ភ្នំពេញ៖ ជន​បង្ក​ភាព​ចលាចល​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ថា មាន​សតិ​មិន​ប្រក្រតី មាន​ទំនាស់​ជាមួយ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​បាន​យក​កាំបិត និង​ពូថៅ​ដេញ​កាប់ និង​ចាក់ ធ្វើ​ឲ្យផ្អើល​ឆោ​ឡោ នៅរង្វង់​មូល​ចោម​ចៅ ស្ថិត​ក្នុង​ភូមិ​ចុង​ថ្នល់​បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ កាល​ពីវេលា​ម៉ោង១ និង១០ នាទីរសៀលថ្ងៃទី២០ មីនា ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបាន​ឲ្យដឹងថា ជនមានសតិមិនប្រក្រតី​ឈ្មោះ ជូ គួង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ​ស្រែ​អំបិល ឃុំ​ស្រែអំបិល ស្រុក​ស្រែអំបិល ខេត្តកោះកុង ។
មុនពេលកើតហេតុ បុរសរូបនោះ ជិះរថយន្តក្រុងពីខេត្តកោះកុង មកក្រុងភ្នំពេញ ហើយបានឈ្លោះប្រកែកជាមួយអ្នករួមដំណើរជាមួយ ខណៈពេលរថយន្តក្រុងឈប់​នៅ​ចំណត​រង្វង់មូលចោមចៅ ស្រាប់តែបុរសនោះ រូបយកកាំបិត និងពូថៅដេញកាប់ និងចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យមានភាពភ្ញាក់ផ្អើលដល់ប៉ូលិស​ប៉ុស្តិ៍ចោមចៅចុះ​ទៅ​ជួយអន្តរាគមន៍ឃាត់ខ្លួនជនបង្ក និងវត្ថុតាងយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ។
ប្រភពដដែលបន្តទៀតថា ក្នុងហេតុការណ៍នោះ ជនរងគ្រោះមិនមានរងរបួសទេ ចំណែកជនបង្កមិនព្រម ឲ្យសមត្ថកិច្ចឃាត់ខ្លួនតាមសម្រួលទេ ទាល់តែសមត្ថកិច្ច​វាយ​ឲ្យ​ជ្រុះកាំបិតនិងពូថៅសិន ទើបឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ។ ប៉ុន្តែពេលសមត្ថកិច្ចសាកសួរបុរសរូបនោះ និយាយមិន​ដឹងខុសត្រូវដូចមនុស្ស​មាន​សតិ​មិន​ប្រក្រតី ៕

Recent Posts