ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ​ដែល​បាន​ព្រួត​គ្នា​វាយ​ធ្វើ​បាប​ជនរងគ្រោះ​ម្នាក់​បណ្ដាល​ឲ្យ​បែក​ក្បាល​ដេរ​១១​ថ្នេរ ​ហើយ​ព្រមទាំង​ជាប់​ចោទ​ថា បាន​ដោះ​យក​ចិញ្ចៀន​ពេជ្រ​១​វង់​ដែល​មាន​ តម្លៃ​៣ ៥០០​ពាន់​ដុល្លា ​កាលពី​ថ្ងៃទី​១២ ​ខែមីនា ​ឆ្នាំ​២០១៣​ វេលា​ម៉ោង​ ២០​និង​៣០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​៨៩ ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​នោះ​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ស៊ើបការណ៍​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បានសម្រេច​កសាង​សំណុំរឿង​បញ្ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ​ខែ​មីនា ឆ្នាំ​២០១៣។
លោក ហម គ​ន្ធី នាយការិយាល័យ​ស៊ើបការណ៍​ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ប្រាប់​ឲ្យ​ដឹង​ថា ជនជាប់ចោទ​ខាងលើ​មានឈ្មោះ យឿន សា​រុំ ហៅ រុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​កាត់ដេរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦១D​ ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ចំណែក​ជនរងគ្រោះ​នៅក្នុង​ករណី​ឈ្មោះ អ៊ុង ចក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៨៩ ភូមិ​ផ្សារ​ទឹកថ្លា ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។
លោកនាយ​ការិយាល័យ​ស៊ើបការណ៍​ បាន​រៀបរាប់​ប្រាប់​ថា កាលពី​ថ្ងៃទី​១២ ខែ​មីនា​ឆ្នាំ​២០១៣ វេលា​ម៉ោង​២០ និង​៣០​នាទី នៅមុខ​ផ្ទះ​លេខ​៨៩ ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជនរងគ្រោះ​ឈ្មោះ​អ៊ុង ចក់ កំពុង​អង្គុយ​បោសសំអាត​មុខផ្ទះ​របស់ខ្លួន​តែម្នាក់ឯង ក៏​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ យឿន​សា​រុំ បាន​កាន់ដំបង​ឆក់​រួម​និង​គ្នីគ្នា​៣​នាក់​ទៀត​ស្ទុះ​វាយ​ជនរងគ្រោះ​ទាំង​កំរោល បណ្តាល​ឲ្យ​បែកក្បាល​ដេរ​១១​ថ្នេរ​សន្លប់​នៅ​នឹង​កន្លែងកើតហេតុ​ព្រមទាំង​លួច​យក​ចិញ្ចៀន​ពេជ្រ ១​វង់ តម្លៃ ៣ ៥០០​ដុល្លា រួច ហើយ​ក្រុម​ជនល្មើស​ក៏​នាំគ្នា គេច​ខ្លួន​បាត់ស្រមោល។
នៅក្នុង​ករណីនេះ​ផងដែរ​ជនរងគ្រោះ អ៊ុង ចក់ ក៏បាន​ឲ្យ​ដឹងថា កន្លងមក​ខ្លួន​ធ្លាប់មាន​ទំនាស់​ជាមួយ​ជនសង្ស័យ​ខាងលើនេះ​ដែលមាន​ផ្ទះ​ជាប់​គ្នា​ប៉ុន្តែ​ខ្លួន​មិនដែល​មានការ​តបត​អ្វី​ឡើយ លុះ​មកដល់​ថ្ងៃកើតហេតុ​ខាងលើ​ខ្លួន​កំពុង​បោសសំអាត​មុខផ្ទះ​ម្នាក់ឯង ស្រាប់តែ​ឈ្មោះ យឿន សា​រុំ កាន់ដំបង​ឆក់​និង​គ្នីគ្នា​៣​នាក់​បាន​ស្ទុះ​មក​វាយ​ក្បាល​ខ្លួន​ទាំង​កំរោល​បណ្តាល​ឲ្យ​ដួលសន្លប់​នៅ​និង​កន្លែងកើតហេតុ លុះ​ពេល​ដឹងខ្លួន​ឡើង​ក៏​បាត់​ចិញ្ចៀន​ពេជ្រ​១​វង់​តម្លៃ​ជាង​៣​ពាន់​ដុល្លា ហើយ​បក្ខ​ពួកវា​ក៏បាន​រត់​បាត់អស់​ទៅ។ ក្រោយពី​កើតហេតុ​ខ្លួន​ត្រូវ​បងប្អូន​ក្រុមគ្រួសារ​ដឹកបញ្ជូន​មក​ព្យាបាល​ដេរ អស់ ១១​ថ្នេរ និង​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច ដើម្បី​ជួយ​រក​យុត្តិធម៌។
លោក ហម គ​ន្ធី ប្រាប់​បន្តថា ដោយមាន​ការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ឯក ម៉ក ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌​ ក៏​​ដូចជា​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ទោ អ៊ិន បូរ៉ា ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ទើប​លោក​ដឹកនាំ​កម្លាំង​តាម​ស្វែងរក​ឃាត់ខ្លួន​ជនល្មើស​ខាងលើ ​ដើម្បី​យក​ដាក់ទោស​តាម​នីតិវិធី។
លោក​ប្រាប់ថា ក្រោយពី​ទទួល​បាន​ការ​បំភ្លឺ​របស់​សាក្សី​និង​ជនរងគ្រោះ​រួម​ជាមួយ​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ ព្រមទាំង​ខ្សែ​វីដេអូ​ឃ្លីប​បង្ហាញ​ពី​សកម្មភាព​នោះ​ លោក​ក៏បាន​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់ទោស​ទណ្ឌ​តាមច្បាប់៕

Recent Posts