គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កំពុងក្លាយជាបិសាចមួយដ៏សាហាវយង់ឃ្នងជាទីបំផុត ដែលបានឆក់យកអាយុជីវិតជនកម្ពុជាជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់៥ នាក់ក្នុងមួយថ្ងៃ និងរងរបួសជាច្រើននាក់ទៀតដែល៩០ភាគរយនៃគ្រោះថ្នាក់ទាំងនោះ កើតឡើងចំពោះអ្នកបើកបរម៉ូតូ និងរថយន្ត។ ទន្ទឹមនឹងនេះ គ្រោះកាចនេះ កម្ពុជាបានក្លាយទៅជាប្រទេសដែលប្រកាន់យកវប្បធម៌និទ្ទណ្ឌភាព បន្ទាប់ពីបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស ពោលគឺរត់គេចយករួចខ្លួនតែម្តង និងផ្តល់ប្រាក់សំណងជាក្រោយ ដល់ជនរងគ្រោះ ឬគ្រួសារជនរងគ្រោះ ព្រមទាំងមិនបានជាប់ពន្ធនាគារដូចការកំណត់នៃច្បាប់នោះឡើយ។ និទ្ទណ្ឌភាពនេះហើយ ដែលជាមូលហេតុធ្វើឲ្យអ្នកបើកបរជាឃាតកទាំងឡាយ មិនញញើតនឹងប្រថុយចំពោះការបង្កគ្រោះថ្នាក់ដល់គេឯង និងមិនមានការរាងចាល។
យើងម្នាក់ៗ មិនគួរយកផ្លូវសាធារណៈធ្វើជាទីពិឃាតជីវិតមនុស្ស ឬជាទីលានសាកល្បងក្នុងការហ្វឹកហាត់ការបើកបររបស់ខ្លួននោះទេ។ ការចេះបើកបរដោយស្ទាក់ស្ទើរ ការបន្តប្រើប្រាស់រថយន្តគ្មានគុណភាព និងការបើកបរដោយស្មារតីមិនប្រក្រតី (ស្រវឹង ឬឡប់សតិ) អាចបណ្តាលឲ្យអ្នកដទៃទទួលរងគ្រោះថ្នាក់ និងបាត់បង់ជីវិត គួរឲ្យអាណោចអាធ័មជាទីបំផុត។
ជាក់ស្តែងថ្មីៗនេះ មាននិសិ្សតស្រី ទំនើងម្នាក់ ដែលឪពុកម្តាយអះអាងថា មានសតិមិនប្រក្រតី (ដុះសាច់ក្នុងខួរក្បាល)និងជាឃាតកមុខស្រស់រូបនេះ បានបើករថយន្តបុករះគេឯង ដែលបណ្តាលឲ្យកុមារតូច ៣ នាក់ស្លាប់នៅនឹងកន្លែង និង១២ នាក់ទៀតរងរបួសធ្ងន់ស្រាល នៅមុខក្រសួងមហាផ្ទៃ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ដោយអចេតនា ដល់អ្នកដំណើរម្តងរួចហើយ នៅក្បែរវិមានឯករាជ្យ និសិ្សតរូបនេះ មិនបានឈប់រថយន្តរបស់ខ្លួននោះទេ ប៉ុន្តែបានបន្តដំណើរគេចពីការទទួលខុសត្រូវផ្លូវច្បាប់ រហូតដល់បង្កដោយចេតនាឲ្យមានសោកនាដកម្មបែបនេះកើតឡើង។
យោងតាម ដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដោយលោកចៅក្រមស៊ើបសួរ អ៊ី ឋាវរៈ បានឲ្យដឹងថា កញ្ញា គាមពិសិដ្ឋ ណារីតា អាយុ ២៣ ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦នៃសាកលវិទ្យាល័យសុខាភិបាល ត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌល «ម២»។ នៅក្នុងដីកានេះ បានបញ្ជាក់ថា «ជននេះ ត្រូវដាក់ឲ្យនៅក្រោមការត្រួតពិនិត្យពីបទបើកបរ បង្កឲ្យមានរបួសអ្នកដទៃ ដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា នៅលើមហាវិថីព្រះនរោត្តម កែងផ្លូវលេខ ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨០ និង៨២នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។ ដូច្នេះបទចោទប្រកាន់ដាក់បន្ទុក លើនិសិ្សតរូបនេះ ហាក់រំលេចនូវការបន្ធូរបន្ថយស្ថានភាពទោសពីចេតនា ទៅអចេតនាទាំងអស់ និងយោងតាមមាត្រាច្បាប់ចរាចរណ៍ផ្លូវគោក។
ប៉ុន្តែ មានមនុស្សជាច្រើន បានចោទជាសំណួរថា តើដំណាក់កាលបង្កគ្រោះថ្នាក់ជាលើកទី២ ជាអចេតនាដែរឬ? តើការបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ក្នុងពេលបើកបរ មិនមែនជាបទឧក្រិដ្ឋដែលតម្រូវឲ្យជាប់ពន្ធនាគារពី ១៥ ទៅ ២០ ឆ្នាំ ឬលើសពីនេះទេឬ?ជិះរថយន្តបុកសម្លាប់កុមារ ដល់ទៅ ៣ នាក់ និងរបួសមនុស្សដល់ទៅ ១២នាក់ ត្រូវជាប់ពន្ធនាគារតែ ២ ឬ៣ ឆ្នាំមែនដែរឬ? ការចេញមុខអះអាងរបស់ឪពុក ម្តាយថា កូនរូបនេះ ជាមនុស្សមានសតិមិនប្រក្រតី (ដុះសាច់ក្នុងខួរក្បាល) អាចបញ្ជាក់អំពីកំហុសឆ្គងយ៉ាងធ្ងន់ធ្ងររបស់ឪពុក ម្តាយក្នុងការសមគំនិតទិញរថយន្តឲ្យកូនឡប់សតិបើកបរបុកសម្លាប់គេ ឯង ចំណែកសាកលវិទ្យាល័យ ដែលអនុញ្ញាតឲ្យសិស្សឡប់សតិនេះរៀនសូត្ររហូតដល់ឆ្នាំទី ៦ ត្រូវចូលរួមទទួលខុសត្រូវដែរឬទេ រីឯស្ថាប័នរដ្ឋ ដែលបានផ្តល់ប័ណ្ណបើកបរដល់មនុស្សឡប់សតិរូបនេះ មានកំហុសដែរឬទេ?
តាមការសង្កេតជាក់ស្តែង គ្រោះថ្នាក់ចរាចរណ៍មួយចំនួនធំកើតឡើងដោយសារការសេពសុរា ដោយការចេះបើកបរស្ទាក់ស្ទើរ និងមួយចំនួនទៀត បង្កឡើងដោយរថយន្តដឹកដី ថ្ម ខ្សាច់ ក្រួស រថយន្តដឹកសំរាម ឬដឹកទំនិញសំពីងសំពោងផ្សេងៗទៀត ដែលអ្នកបើកបរច្រើនតែមានអត្តចរិតព្រហើន គ្មានគុណធម៌ និងមិនមានការអធ្យាស្រ័យដល់អ្នកបើកបរដទៃ ជាពិសេសដល់អ្នកបើកបរម៉ូតូនៅលើដងផ្លូវ។ ម្យ៉ាងទៀត រថយន្តទាំងនោះ សុទ្ធតែចាស់ទ្រុឌទ្រោមទៅហើយ និងមិនមានការត្រួតពិនិត្យបច្ចេកទេសគ្រឿងម៉ាស៊ីននោះឡើយ។
ដើម្បី បញ្ចៀសគ្រោះថ្នាក់នេះបាន ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយស្ថាប័ននគរបាលចរាចរ មេត្តាចាត់វិធានការឲ្យមានប្រសិទ្ធភាពបញ្ឈប់ជាបន្ទាន់កុំឲ្យមាន ការប្រើប្រាស់ រថយន្តគ្មានគុណភាពទាំងនោះ ឬហាមកុំឲ្យធ្វើចរាចរណ៍លើដងផ្លូវសាធារណៈតែម្តង។ ជាមួយគ្នានេះដែរ មិនត្រូវធូររលុង ចេញប័ណ្ណបើកបរឱ្យអ្នកបើកបរដែលមានជំងឺឡប់សតិ ស្មារតីមិននឹងនរ ឬកាយសម្បទា មិនប្រក្រតី មិនត្រូវផ្តល់ប័ណ្ណបើកបរដល់អ្នកបើកបរមួយចំនួន ដែលពុំបានឆ្លងកាត់សាលាបើកបរត្រឹមត្រូវ និងមិនបានរៀនសូត្រច្បាស់លាស់ពីច្បាប់ចរាចរណ៍ផ្លូវគោកឡើយ។
ដើម្បី ចូលរួមលុបបំបាត់និទ្ទណ្ឌភាពនៃជនបង្កគ្រោះថ្នាក់ចរាចរណ៍ មន្ដ្រីអនុវត្ដច្បាប់ចរាចរណ៍គួរតែរឹតបន្ដឹង ទៅលើអ្នកបើកបរទាំងអស់ ដែលមិនគោរពច្បាប់ចរាចរណ៍ តាមរយៈការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ និងបង្កើនការផាកពិន័យឱ្យបានទ្វេដងដើម្បីជាប្រយោជន៍កាត់បន្ថយ កំណើនគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យព្រួយបារម្ភទាំងនេះ៕
![]() |
គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយរថយន្ត នៅតាមដងផ្លូវមួយ ក្នុងរាជធានីភ្នំពេញ កាលពីចុងខែមុន |
Categories:
ព័តមានជាតិ