រាជធានីភ្នំពេញ ៖ នគរបាល និងកងរាជអាវុធហត្ថ
ដឹកនាំដោយលោកលី សាវ៉េត អភិបាលខណ្ឌសែនសុខ លោកម៉ូវ ម៉ានិត អភិបាលរងខណ្ឌ
លោកម៉ក់ ហុង អធិការនគរបាលខណ្ឌ និងលោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ
បានបើកយុទ្ធនាការទ្រុងទ្រាយធំ ទាំងកណ្តាលរាត្រី
ដោយចុះបង្ក្រាបក្រុមចោរប្លន់មានគ្នា៤នាក់ ដែលបានប្រើមធ្យោបាយជិះកង់
ស្ទាក់វាយប្លន់ជនរងគ្រោះយកម៉ូតូ និងបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១២
និង១៥នាទីអធ្រាត្រឈានចូលថ្ងៃទី១៨ កុម្ភៈ ២០១៣ នៅក្បែររបងផ្ទះសំណាក់មួយ
តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចខាងលើ
បានប្រើរយៈពេល៤ម៉ោង និងមានការផ្ទុះអាវុធផងដែរ ខណៈពេលដែលជនសង្ស័យ
បានរត់ទៅពួនសំងំនៅលើផ្ទះល្វែងកំពស់២ជាន់ ហើយបានលោតទម្លាក់ខ្លួនចុះមកក្រោម
តែសំណាងល្អធ្លាក់មកលើដីខ្សាច់ មិនបណ្តាលឲ្យជនសង្ស័យរងរបួសធ្ងន់នោះទេ ។
ទោះយ៉ាងណា សមត្ថកិច្ចបានផ្ទុះអាវុធគំរាមជនសង្ស័យ
ដោយខ្លាចជនសង្ស័យមានអាវុធកាន់នៅនឹងដៃ។
លោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានបង្ហើបឲ្យដឹងថា
សមត្ថកិច្ចបានដកហូតម៉ូតូហុងដាសេ១១០ ពណ៌ខ្មៅ
ដែលជនសង្ស័យប្លន់ពីជនរងគ្រោះមកវិញ និងបានដកហូតទួឡឺវីសចំនួន១ដើម
ដែលជនសង្ស័យយកមកប្រើសម្រាប់ចាក់ទៅលើជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិ ៕
Categories:
ព័តមានជាតិ