ភ្នំពេញ៖ តារាចម្រៀងស្រី រូបស្រស់រាងតូចច្រឡឹង ដែលកំពុងតែហ៊ុំព័ទ្ធព័ត៌មានអាស្រូវ រឿងស្នេហាជាមួយបុរសអ្នកមាន ទ្រព្យស្ដុកនិងមានទាំងអំណាច កញ្ញា អ៉ីវ៉ា ថ្មីៗនេះត្រូវបានមហាជន ធ្វើការរិះគន់ខ្លាំងៗថា នាងជាតារាល្បីភ្លេចដើមកំណើត វាយឫកខ្ពស់កប់ពពក ខណៈដែលទើបតែបានល្បីឈ្មោះ មួយចំអិនកំពិសដោយសារតែ មហាជនជាអ្នកគាំទ្រនាងសោះនោះ។
ការលេចឮពាក្យរិះគន់បែបនេះ នៅពេលដែលតារាចម្រៀង អ៉ីវ៉ា ចេញទៅច្រៀងខនសឺតតាមខេត្ត នៅក្នុងកម្មវិធីតាំងពិព័រណ៍ ឲ្យក្រុមហ៊ុនមួយ នៅខេត្តមណ្ឌលគិរី នៅពេលនោះ មានទស្សនិកជនជាច្រើន បាននាំគ្នាទៅមើលការ តាំងពិព័រណ៍ក្នុងគោលបំណង ចង់ឃើញវត្តមាន របស់តារាចម្រៀង អ៉ីវ៉ា ដោយផ្ទាល់ ទាំងការបកស្រាយបទចម្រៀង និងរូបសម្រស់ ថាស្រស់ស្អាតដល់កម្រិតណា។ តែអ្វីដែលធ្វើឲ្យទស្សនិកជនជាច្រើន និងប្រជាពលរដ្ឋនៅ ភាគឦសានប្រទេសមួយនេះ ធ្វើការរិះគន់ទៅលើនាងនោះ គឺការទន្ទឹងរង់ចាំរបស់ពួកគេ ត្រូវបានក្លាយជាការខកបំណង ដោយសារតែ នាងមិនបានបង្ហាញខ្លួន នៅលើឆាកប្រគំតន្រ្តីទាល់តែសោះ។
ពាក់ព័ន្ធទៅនឹងការរិះគន់ ដោយមិនសំចៃមាត់ ពីមហាជនបែបនេះត្រូវ បានតារាចម្រៀងស្រី ដែលមានឈ្មោះល្បីមួយរូប ប្រចាំនៅផលិតកម្មសាន់ដេ និងជាតារាដែលតែងតែហ៊ាន លើកកាម៉េរាថតអ្នកកាសែត នៅពេលអ្នកកាសែតស្នើសុំថតរូបនាង ក្នុងនាមជាតារាល្បី កញ្ញា អ៉ីវ៉ា បានប្រាប់ Looking TODAY ឲ្យដឹងនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣នេះថា ចំពោះព័ត៌មាននេះនាង ក៏ធ្លាប់មានគេសួរដែរ ថានាងទៅសម្តែងខនសឺត នៅខេត្តមណ្ឌលគិរី តែចំពោះការប្រគំតន្រ្តីខនសឺត ដែលគេលើកឡើងថា នាងទៅច្រៀងនោះ មិនមែនជាការពិតទេ នាងមិនបានទៅច្រៀង ព្រោះថា ខាងក្រុមហ៊ុនមិនបានទាក់ទងមក។
កញ្ញា អ៉ីវ៉ា បានប្រាប់ឲ្យដឹងថា "នេះមិនមែនជាលើកទី១ទេបង... ដែលលេចឮព័ត៌មានបែបនេះ កាលពីឆ្នាំមុនខ្ញុំក៏ធ្លាប់បាន ទទួលព័ត៌មានបែបនេះដែរ គេអត់ហៅខ្ញុំទៅច្រៀង តែបែរជាប្រកាសថា ខ្ញុំទៅ ..ធ្វើឲ្យទស្សនិកជនមានការយល់ច្រឡំ ហើយខ្ញុំនឹងទូរស័ព្ទទៅសួរ ខាងក្រុមហ៊ុននោះ ហេតុអីបានជាគាត់ធ្វើបែបនេះ ព្រោះថារឿងនេះវាអាចប៉ះពាល់ ជាមួយកេរ្តិ៍ឈ្មោះរបស់ខ្ញុំខ្លាំងណាស់.."។
តារាចម្រៀងស្រី សម្បុរស្រអែមស្រស់ អ៉ីវ៉ា បានប្រាប់ឲ្យដឹងទៀតថា នាងពិតជាមានការ ភ្ញាក់ផ្អើលណាស់ នៅពេលដែលឮថា ទស្សនិកជនមានការខឹងសម្បារ និងរិះគន់នាងថា ជាតារាវាយឫកទាំងដែលនាង មិនបានដឹងអ្វីផងនោះ ។ ជាធម្មតាប្រសិនបើខាងក្រុមហ៊ុន ហៅទៅច្រៀងតាមខេត្ត រមែងតែងតែមានការចុះកុងត្រា យើងដាច់ខាតមិនអាចអាក់ខាន តាមចិត្តបានទេ។
ទោះជាយ៉ាងណា Looking TODAY មិនអាចទាក់ទងសុំការ បកស្រាយពីខាងក្រុមហ៊ុន ដែលរៀបចំពិធីតាំងពិព័រណ៍នោះបានទេ នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣នេះ៕
Categories:
សិល្បះនិងកំសាន្ត