ្នកនាំចូលរថយន្ត ISUZU នៅកម្ពុជាបានឱ្យដឹងថា ភាពធន់រឹងមាំរបស់ ISUZU D-MAX ត្រូវបានគេធ្វើពិសោធន៍ នៅក្នុងមន្ទីរពិសោធន៍មួយ ដែលរៀបចំឡើង មានលក្ខខណ្ឌអាកាសធាតុ និងបរិស្ថានស្រដៀងគ្នា ទៅនឹងប្រទេសជាង១២០ លើពិភពលោក ហើយរថយន្ដនេះ ក៏ត្រូវបានអ្នកជំនាញ ធ្វើពិសោធន៍ដោយបើកបរផ្ទាល់ នៅលើគ្រប់ស្ថានភាពផ្លូវ ដែលល្អៗ និងលំបាកៗ ព្រម ទាំងប្រើប្រាស់ ដោយមិនសំចៃដៃ ដែលគិតជារយៈចំងាយ នៃការធ្វើពិសោធន៍ សរុបគឺជាង ៤លានគីឡូម៉ែត្រ ពោលគឺស្មើនឹង ១០០ជុំនៃពិភពលោក។ អតិថិជនអ្នកប្រើប្រាស់ បានចាត់ទុករថយន្ដ ISUZU D-MAX មានលំនឹងល្អឥតខ្ចោះ ក្នុងពេលបើកបរមិនថា ផ្លូវកោងផ្លូវចុះឬឡើង ចំណោតផ្លូវរលាក់ រអិលយ៉ាងណាក៏ដោយ ជាពិសេសគឺវាធន់រឹងមាំប្រើបានយូរ និងសន្សំសំចៃប្រេងបានច្រើនបំផុត បើប្រៀបធៀបនឹងរថយន្ដ Pick Up ដ៏ទៃទៀត ៕
Categories:
ព័តមានជាតិ