ក្រុងប៉ោយប៉ែត៖ ស្រ្តី​ម្នាក់​ បត់​ម៉ូតូ​ឆ្លង​ថ្នល់​ក្នុង​ទី​ប្រជុំជន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​បុក​រថយន្ត​កាមរី ដែល​គេ​ចត ចោល​បណ្តាល​ឲ្យ​ម៉ូតូ​ដួល ចំណែក​មនុស្ស​ខ្ទាត​ចូល​រថយន្ត​សណ្ដោង​របស់​ថៃ កិន​បែក​ក្បាល​បែកក្បាល ធ្លាយខួរ ស្លាប់​នៅ​នឹងកន្លែង យ៉ាងអាណោអាធ័ម…។
ហេតុការណ៍នេះ បានកើតឡើង​កាលពីវេលាម៉ោង ៥និង ២០នាទី​ល្ងាចថ្ងៃទី ១៩មីនាឆ្នាំ២០១៣ នៅលើ កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់ផ្លូវ​បំបែកចូលផ្សារអគ្គៈថ្មី ស្ថិតនៅ​ភូមិ​ក្បាលកោះ​ សង្កាត់-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ជា បុប្ផា អាយុ​ជាង ៣០ឆ្នាំ ជាក្រមុំចាស់ និងជាអាជីវករលក់ឥវ៉ាន់ឲ្យគេ នៅផ្សារ(រោងក្លឿ) នៃប្រទេសថៃ និងមានទីលំនៅ​ភូមិគីឡូម៉ែត្រ​លេខ៤ សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បើកបរម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-1233 ។ ចំណែករថយន្ត​បង្កហេតុ ជាប្រភេទ​រថយន្ត​សណ្ដោង ម៉ាក​អ៊ីស្សុយស៊ុយ ចង្កូតស្ដាំ ពាក់ស្លាកលេខ70-០393 ស្រះកែវ បើកបរដោយជនជាតិថៃ។
ប្រភពព័ត៌មានប្រាប់ឲ្យដឹងថា មុនដំបូង គាត់​ម៉ូតូបើកពីទិស កើតឆ្ពោះទៅលិច ស្រាប់តែភ្លាមនោះ ម៉ូតូបត់ទៅខាងឆ្វេងដៃ​ទៅបុកនឹងរថយន្តកាមរីមួយគ្រឿងពណ៌​ស ដែលចតនៅកន្លែងកើតហេតុ បណ្តាលម៉ូតូដួល និងបានខ្ទាត​ចូលរថយន្តសណ្ដោងម៉ាកអ៊ីស្សុយស៊ុយ បុកចំខាងមុខរថយន្ត ។ចំណែកមនុស្ស ផ្លោងចូលកង់រថយន្ត​ខាងក្រោយ​ជនរងគ្រោះចូលទៅខាងក្រោមកង់ កិនបែកក្បាលចេញខួរស្លាប់នៅនឹងកន្លែងតែម្តង។
ភ្លាមៗនោះ គេឃើញលោកសៅ សារឿន នាយផ្នែកនគរបាល​ចរាចរណ៍ ព្រមទាំងកម្លាំង​សមត្ថកិច្ច​​ចរាចរណ៍​ប្រចាំក្រុង​ប៉ោយប៉ែត ចុះមកវាស់វែង​កន្លែង​កើតហេតុ និង​ឃាត់​ខ្លួនអ្នកបើក​បរ​រថយន្តបង្ក​ហេតុភ្លាមៗ ដើម្បីធ្វើ​ការ​សួរនាំ នៅអធិការក្រុង​ប៉ោយ​ប៉ែត។
គួរបញ្ជាក់ផងដែរថា រថយន្តកាមរី ខណៈពេលដែលសមត្ថកិច្ចមិនទាន់ចុះទៅដល់កន្លែងកើតហេតុ ក៏បានដាក់មេប្រូចបាត់ស្រមោលតែម្តង។
ប្រជាពលរដ្ឋ ជាច្រើនបានរិះគន់ថា នៅចំណុចកើតហេតុនេះ ឧស្សាហ៍មានគ្រោះថ្នាក់ជាញឹកញាប់មកហើយ ព្រោះតែកន្លែងនោះជាទីប្រជុំជន​ដែលមានផ្លូនបត់​ចេញ​ចូលផ្សារអគ្គៈផង។ ម៉្យាងទៀត ត្រូវបានក្រុមអ្នករត់តាក់ស៊ីឆ្វែលរថយន្ត​ និងចតគ្មានសណ្តាប់ធ្នាប់​ខ្លះរត់ដេញចាប់ម៉ូយ​យ៉ាង​អនាធិបតេយ្យ​យ៉ាងដុះស្លែ ក្លាយទៅ​ជា​កន្លែង​បេនជជុះ ទើបបានជាចំណុចម្តុំនោះ ឧស្សាហ៍គ្រោះថ្នាក់បំផុត៕

Recent Posts