តារា​ចម្រៀង​លឹប​ល​របស់សាន់ដេ កញ្ញាផាន់ ម៉ូនីកា ដែល​កំពុង​ជោគជ័យ​លើ​មុខជំនួញនោះ បាន​បង្ហើប​ប្រាប់​នា​ពេល​ថ្មីៗ​នេះ ថា នាង​កំពុង​ពិសោធ​ស្នេហ៍​ជាមួយ​បុរស អ្នក​ជំនួញ​ម្នាក់ ដែល​នឹង​ត្រៀម​ចូល​រោង​ការ នា​ពេល​ឆាប់ៗ​នេះ...។
កញ្ញាផាន់ ម៉ូនីកា បានប្រឡូកក្នុង​ពិភពចម្រៀង ជាង កន្លះទសវត្សរ៍​មកហើយ ដោយចាប់ផ្តើមមាន​ឈ្មោះ​បោះសំឡេង តាមរយៈ​បទចម្រៀងមួយចំនួន នៅសាន់ដេ ដូចជាបទ “រំចង់ស្រែប្រែខ្លួន”, “លើក​ស្នេហ៍ជូនបង”...។ ប៉ុន្តែ អាជីពចម្រៀង របស់នាងហាក់​លឹបលដូច​អំពិលអំពែក ដោយសារ​នាងបាន ផ្តោតលើមុខជំនួញ​ច្រើនជាង។
ផាន់ ម៉ូនីកា បានបោះទុនលើការរកស៊ី អស់ជាច្រើនម៉ឺនដុល្លារ ទាំងការបើកហាងលក់សម្លៀកបំពាក់ និងហាងស៊ុប នៅកោះពេជ្រ “កាកា ស៊ូគី” ដែលហាងស៊ុប នោះ នាងបានប្រើខ្ទង់ចំណាយជិត៣០ម៉ឺនដុល្លារ ដោយចូលហ៊ុន៥០% ម្នាក់ ជាមួយតារាសម្តែង លោករ៉ាយុទ្ធ។ ដោយសារតែការចាយ​ពេលទៅលើមុខជំនួញ​ស្ទើរទាំង​ស្រុងនោះ ម៉ូនីកា មិនសូវបង្ហាញវត្តមានតាមឆាកតន្ត្រី ដែលធ្វើឱ្យទស្សនិកជនស្ទើរតែភ្លេចមុខនាងបាត់ ហើយបទចម្រៀងរបស់នាង ២-៣ខែ ទើបមានចេញ១-២បទ​ប៉ុណ្ណោះ។
បន្ទាប់ពីការអវត្តមានពីឆាកតន្ត្រី ជាច្រើនសប្តាហ៍កន្លងមក ស្រាប់តែនៅថ្ងៃទី២៣ កុម្ភៈ កន្លងទៅនេះ ម៉ូនីកា បានឡើងច្រៀងផ្សព្វផ្សាយបទថ្មីរបស់នាង ចំនួន២បទ នៅក្នុង​កម្មវិធី “រាត្រីកម្សាន្ត” របស់ CTN  មានបទ “អស់សិទ្ធិ ទើបសុំបែក” និងបទ “ស្មានតែជាប្រុស”។ ម៉ូនីកា ហាក់ឡើងទម្ងន់ បែកសាច់ស្រស់ទ្រលុកទ្រលន់ជាងមុន ប៉ុន្តែ ទឹកដមសំឡេងរបស់នាង ហាក់ពុំមានការប្រែប្រួលទេ ពោលគឺនៅតែពីរោះក្រអួនដូចមុន។
ម៉ូនីកា បានប្រាប់ថា នាងមិនសូវមានពេលលេងសិល្បៈ ព្រោះជាប់រវល់គ្រប់គ្រងមុខជំនួញ ទាំងហាង- លក់សម្លៀកបំពាក់ និងហាង “កាកា ស៊ូគី” ហើយនាងតែង តែ​ចេញចូលក្រៅប្រទេស ជាញឹកញាប់ ដូចជា ប្រទេសថៃ និងសាំងហ្គាពួរ ជាដើម។ ថៅកែស្រីហាងស៊ុប រូបនេះ និយាយថា “ខ្ញុំស្រលាញ់សិល្បៈណាស់ ប៉ុន្តែ ខ្ញុំពិតជា​មិន​អាចចោល មុខជំនួញរបស់ខ្ញុំបានទេ។ ដូចបងដឹងស្រាប់ហើយ ការរកស៊ីរបស់ខ្ញុំ បានបោះទុនអស់ជាច្រើនម៉ឺនដុល្លារ បើខ្ញុំមិនយកចិត្តទុកដាក់គ្រប់​គ្រងឱ្យបានដិត​ដល់ វានឹងអាចមានបញ្ហាប្រឈមនឹងការខាតបង់។ អ៊ីចឹងហើយ ទើបខ្ញុំសុខចិត្តកាត់បន្ថយពេលវេលាជាមួយសិល្បៈខ្លះ ដើម្បីមុខជំនួញ”។
ទោះជាយ៉ាងណា តារាធ្លាប់ស្ថិតក្នុងលំដាប់ជួរមុខ របស់សាន់ដេ រូបនេះ បញ្ជាក់ថា ថ្វីត្បិតតែមុខជំនួញរបស់នាងកំពុងជោគជ័យ ប៉ុន្តែ នាងនៅតែឆ្លៀត​ពេលបម្រើ​វិស័យ​សិល្បៈ ដោយបទចម្រៀងរបស់នាងនៅតែចេញជាហូរហែ។ ម៉ូនីកា បានទទួលស្គាល់ថា ការលឹបលក្នុងសិល្បៈ ពិតជាធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាង ស្រុតចុះមែន ប៉ុន្តែ នាងពិតជាមិនអាចចាយពេលជាមួយសិល្បៈទាំងស្រុងបានទេ។
តារាច្រៀងក្លាយជាអ្នកជំនួញទាំងវ័យក្មេងរូបនេះ បានបង្ហើបឱ្យដឹងថា បន្ទាប់ពី ជោគជ័យទាំង​ហាងលក់សម្លៀកបំពាក់ និងហាងស៊ុប នាងមានគម្រោងបើកក្រុមហ៊ុន មួយទៀត នាំចូលផលិតផលមួយចំនួន ពីក្រៅប្រទេស មកលក់ក្នុងស្រុក ដែលមុខជំនួញ នេះ នាងគ្រោងបោះទុនជិត៣០ម៉ឺនដុល្លារ ប្រហាក់ប្រហែលនឹង​ហាង​ស៊ុបដែរ។
តារាវ័យ២៥ឆ្នាំ រូបនេះ និយាយថា “ខ្ញុំកំពុងសិក្សាពីទីផ្សារ ដោយនឹងនាំចូលផលិតផលពីប្រទេសថៃ និងសាំងហ្គាពួរ ហើយក្រុមហ៊ុននេះ ខ្ញុំនឹងបើកដំណើរការ នៅអំឡុង​ឆ្នាំ២០១៣នេះ”។
នៅពេលមុខជំនួញមួយនេះ បើកដំណើរការ គេជឿថា ម៉ូនីកា កាន់តែមានឱកាសចូលកៀកតារាជើងខ្លាំងខាងរកស៊ី ដូចជា ខាត់ សុឃីម, គង់ សុជាតិ និងយុគ ចិន្តា ជាដើម។ ម៉ូនីកា បញ្ជាក់ថា ដើមទុនលើការរកស៊ី រហូតជ្រោងឱ្យនាងមានថ្ងៃនេះ គឺកើតចេញពី ប្រភពចំណូលតិចតួចពីសិល្បៈ ពោលគឺមុខជំនួញរបស់នាង ដាក់ចុះ ដុះឡើង កាក់កប ស្ទើរមិនគួរឱ្យជឿ ហើយសព្វថ្ងៃនេះ នាងមានបុគ្គលិកក្រោមឱវាទ មិនតិចជាង៥០នាក់ទេ។ ចំណែកមុខជំនួញត្រៀមនឹងបើកនេះ នាងក៏រំពឹងថា នឹងជោគជ័យដែរ។ ទាក់ទិននឹងរឿងស្នេហា ម៉ូនីកា បានបង្ហើបថា នាងកំពុងសាងស្នេហ៍ ពិសោធចិត្ត ជាមួយបុរសជាអ្នកជំនួញម្នាក់ ដែលនឹងមានគម្រោងដឹកដៃគ្នា​ចូលរោងការ នាពេលឆាប់ៗនេះ ទៀតផង។ រវាងនាង និងបុរសម្នាក់នោះ បានស្គាល់គ្នាជាយូរឆ្នាំមកហើយ ប៉ុន្តែ ទើបតែ មានចិត្តប្រតិព័ទ្ធលើគ្នា រយៈពេល២-៣ឆ្នាំ ចុងក្រោយនេះ។
ម៉ូនីកា និយាយថា “ពួកយើងចាប់ផ្តើមស្វែងយល់ចិត្តគ្នាមួយរយៈមកហើយ  ដោយចាស់ទុំទាំងសងខាងក៏បានដឹងឮនិងយល់ស្របដែរ។ គាត់ជាអ្នកជំនួញចេញចូល ក្រៅប្រទេស មានវ័យច្រើនជាងខ្ញុំ ៤-៥ឆ្នាំ ដោយបើគ្មានឧបសគ្គទេនោះ ពួកយើងនឹង កសាងជីវិតអាពាហ៍ពិពាហ៍ នៅអំឡុងឆ្នាំនេះ ឬអាចដើមឆ្នាំក្រោយ”។
ថ្មីៗនេះដែរ ផាន់ ម៉ូនីកា បានធ្វើពិធីឡើងផ្ទះល្វែងដ៏ល្អប្រណីតមួយ នៅម្តុំស្ទឹងមានជ័យ តែមិនធ្វើជាទ្រង់ទ្រាយធំដុំនោះទេ ហើយតាមប្រភពថា ផ្ទះរបស់នាង បាន​សាង​សង់អស់ជិត ១០ម៉ឺនដុល្លារ ព្រោះគ្រឿងសង្ហារិម បំពាក់ក្នុងផ្ទះ សុទ្ធតែល្អប្រណីត និងមានតម្លៃខ្ពស់។
នៅពេលត្រូវសួរថា តើផ្ទះនោះ សម្រាប់ធ្វើជាទ្រនំស្នេហ៍ បន្ទាប់ពីរៀបការរួចមែនទេ?
ម៉ូនីកា ផ្ទុះសំណើច រួចឆ្លើយថា “អត់ទេ! បងប្អូនរបស់ខ្ញុំក៏រស់នៅផ្ទះហ្នឹងដែរ ហើយខ្ញុំក៏មិនទាន់ហ៊ាននិយាយ អ្វីច្រើនទុកមុនដែរ ចាំមើលថ្ងៃនោះ (ថ្ងៃរៀបការ) មកដល់​សិន ចាំគិតទៀត” ៕

Recent Posts