ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរ ត្រូវរងរបួសបែកក្បាល ទាំងពីរនាក់ ខណៈដែល ក្រុមចោរប្លន់ ប្រដាប់អាវុធ មានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី៣ដើម វាយប្លន់យក ម៉ូតូរបស់ពួកគេខណៈ ពួកគេកំពុងជិះម៉ូតូ ត្រឡប់មកពីបុណ្យអ្នកភូមិ កាលពីវេលាម៉ោង ២១និង១០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចផ្លូវលំ ឃុំកោះរកា សង្កាត់ព្រៃស ខណ្ឌដង្កោ។
ប្តីប្រពន្ធដែលរងរបួសខាងលើនេះ មានឈ្មោះ គាំ ទុំ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាប្តី មានមុខរបរជា សន្តិសុខ និងប្រពន្ធ មិនបានស្គាល់អត្តសញ្ញាណ ហើយអ្នកទាំងពីរ ស្នាក់នៅជិត ចំណុចកើតហេតុ ហើយម៉ូតូដែលក្រុមចោរប្លន់ យកទៅបាត់នោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ 1BI-1940 ។
លោកគាំ ទុំ ជាប្តី បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់រួមជាមួយនិងភរិយា បានជិះម៉ូតូ មួយគ្រឿងម៉ាកសេ១២៥ ចេញពីកន្លែងបុណ្យ រួមភូមិកោះរកា ហើយ ជិះម៉ូតូតាមបណ្តោយ ផ្លូវ៣០ម៉ែត្រ ក្នុងបំណងត្រឡប់ មកលំនៅឋានវិញ ប៉ុន្តែ ខណៈរូបគាត់ជិះម៉ូតូ មកដល់ ចំណុចផ្លូវបត់ កែងផ្លូវ៣០ម៉ែត្រ ស្រាប់តែមានក្រុមចោរ ប្រដាប់អាវុធ៣នាក់ ប្រដាប់ ដោយកាំភ្លើងខ្លីចំនួន៣ដើម ជិះម៉ូតូស៊េរីទំនើប មួយគ្រឿង ម៉ាកហុងដា សេ១២៥ ឌុបគ្នាមកកៀ រូបគាត់បណ្តាលឲ្យ ដួល ខណៈនោះក្រុមចោរពីរនាក់ បានចុះ ពីលើ ម៉ូតូយកកាំភ្លើង ២ដើម មកភ្ជង់និងវាយក្បាល ពីរនាក់ប្តីប្រពន្ធបណ្តាល ឲ្យបែកឈាម ហូរស្រោចខ្លួន ក្រោយមកក្រុមចោរបានដណ្តើមយកម៉ូតូ ជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ភ្លាមៗនោះ ពីរនាក់ប្តីប្រពន្ធបានស្រែកឆោរឡោ សុំអន្តរាគមន៍ពីនគរបាលមូលដ្ឋាន ប៉ុន្តែទម្រាំ តែសមត្ថកិច្ចមកដល់កន្លែង កើតហេតុ គឺក្រុមជន ល្មើសរត់គេច ខ្លួនបាត់អស់ទៅហើយ។ សមត្ថកិច្ចបានត្រឹមតែចុះមកស្រង់យកសម្តីពីជនរងគ្រោះ ធ្វើរបាយការណ៍បញ្ចូនទៅថ្នាក់លើតែប៉ុណ្ណោះ។
នេះគឺជាអំពើប្លន់ប្រដាប់អាវុធ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មួយចំនួនដែលបានឃើញ ហេតុការណ៍ និងបានដឹងហេតុការណ៍នេះ ម្នាក់ៗមានការភ័យតក់ស្លុតយ៉ាងខ្លាំងព្រោះតែ ខ្លាចក្រុមចោរទាំងនោះ មកធ្វើសកម្មភាពជា បន្តបន្ទាប់នៅក្នុងមូលដ្ឋាន ក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ ដូច្នេះជុំវិញករណីប្លន់ខាងលើនេះ សូមលោក មុំ សុវត្ថិ អធិការនគរបាល ខណ្ឌដង្កោ មេត្តាពង្រឹងកម្លាំងដាក់ ល្បាតតាម គោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តផង ព្រោះកន្លងមកករណីប្លន់ ភាគច្រើនគឺក្រុមជន ល្មើសរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
Categories:
ព័តមានជាតិ