ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ជា​ជាង​អារ​ឈើ បាន​ទៅ​ទាញ​បញ្ឆេះ​ម៉ាស៊ីន​ ស្រាប់​តែ​ផ្ទុះ​ម៉ាស៊ីន​នោះ បណ្តាល​ឲ្យ​ខ្ទាត​សាំង​លើ​ខ្លួន ប៉ះ​ជាមួយ​ផ្កា​ភ្លើង​ឆាប​ឆេះ​រលាក​រលួយ​ពេញ​ខ្លូន​ប្រាណ រង​របួស​ធ្ងន់ ។

គ្រោះថ្នាក់នេះ កើតឡើងនៅវេលា​ម៉ោង ២រសៀលថ្ងៃទី១៩ កុម្ភៈ ស្ថិត​ក្នុងឃុំសំព័រ ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ។
ប្រភពព័ត៌មានពីស្រ្តីឈ្មោះ ដាំ យន់ អាយុ ៦០ឆ្នាំ មានទីលំនៅស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះជាកូនប្រុសរបស់គាត់​ឈ្មោះ តូច វិចិត្រ អាយុ២៥ឆ្នាំ បានទៅធ្វើការនៅរោងម៉ាស៊ីនអារឈើ ទើបតែបានមួយខែប៉ុណ្ណោះ ។ មុនពេលកើតហេតុ បានឲ្យទៅទាញខ្សែបញ្ឆេះម៉ាស៊ីន ស្រាប់តែ​ម៉ាស៊ីននោះឆ្លងចរន្ត ធ្វើឲ្យផ្ទុះ​ម៉ាស៊ីន​ខ្ទាត​សាំង​ទៅលើខ្លួន នឹងមានផ្កាភ្លើងចេញពីម៉ាស៊ីនផង ទើបបណ្តាលឲ្យឆាបឆេះរលាករលួយពេញខ្លួនប្រាណ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដឹកតាមរថយន្ត យកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ តែរលាកធ្ងន់ធ្ងរពេក បានបញ្ជូនបន្ត​ទៅព្យាបាល​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ ៕

Recent Posts