បាត់ដំបង: ផ្ទះថ្ម​ក្រោម​ឈើ​លើ​ទំហំ​៨​ម៉ែត្រ​គុណ​៦​ម៉ែត្រ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង ដែល​បង្កឡើង​ដោយ​ទុស្សេ​ខ្សែភ្លើង​ពី​បន្ទប់​ខាងលើ​ឆេះ​រាល​ដល់​ខាងក្រោម កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្រុមទី​១១ ភូមិ​សូ​ភី​មួយ សង្កាត់​រតនៈ ក្រុង​-​ខេត្តបាត់ដំបង​។​
​ការឆេះ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​២៥០០០​ដុល្លារ ប៉ុន្តែ​គ្មាន​មនុស្ស​រងរបួស ឬ​ស្លាប់​ទេ​។​
​ឡានទឹក​ពន្លត់អគ្គីភ័យ​ខេត្តបាត់ដំបង​ចំនួន​បី​គ្រឿង បានមក​សង្គ្រោះ​ទាន់ពេលវេលា​ដែរ ប៉ុន្តែ​មិនអាច​ចូលទៅ​បាញ់​ទឹក​ពន្លត់ភ្លើង​បាន ព្រោះ​ផ្លូវ​ចូល​តូចចង្អៀត​ពី​ខាងមុខ​មិនអាច​ចូល​ចុះ តែ​ខាងក្នុង​ធំ​ទូលាយ​។​
​    ​
​លោក​សេ ឌី អនុប្រធាន​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​រតនៈ បាន​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​ដែល​ឆេះ​ទាំងស្រុង​នេះ ម្ចាស់​ឈ្មោះ​ទុយ សាមឿន អាយុ​៤០​ឆ្នាំ (​ប្ដី​) និង​ប្រពន្ធ​ឈ្មោះ​កែវ សុភាព អាយុ​៣២​ឆ្នាំ មានកូន​ស្រី​តូច​អាយុ​៨​ឆ្នាំ​ម្នាក់​។ លោក​បាន​បន្តថា ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ​កម្លាំង​បានទទួល​ព័ត៌មាន​នៅវេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែមីនា ហើយ​កម្លាំង​បាន​រាយការណ៍​ស្នើសុំ​ឡានទឹក​ពន្លត់អគ្គីភ័យ​នគរបាល​ខេត្តបាត់ដំបង ចំនួន​បី​គ្រឿង ចុះជួយ​សង្គ្រោះ​ភ្លាមៗ​ទាន់ពេលវេលា ប៉ុន្តែ​ផ្លូវ​ចូល​នៅខាងមុខ​តូចចង្អៀត ឡានទឹក​ពន្លត់អគ្គីភ័យ​មិនអាច​ចូលទៅ​ដល់ផ្ទះ​ឆេះ ហើយ​ទម្រាំ​ត​ទុយ​យោ​ទៅដល់​ផ្ទះ​ប្រមាណ​៥០០​ទៅ​៦០០​ម៉ែត្រ បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​ពេញទំហឹង​អស់​តែម្ដង​។ កម្លាំង​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​មាន​ទាំង​ប៉ូលិស ប៉េអឹម និង​ប្រជា​ការពារ​ជាច្រើន​នាក់ ខ្លះ​ដងទឹក​ពាង​ជួយ​ពន្លត់ភ្លើង ដើម្បី​ជួយ​ទប់ស្កាត់​ភ្លើង​មិន​ឲ្យ​រាលដាល​ទៅ​ឆេះ​ផ្ទះ​អ្នកជិតខាង​បន្តទៀត​។​
​    ​
​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ បាន​និយាយប្រាប់​ប៉ូលិស​ថា ដំបូង គឺ​ធុំ​ឆ្ងៀ​ម​ក្នុងផ្ទះ ពួកគាត់​បាន​ដើររក​មើលឃើញ​ភ្លើង​ទុស្សេ​ចេញពី​ខ្សែភ្លើង ចេញពី​បន្ទប់​ខាងលើ​ពេញទំហឹង ហើយ​បាននាំគ្នា​រត់ចេញ​មក​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ ដោយ​ភ្លេច​កូនស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ នៅ​ដេក​ក្នុង​បន្ទប់​ខាងក្រោម ហើយ​បាន​អ្នកជិតខាង​ជួយ​យក​ចេញមក​ខាងក្រៅ​ផ្ទះ​។ ពេល​ដឹង​ឃើញ​ភ្លើង​ឆាបឆេះ​ពេញ​បន្ទប់​ខាងលើ​ទៅហើយ គាត់​ភ័យ​ស្លន់ស្លោរ​គ្មាន​បាន​យក​អ្វី​ទាំងអស់ រត់ចេញ​មក​តែ​ខ្លួន​ប៉ុណ្ណោះ​។​
​    ​
​លោក​សេ ឌី បាន​និយាយថា ក្រោយ​ហេតុ​ភ្លើង​ឆេះ​នេះ​ក្រុមការងារ និង​លោក​ចៅសង្កាត់​រតនៈ និង​ហៅ​បងប្អូន​ដែល​ធ្វើ​របង​ផ្ទះ​នៅខាងមុខ​រួម​តូច ដែល​សូម្បីតែ​ឡានតូច​ក៏​ចូលមក​មិន​រួច​ផង ដូច​ផ្លូវ​រទេះ​ប្រមាណ​ជា​៤​ទៅ​៥​ផ្ទះ ប៉ុន្តែ​មក​ខាងក្នុង​ផ្លូវធំ​ល្មម​ប្រមាណ​ជាង​៧​ម៉ែត្រ ឡានទឹក ឬ​ឡាន​អ្វី​ចេញចូល​បាន​។ លោក​បាន​អំពាវនាវ​សុំ​ឲ្យ​បងប្អូន​ត្រូវ​ចេះ​យោគយល់​បង្កលក្ខណៈ​រើ​របង​ធ្វើ​ផ្លូវចេញចូល សម្រាប់​មាន​គ្រោះអាសន្ន​អគ្គីភ័យ​កើតឡើង អាច​ឡានទឹក​តូចធំ ចូល​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​៕

ប្រភព CEN

Recent Posts