ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣៖ ក្រុមហ៊ុន Axiata Group Berhad (Axiata) ដែលជាក្រុមហ៊ុនទូរគមនាគមន៏ ធំជាងគេមួយនៅអាស៊ី បានប្រកាសក្នុងថ្ងៃនេះថា ការរួមបញ្ចូលគ្នាតែមួយ រវាងក្រុមហ៊ុន Hello Axiata Company Limited (“Hello”) និង ក្រុមហ៊ុន Latelz Company Limited (“Smart Moblie”) បានប្រព្រឹត្តិទៅចប់ជាស្ថាពរ ហើយនឹងធ្វើប្រតិបត្តិការអាជីវកម្ម ជាក្រុមហ៊ុនតែមួយ ក្រោមឈ្មោះជាផ្លូវការថា Latelz Company Limited។ ក្នុងសេចក្តីប្រកាសនោះ បានបញ្ចាក់ផងដែរថា លក្ខខណ្ឌចំបាច់ផ្សេងៗទាក់ទងទៅនឹងកិច្ចព្រមព្រៀង រវាងភាគីម្ចាស់ហ៊ុន Smart និង Hello ត្រូវបានសំរេចរួម ជាមួយនឹងការអនុញ្ញាតជាផ្លូវការ ពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនរួមថ្មីនឹងដឹកនាំដោយ លោក ថូម៉ាស ហ៊ុន ដែលជាអតីតនាយកប្រតិបត្តិ របស់ Smart Mobile ហើយលោក សាយម៉ុន ភឺឃីនស៏ ដែលជានាយកប្រតិបត្តិរបស់ Hello Axiata ត្រូវបានតែងតាំងជា អភិបាលប្រតិបត្តិ ក្នុងក្រុមព្រឹក្សានាយករបស់ក្រុមហ៊ុន Latelz។ រួមជាមួយគ្នានេះដែរ លោក ថូម៉ាស ហ៊ុន នឹងត្រូវបានប្រឹក្សា ព្រមជាមួយការគាំទ្រពីសំណាក់ ថ្នាក់ដឹកនាំដែលជាអ្នកមានស្នាដៃ និងទេពកោសល្យពីក្រុមហ៊ុនទាំងពីរ។ លោក ថូម៉ាស ហ៊ុន ក៏បានមានប្រសាសន៏ផងដែរថា ការរួមបញ្ចូលគ្នាតែមួយ រវាងក្រុមហ៊ុនទាំងពីរ បានសំរេចទៅតាមការកំណត់។ ក្រុមហ៊ុនថ្មីនេះ បានរៀបចំខ្លួនក្នុងការពង្រឹងសក្តានុពល និងការផ្តល់ជូនឲ្យកាន់តែប្រសើរ ដើម្បីពង្រីកចំនួនអតិថិជនឲ្យបានកាន់តែច្រើន។ លោកបានបន្ថែមថា “រួមបញ្ចូលគ្នាតែមួយ ធើ្វឲ្យពួកយើងកាន់តែខ្លាំងជាមុន ហើយការរួមបញ្ចូលគ្នានេះ បាននាំមកជាមួយដូចជា ភាពខ្លាំង និង តុល្លាភាពរបស់ Axiata Group សំរាប់អតិថិជនទាំងពីរ Hello និង Smart Mobile រួមមានទ្រព្យ និងធនធានយ៉ាងសំបើម ព្រមទាំងបណ្តាញសេវាគ្របដណ្តប់ដ៏ធំទូលាយ”។ លោកបាននិយាយថា ប៉ុន្មានខែទៀតបន្ទាប់ពីការរួមបញ្ចូលគ្នានេះរួចជាស្រេច ក្រុមហ៊ុនរំពឹងថាប្រតិបត្តិទាំងអស់ និងការរួមបញ្ចូលបណ្តាញតែមួយ របស់ក្រុមហ៊ុននឹងរួចរាល់ជាស្ថាពរ ហើយនៅពេលដែលយើងបានបញ្ចប់ពេញលេញ នោះបណ្តាញរួមបញ្ចូលគ្នា នឹងផ្តល់ជូលសេវាគ្របដណ្តប់ទៅដល់ ៩៧% នៃចំនួនប្រជាជនកម្ពុជាសរុប។ ពាណិជ្ជនាមដែលជាឈ្មោះពាណិជ្ជកម្មថ្មី របស់ក្រុមហ៊ុនគឺ “Smart” ដែលបានបង្ហាញជាសាធារណៈ ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងការអះអាងជាថ្មីនៃការតាំងចិត្ត ដើម្បីបំរើអតិថិជនជាង ៥លាននាក់ទូទាំងប្រទេស ក្រោយពីការរួមបញ្ចូលគ្នា។ លោក ថូម៉ាស ហ៊ុន បានពន្យល់ប្រាប់ថា ពាណិជ្ជនាមថ្មីនេះ គឺជាការឆ្លើយតបទៅនឹងប្រជាសាស្រ្ត នៃអ្នកប្រើប្រាស់របស់ក្រុមហ៊ុន។ គាត់បានមានប្រសាសន៏ថា៖ “អ្នកប្រើប្រាស់ក្នុងស្រទាប់យុវវ័យ តំណាងឲ្យប្រជាសាស្រ្ត អ្នកប្រើប្រាស់ធំជាងគេនៅក្នុងវិស័យទូរគមនាគមន៏ ក្នុងប្រទេសកម្ពុជា ដែលពួកយើងនឹងនៅតែបន្តការផ្តោតទៅលើពួកគេ”។ Smart គឺជាពាណិជ្ជនាម ដែលពោរពេញទៅដោយភាពស្វាហាប់ ស្រស់ស្រាយ និងប្រកបដោយថាមពល ហើយយើងគិតថា វានឹងទទួលបានការគាំទ្រយ៉ាងល្អពីសំណាក់អតិថិជន។ ជាមួយគ្នានេះដែរ យើងតាំងចិត្តយ៉ាងមុតមាំ ក្នុងការដាក់បញ្ចូលគុណតម្លៃនៃក្រុមហ៊ុនរបស់យើងទៅលើគ្រប់វិស័យ និងគ្រប់ផ្នែកនៃអាជីវកម្មរបស់យើង ហើយនោះគឺជាឈ្មោះពាណិជ្ជនាមរបស់យើង ធនធានមនុស្សរបស់យើង និងផលិតផលរបស់យើង។ លោកបន្ថែមទៀតថា “ទោះបីបើការផ្តោតសំខាន់របស់ Smart ស្ថិតទៅលើផ្នែកយុវវ័យ និងអ្នកប្រើប្រាស់ទិន្និន័យអ៊ិនធើណេត យ៉ាងណាក៏ដោយក្រុមហ៊ុននៅតែមានគំរោង ដើម្បីពង្រីកផ្នែករួមនៃសាជីវកម្មសំខាន់ ឲ្យបានស្មើគ្នាផងដែរ។ ការរួមបញ្ចូលគ្នារវាងអ្នកដឹកនាំពីរ ក្នុងវិស័យទូរគមនាគមន៏នេះ បានបង្កើតចេញជាក្រុមហ៊ុនមួយ ដែលបង្កើតសំរាប់ផ្តល់ជូនតាមគ្រប់តំរូវការ ការទាមទារ និងសេចក្តីប្រាថ្នា។ ខ្ញុំជឿថាទាំងនេះធ្វើឲ្យយើង មានភាពខុសគ្នាពីគូប្រជែងយើង ហើយយើងអាចនឹងពង្រីកបណ្តាញសេវាគ្របដណ្តប់ ពង្រឹងផ្នែកទំនាក់ទំនង និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ សេវាកម្ម និងកម្មវិធីពិសេសៗទាំងអស់ នឹងដំណើរដូចគ្នាតែមួយ មានន័យថាក្នុងចំណោមគំរោងទាំងអស់ អតិថិជនយើងនឹងរីករាយជាមួយការផ្តល់ជូន ដ៏ទាក់ទាញដូចជា ការហៅចេញ និងគម្រោងប្រើប្រាស់ទិន្នន័យអ៊ិនធើណេត ការបន្តនៃការប្រើប្រាស់សេវាបន្ថែម ឲ្យបានកាន់តែទូលំទូលាយ និងផលិតផលច្នៃប្រឌិតថ្មីៗជាច្រើនទៀត។ អតិថិជនរបស់យើងនឹងទទួលបានអត្ថប្រយោជន៏ ដែលយើងផ្តល់ជូនរួមមានការហៅចេញជាសំលេង ជាមួយនឹងតំលៃដ៏ប្រសើរ អ៊ិនធើណេត ផលិតផល និងសេវាកម្មដ៏ល្អជាច្រើនទៀត។ អ្វីដែលសំខាន់នោះ ពួកយើងនបានតម្រង់ទិសដើម្បីឈនទៅកាន់ភាពនាំមុខគេ ព្រមជាមួយនឹងការផ្តោតសំខាន់ទៅលើអតិថិជន រួមជាមួយនឹងការផ្តល់ជូននូវ បច្ចេកវិទ្យាទំនើបថ្មីៗសំរាប់អតិថិជនយើងទាំងអស់ ក៏ដូចជាការនាំមកជូននូវ គុណតំលៃ និងលិទ្ធផលល្អ ទៅដល់ម្ចាស់ហ៊ុនរបស់យើងផងដែរ”។ ទោះបីជាឈ្មោះពាណិជ្ជកម្មត្រូវបានក្លាយជា ក្រុមហ៊ុនតែមួយជាផ្លូវការក៏ដោយ លោក ថូម៉ាស ហ៊ុន បានអះអាងសារជាថ្មីទៀតថា “ក្រុមហ៊ុនសន្យាដល់អតិថិជនទាំងអស់ថា ដំណើរការនេះនឹងប្រព្រឹត្តិដោយរលូន ហើយអតិថិជន Hello និង Smart Mobile នឹងមិនមានការផ្លាស់ប្តូរស៊ីមកាតឡើយ នេះគឺជាការធានារបស់យើងជារៀងរហូតមក ហើយពួកយើងនឹងរក្សាទុកសម្តីរបស់យើងជានិច្ច”។ បន្ថែមពីលើនេះទៀត លោក ថូម៉ាស ហ៊ុន បញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ នេះតទៅ ការហៅចេញ ឬចូលរវាង Hello និង Smart នឹងគិតក្នុងអត្រាការហៅចូលក្នុងប្រព័ន្ធតែមួយ ហើយគ្រប់កាតកោសទាំងអស់ នឹងប្រើប្រាស់បានដូចគ្នា មានន័យថា កាតកោសទាំងរបស់ Hello និង Smart អាចប្រើបានដូចគ្នា ដើម្បីបញ្ចូលលុយប្រព័ន្ធទាំងពីរ។

Recent Posts