ភ្នំពេញៈ លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុ សម្បុកឃ្មុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ នឹងត្រូវ ដោះលែងឲ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣នេះ បន្ទាប់ពីរូបលោកត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃសអស់រយៈពេល ៨ខែមកនោះ។
លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ម្សិលមិញនេះ ត្រូវបានចៅក្រមសាលាឧទ្ធរណ៍សម្រេច ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ តែអនុវត្តត្រឹមតែ៨ខែប៉ុណ្ណោះ ពាក់ព័ន្ធបទល្មើសព្រៃឈើ។ គិតចាប់ពី ថ្ងៃចាប់ខ្លួន គឺថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ វាគម្រប់៨ខែត្រឹមសម្រាប់ការ ឃុំខ្លួនលោក ម៉ម សូណង់ ដូច្នេះលោក ម៉ម សូណង់ដូ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃ នេះ។
យោងតាមសេចក្តីរាយការណ៍ពីពន្ធនាគារព្រៃស បានឲ្យដឹងថា នៅមុខពន្ធនាគារគេសង្កេតឃើញក្រុមគ្រួសារ សាច់ញាតិ ជាពិសេសសមាជិក សមាជិកា សមាគមអ្នកប្រជាធិបតេយ្យបានរង់ចាំទទួល និងអមដំណើរ លោក ម៉ម សូណង់ដូ ចេញពីពន្ធនាគារព្រៃស រួមជាមួយនិងការចាំយកព័ត៌មាន និងផ្តិតយករូបភាពពីក្រុម អ្នកសារព័ត៌ មានជាតិ អន្តរជាតិជាច្រើននាក់ផងដែរ។
បើតាមប្រភពពីអ្នកគាំទ្រលោក ម៉ម សូណង់ដូ នៅមុខពន្ធនាគារព្រៃស បានឲ្យដឹងថា ក្រោយពេលចេញពីពន្ធគារលោក ម៉ម សូណង់ដូ មិនត្រឡប់ទៅផ្ទះវិញទេ រូបលោកនឹងទៅអុជធូបថ្វាយបង្គំសពម្តាយរបស់លោក នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ហើយកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យប្រាក់ ១០លានរៀល ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ស្រុកឆ្លូងខេត្តក្រចេះ។
តែទោះជាយ៉ាងអ្នករិះគន់រាជរដ្ឋាភិបាល ដោយមិនសំចៃម៉ាត់ វ័យ៧២ឆ្នាំរូបនេះ នឹងត្រូវដោះលែងឲ្យមានសេរីភាព វិញហើយ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៣នេះ។
នៅខាងក្រៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៤ ខែមីនា ម្សិលមិញ អ្នកគាំទ្រ លោក ម៉ម សូណង់ដូ រួមនិងក្រុម គ្រួសារជាច្រើនរយនាក់ បានសម្តែងការសប្បាយចិត្តហ៊ោកញ្ជ្រៀវសាទរចំណាត់ការសាលាឧទ្ធរណ៍ ចំពោះការដោះលែងលោក ម៉ម សូណង់ដូ ឲ្យមានសេរីភាពឡើងវិញ៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ក្រុមអ្នកគាំទ្ររង់ចាំទទួលលោក ម៉ម សូណង់ដូ នៅមុខពន្ធនាគារព្រៃស

Recent Posts