រថយន្ត​ទំនើបៗ​ជា​ច្រើន​គ្រឿង មក​ពី​ក្រុមហ៊ុន​ផលិត​រថយន្តផ្សេងៗ​គ្នា បាន​ឈរ​បង្អួត​រាង​យ៉ាង​សង្ហារ​​​នៅ​ក្នុង​ឱកាស​តាំង​ពិព័រណ៍​រថយន្ត​ខ្នាត​អន្តរជាតិ​ Phnom Penh International Motor Show លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ​ព្រឹក​មិញ​​នេះ។
ការ​តាំង​ពិព័រណ៍​នេះ​​ រៀបចំ​ឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម សហការ​ជាមួយ​សមាគម​ឧស្សាហកម្ម​យាន​​យន្ត​កម្ពុជា(Cambodia Automotive Industry Federation ឬ CAIF) និង​​ក្រុម​ហ៊ុន​ឯកជន​នានា។
លោក Rami Sharaf ប្រធាន​សមាគម​​ឧស្សាហកម្ម​​​យាន​យន្ត​កម្ពុជា​​បាន​ថ្លែង​ថា ការ​តាំង​ពិព័រណ៍​រថយន្ត​នេះ ជាការ​បង្ហាញ​ពី​ការ​វិឌ្ឍ​​​​រីក​ចម្រើន​ផ្នែក​ឧស្សាហកម្ម​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​​រំពឹង​ថា​ ពិព័រណ៍​នេះ​នឹង​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​ជា​ច្រើន​បន្ថែម​ទៀត ងាក​មក​ចាប់​អារម្មណ៍​​​ការ​អភិវឌ្ឍ​ផ្នែក​រថយន្ត​នៅ​​ប្រទេស​កម្ពុជានៅ​ពេល​ខាង​មុខ។ លោក​បន្ថែមថា កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​រថយន្ត​​ខ្នាត​អន្តរជាតិ​​​ដ៏​ធំ​បែបនេះ នៅ​លើក​ក្រោយៗ​​ទៀត។
ការ​តាំង​ពិព័រណ៍​​រថយន្ត​កម្ពុជា​លើក​ទី​មួយ​ ​មាន​​រយៈ​ពេល​ ៣ ថ្ងៃ គឺ​​ចាប់​ពី​ថ្ងៃទី​ ១៥​នេះ​ រហូត​ដល់ថ្ងៃ​ទី​ ១៧ មីនា នៅ​ទីក្រុងកោះពេជ្រ ដោយ​​មាន​រថយន្ត​ប្រហែល​​​ ៤០​ គ្រឿង​ មក​​ពី​​​ក្រុម​ហ៊ុន​​ចំនួន​ ១០ ចូល​​រួម​​ពិព័រណ៍។ ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍ ​អាច​ទៅ​ទស្សនា​ពិព័រណ៍​នេះដោយ​ឥត​គិត​ថ្លៃ​។ ​
អត្ថបទ៖ តុង

Recent Posts