ពោធិ៍សាត់ ​ ៖ ​មាន​ភាព​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ទីប្រជុំជន​ដោយ​ម្នាក់ៗ​ព្រលឹង​ ចុង​សក់​ ខណៈ​ពេល​ប្រជាពលរដ្ឋ​កំពុង​លក់ដូរ​ និង​ធ្វើ​ចរាចរ​ទៅមក​ពេល​ឮ​សំឡេង​លាន់​កក្រើក​ដី​ដូច​គ្រាប់បែក​ផ្ទុះ​ និង​មាន​ហុយផ្សែង​ខ្មៅ​ឡើង​លើ ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​ចំណុច​ជាង​ជួសជុល​រថយន្ត​មួយ​កន្លែង​យីហោ​ជាង​ណាក់​តោន​រថយន្ត​ក្នុងភូមិ ​ផ្សារ ឃុំ​អន្លង់ត្នោត ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ពេល​ទៅដល់​កន្លែង​កើតហេតុ​ទើប​ដឹង​ថា​ជា​ការ​ផ្ទុះ​កំប៉ុង​ហ្គាស៍​ថ្ម​ស្អុយ ​សោះ។
បើតាម ​លោក ហ៊ុន ហៀង​នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​អន្លង់ត្នោត ឲ្យ​ដឹង​ថា នៅ​ម៉ោង​ខាងលើ​រូបលោក​ក៏​បានឮ​សំឡេង​ដូច​ផ្ទុះ​គ្រាប់បែក ដូច​ប្រជាពលរដ្ឋ​ដែរ​ពេលនោះ​​លោក​ក៏​ទៅដល់​ទីតាំង​កើតហេតុ​ភ្លាមៗ រួម​ជាមួយ​មនុស្សម្នា​ជាច្រើន​ទើប​ម្ចាស់​ជាង​តោន​រថយន្ត​នោះ​ប្រាប់​ថា​ ពួកគេ​បាននាំគ្នា​មួល​ខ្ចៅ​បង្ហូរ​ថ្ម​ស្អុយ​ចេញពី​បំពង់ ហើយ​ពេល​កំពុង​បង្ហូរ​នោះ​ប្រហែលជា​បំពង់​នេះ​ចាស់​ទ្រុឌទ្រោម ក៏​ផ្ទុះ​បាត​ធុង​ថ្ម​ស្អុយ​នោះ​ឮ​សំឡេង​ខ្លាំង​បណ្ដាល​ឲ្យ​ផ្សែងហុយ​ពេញ​ មេឃ​បង្ក​ការភ្ញាក់ផ្អើល​តែម្ដង។ ប៉ុន្តែ​សំណាងល្អ​អត់​មាន​អ្នកណាម្នាក់​រងគ្រោះថ្នាក់ ពីព្រោះ​ពន្លត់​ទាន់ពេល។
លោកនាយ ​ប៉ុស្ដិ៍​ទីនោះ​ក៏បាន​ធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ក្រុម​ អាជីវករ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​លើ​ករណី​ទាំងនោះ​ផង​ព្រោះ​មួយ​រយៈ​ ពេលនេះ​ការផ្ទុះ​កំប៉ុង​ហ្គាស៍​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ និង​បង្ក​គ្រោះថ្នាក់​ច្រើនណាស់៕

Recent Posts