ភ្នំពេញៈ តុលាការ​សាលា​ឧទ្ធរណ៍ កំពុងបើក​សវនាការ ជំនុំ​ជម្រះ​លើ​ករណី​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ រួម​ជា​មួយ​នឹង​អ្នកភូមិ​ជាប់​ចោទ​ផ្សេង​ទៀត នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៣​។
នៅក្នុង​សវនាការ​នេះ សកម្មជន​សិទ្ធិ​មនុស្ស អង្គការ​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​ក៏​មាន​តំណាង​អង្គទូត​នៃ​ប្រទេស​នានា​ផងដែរ​ បាន​ចូល​រួម​សង្កេត​ការណ៍​សវនាការ​នេះ​ផង​ដែរ។ រីឯ​នៅ​ខាង​ក្រៅ​សាលា​ឧទ្ទរណ៍​វិញ ក្រុម​អ្នកគាំ​ទ្រ​លោក ម៉ម សូណង់ដូ ប្រមាណ​ជាង ២០០​នាក់ បាន​លើក​បដា និង​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ។
លោក ម៉ម សូណង់ដូ អាយុ ៧១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១២ តាមរយៈ​បណ្តឹង​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យមាន​ការបង្កើត​តំបន់​អបគម​ន៍​ ក្នុង​ភូមិប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ និងត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០ លាន​រៀល ពី​បទ​ជាប់ពន្ធ​ពាក់​នឹង​ការបង្កើត​តំបន់អបគមន៍ ប្រឆាំង​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១២ ។
ទោះជាយ៉ាងណាក្តី សហគមន៍​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​ក្រុម​អ្នកគាំទ្រ​រូបលោក បាន​ច្រានចោល​ការចោទប្រកាន់ ហើយ​ចាត់ទុកថា ជា​រឿង​នយោបាយ និង​ទាមទារ​ឲ្យមាន​ការដោះលែង​លោក​ម៉ម​សូណង់ដូ ឲ្យមាន​សេរីភាព​ឡើងវិញ។

សូមរង់ចាំអានព័ត៌មានបន្តទៀត

Recent Posts