ប្រជាពលរដ្ឋមួយចំនួនធំតែងតែយល់ឃើញថា មូលហេតុដែលអាចធ្វើឱ្យទារករាកគឺបណ្ដាលមកពីម្ដាយដែលទទួលទានអាហារផ្ដេសផ្ដាស។ ទារករាកមិនមានការទាក់ទងនឹងការទទួលអាហាររបស់ម្ដាយនោះទេ បណ្ដាលមកពីការខ្វះអនាម័យក្នុងការថែទាំទារក។ ការថែទាំទារកពេលរាកគឺជារឿងមួយដែលលោកអ្នកគប្បីស្វែងយល់ដឹងឱ្យបានត្រឹមត្រូវ ព្រោះអាចបណ្ដាលឱ្យទារកបាត់បង់ជាតិទឹកកាន់តែច្រើន បើនៅតែមានការធ្វេសប្រហែស។
រូបភាពទស្សនាវដ្តីសុខភាពយើង
ដើម្បីបកស្រាយពីការថែទាំទារកនៅពេលរាក ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត ហុង សុខឃាង អ្នកឯកទេសផ្នែកបេះដូងកុមារនៃមន្ទីរពេទ្យកុមារជាតិ។
ហេតុអ្វីបានជាទារករាក?
ទាករាកបណ្ដាលមកពីវីរុសបាក់តេរី និងបណ្ដាលមកពីពពួកបារ៉ាស៊ីត។ បញ្ហាដែលជួបប្រទះជាញឹកញាប់ជាងគេនោះ គឺបណ្ដាលមកពីវីរុស។ ការឆ្លងវីរុសទាំងនោះគឺអាចចម្លងទៅដល់ទារកយ៉ាងងាយស្រួល តាមរយៈការប៉ះពាល់ផ្ទាល់របស់ទារកទៅនឹងរបស់របរមិនស្អាត ដូចជាដបទឹកដោះគោជាដើម។ មួយវិញទៀតនោះគឺបណ្ដាលមកពីការថែទារកដោយខ្វះអនាម័យ មិនបានសម្អាត ដៃឱ្យបានស្អាតរាល់ពេលប៉ះពាល់ទារក ដូចជាពេលបំបៅដោះ ឬពេលឆុងទឹកដោះគោដាក់ដបឱ្យទារកបៅជាដើម។ កត្ដាទាំងនេះងាយធ្វើឱ្យវីរុសឆ្លងទៅទារក។ ដើម្បីចៀសវាងបញ្ហានេះ លោកអ្នកគប្បីមានអនាម័យឱ្យល្អនៅពេលថែទាំទារក។
ការថែទាំទារកពេលរាក
នៅពេលរាក ទារកបៅមិនបានច្រើនដូចធម្មតានោះទេ ដូចនេះទារកងាយប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ។ ការរាក ធ្វើឱ្យទារកបាត់បង់ជាតិទឹកច្រើនបើមិនបានបង្គ្រប់ទឹកវិញ អាចបណ្ដាលឱ្យទារកកាន់តែមានអាការធ្ងន់ធ្ងរ។ ពេលទារករាក ត្រូវមើលថែឱ្យបានដិតដល់ លោកអ្នកត្រូវយកចិត្ដទុកដាក់ទៅលើការបាត់បង់ជាតិទឹក។ ទារកមិនដូចជាកុមារដែលអាចញ៉ាំទឹកបានយ៉ាងច្រើននោះទេ ដូចនេះវិធីដែលល្អគឺការបំបៅដោះកូនឱ្យបានញឹកញាប់ជាជាងពេលធម្មតា។ ទឹកដោះម្ដាយជាអាហារ និងភេសជ្ជៈដែលទារកត្រូវការចាំបាច់នៅអាយុ៦ខែដំបូង មិនតែប៉ុណ្ណោះទឹកដោះម្ដាយគឺជាឱសថដែលអាចព្យាបាលអាការរាករបស់ទារកបានទៀតផង។ បើសិនជាទារកនៅតែមានសភាពមិនធម្មតាបន្ទាប់ពីការបំបៅដោះទៀតនោះ លោកអ្នកគប្បីពិគ្រោះជាមួយវេជ្ជបណ្ឌិត។ មួយវិញទៀត បើសិនជាទារកមានជម្ងឺដទៃហើយមានរាកទៀតនោះ សញ្ញាដែលត្រូវយកចិត្ដទុកដាក់គឺនៅពេលទារកក្អួតខ្លាំង មានសភាពហត់ខ្លាំង ក្ដៅខ្លាំង លាមកមានឈាមឬសម្បោរ ឈឺពោះខ្លាំង ឬយំនៅពេលនោម គឺលោកអ្នកត្រូវបញ្ជូនទារកទៅរកគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា។
ដំបូន្មានអ្នកជំនាញ
វិធីបង្ការដ៏ល្អនោះ លោកអ្នកត្រូវមានអនាម័យឱ្យបានស្អាតរាល់ពេលមើលថែទារក ដើម្បីឱ្យទារកចៀសផុតពីជម្ងឺរាក ក៏ដូចជាជម្ងឺដទៃទៀតដែរ។ សូមកុំមានការធ្វេសប្រហែសឱ្យសោះ ព្រោះទារកងាយមានគ្រោះថ្នាក់ណាស់ មិនថាតែបញ្ហារាកទេ បើសិនជា ទារកមានបញ្ហាអ្វីក៏ដោយ ត្រូវរួសរាន់យកចិត្ដទុកដាក់នាំទារកមកពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា។
Categories:
សុខភាព និង កីឡា