កែប ៖ គ្រូបង្រៀន​ម្នាក់​ខណៈ​ពេល​ជិះ​ម៉ូតូ​ម្នាក់ឯង​ត្រូវ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បើក​​បុក​ចំ​ពីមុខ​យ៉ាង​​ពេញទំហឹង រួច​កិន​ពីលើ​ជនរងគ្រោះ​ចំពាក់​កណ្តាល​ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។ ដោយ​គ្រោះថ្នាក់​នេះ​បន្ទាប់ពី​កើតឡើង​អ្នកបើកបរ​រថយន្ត​បាន​ដាក់​មេ​ប្រូច​បាត់​ស្រមោល​​ឈឹង។
ហេតុ​ការណ៍​​ដ៏​រន្ធត់​ខាងលើ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​លេខ​៣៣Aចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​១៦​និង​១៧ សិ្ថត​ក្នុងភូមិ​កែវ​ក្រសាំង សង្កាត់កែប ក្រុង-ខេត្ត​កែប កាលពី​ល្ងាច ថ្ងៃ​អាទិត្យ ទី២៤ខែ​មិនា ឆ្នាំ២០១៣វេលា​ម៉ោង១៧និង៣០នាទី។
សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​​ខាងលើ​បាន​និយាយ​ថា មុន​​ពេល​​​កើត​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​​នេះ គេ​​បាន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាកC125ពណ៌​ខ្មៅ​សេរី​ឆ្នាំ២០០៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ប្រើ​ល្បឿន​មធ្យម លុះ​មកដល់​ចំណុច​គ្រោះថ្នាក់​ដែល​ជា​ចំណុច​ផ្លូវ​កោង​ផង​នោះ ជន​រង​គ្រោះ​បាន​គេច​នឹង​ម៉ូតូ១គ្រឿង​ទៀត​នៅ​ខាង​មុខ ទើប​ជនរងគ្រោះ​កាច់ចង្កូត​រេ​ទៅ​ផ្លូវ​ខាងឆ្វេង គាប់​ជួន​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បោះ​ពួយ​យ៉ាង​លឿន​មកពី​ជើង​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ហើយ​ខណៈនោះ​ជនរងគ្រោះ​បាន​គេច​ពីឆ្វេង​​ដៃ​បំណង​ទៅ​រក​ផ្លូវ​ខាងស្តាំ​របស់​ខ្លួន​វិញ ទើប​ធ្វើ​ឲ្យ​យានយន្ត​ទាំង២គ្រឿង​ព្រលះ​គ្នា​ចំ​ពីមុខ​​​ពេញទំហឹង​ បណ្តាល​ឲ្យ​បុរស​​​គ្រូបង្រៀន​ជា​​ម្ចាស់​ម៉ូតូ​ត្រូវ​រថយន្តក្រុង
បុក​និង​កិន​ពីលើ​​​អូស​ចំងាយ​ប្រមាណ៨ម៉ែត្រ ​​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​តែម្តង។ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​នេះ​ដែរ ប៉ូលិស​ចរាចរ​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា អ្នក​ស្លាប់​ក្នុង​ហេតុ​ការណ៍​ខាងលើ​ជា​គ្រូបង្រៀន មានឈ្មោះ​ស្តើង សំអាត ភេទ​ប្រុស អាយុ​២៥ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ-សង្កាត់​កើតហេតុ​ខាងលើ ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកC125ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កែប ​1A-0940។ ដោយឡែក​រថយន្ត​បង្ក​​ជា​​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​ហ៊ួ​រ លាន ពាក់​ស្លាក​លេខ​​បាត់​ដំបង​3A-0362ក្រោយ​កើត​ហេតុ​អ្នកបើកបរ​គេច​ខ្លួន​បាត់ ទើប​ប៉ូលិស​អូស​យក​យាន​យន្ត​​ទៅ​​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​កែប​សំរាប់​ដោះស្រាយ​គ្នា​ជា​ក្រោយ៕

Recent Posts