ព្រះវិហារ ៖ បន្ទាប់ពីការខ្វែងគំនិត អំពីទីកន្លែង នៃការជួបប្រជុំ ទីបំផុត សមភាគី នៃរដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា-ថៃ បានឈានដល់ការព្រមព្រៀងគ្នាសម្រេចឱ្យមានការជួបប្រជុំ នៅប្រាសាព្រះវិហាររបស់ខ្មែរ គោបុរៈទី៤ វេលម៉ោង១០និង៣០នាទីថ្ងៃអង្គារទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ។
សេចក្ដីរាយការណ៍ពីមន្ដ្រីយោធា នៅប្រាសាទព្រះវិហារបានឱ្យដឹងថា រដ្ឋមន្ដ្រី ក្រសួងការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ បាញ់ឧនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិថៃ លោកសុកាំផុន សុវណ្ណាថាត ដែលអមដោយ មន្ដ្រីយោធាជាន់ខ្ពស់១៤រូបម្ខាង ប្រជុំពិភាក្សាគ្នាទៅលើប្រធានបទដែលសំខាន់ ទាក់ទងការថែរក្សាស្ថេរភាពនៅតាមតំបន់ព្រំដែនទាំងពីរ ជាពិសេសតំបន់ប្រាសាទព្រះវិហារ និងតំបន់សងខាង ដែលងាយនឹងផ្ទុះអាវុធដាក់គ្នានោះ ។
គ្មានមន្ដ្រីផ្លូវការនៃប្រទេសទាំងពីរ បាន អះអាងថា ការប្រជុំនោះផ្ដោតសំខាន់លើអ្វីទេ គ្រាន់តែលើកឡើងថា ការប្រជុំនេះជារឿងធម្មតា រួចហើយទស្សនាប្រាសាទព្រះវិហារ ព្រមទាំងទទួលទានអាហារថ្ងៃរួមគ្នា ។
សម្រាប់អ្នកវិភាគបានមើលឃើញ ថា ការជួបប្រជុំថ្នាក់រដ្ឋមន្ដ្រីក្រសួងការពារជាតកម្ពុជា-ថៃ នេះ បានធ្វើឡើងបន្ទាប់ពីក្រុម និយមជ្រុលថៃមួយក្ដាប់តូច តែងតែមករំខាន នៅតំបន់ក្បែរប្រាសាទព្រះវិហារ នឹងនៅតាមតំបន់មួយចំនួនទៀត រាប់ទាំងបង្គោលព្រំដែនលេខ៧៣ នៅចាំយាម ខេត្ដកោះកុងផងដែរ ។ ជាងនេះទៅទៀត ការជួបប្រជុំនេះ ក្រោយ ពីនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យយោធាប្រទេសទាំងពីរ រក្សាភាពស្ងប់ស្ងាត់សហប្រតិបត្ដិការ ក្នុងនោះ ក៏បានដាស់តឿឱ្យកងកម្លាំងយោធាកម្ពុជា ប្រុងប្រយ័ត្នជានិច្ច។
បើតាមលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃអង្គារ នេះថា ក្នុងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិ នៃប្រទេសជាបងប្អូនទាំងពីរនេះ មិនមាន របៀបវារៈនោះទេ តែរដ្ឋមន្រ្តីទាំងពីរនឹងដើរទស្សនាប្រាសាទព្រះវិហាររបស់ខ្មែរ រួមគ្នា ហើយនៅថ្ងៃត្រង់នឹងស្រស់ស្រូបអាហាររួម គ្នាផងដែរ។
នៅមុនជំនួបរដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា និងថៃ នៅគោបុរៈទី៤ នៃប្រាសាទព្រះវិហាររបស់ខ្មែរ វេលាខាងមុខនេះ រដ្ឋមន្ដ្រីការពារជាតិថៃ សុកាំផុន សុវណ្ណាថាត់ បានឆ្លៀតពេលធ្វើ សន្និសីទកាសែតជាមួយប្រទេសថៃ ដោយបានថ្លែងថា ជំនួបរវាងនាយឧត្ដម សេនីយ៍ ទៀ បាញ់ គឺជាការពិភាក្សាទូទៅ ទាក់ទងតំបន់ជាប់នឹងព្រំដែនប្រទេសទាំងពីរ ។
លោកសុកាំផុន បានបញ្ជាក់យ៉ាងច្បាស់ ថា ជំនួបនេះនឹងមិនធ្វើឱ្យភាគីថៃ ចាញ់ប្រៀប ចំពោះជម្លោះប្រាសាទព្រះវិហារ ដែលស្ថិតនៅក្នុងអំឡុងពេលពិចារណារបស់តុលាការយុត្ដិធម៌អន្ដរជាតិ ICJ ហើយលោក ក៏ជឿជាក់ផងដែរថា ភាគីកម្ពុជា នឹងមិនលើកឡើងនូវរបៀបវារៈ ដែលទាក់ទងនឹងផល ប្រយោជន៍របស់ខ្លួន ។
សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ពីក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ទោះបីជាកម្ពុជា មានប្រៀបលើសាលក្រមនៅតុលាការយុត្តិធម៌ទីក្រុងឡាអេក្តី តែកម្ពុជាមិន ប្រើកម្លាំងជាដាច់ខាត ពោលគឺដោះ ស្រាយបញ្ហាដោយសន្តិវិធី។
សម្តេចនាយករដ្ឋមន្រ្តីបានរំលឹកថា ពេលជួបពិភាក្សាជាមួយលោកស្រី យីងឡាក់ សម្តេចបាន ប្រាប់នាយករដ្ឋមន្រ្តី ថៃរូបនេះថា កុំឲ្យបញ្ហាមួយ កន្លែងនេះ រីករាលដាលទៅកាន់កន្លែងផ្សេងតាមបន្ទាត់ព្រំដែន និងមិនឲ្យប៉ះពាល់លើ វិស័យផ្សេងទៀត ដូចជាពាណិជ្ជកម្ម និង សេដ្ឋកិច្ចនោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ថា «កុំឲ្យកម្ទេចភ្លើង មួយក្លាយជាអគ្គិភ័យ»។ ប៉ុន្តែចំពោះបញ្ហានេះ កម្ពុជាត្រូវមានការ ប្រុងប្រយ័ត្នគ្រប់ពេលវេលា។
គួរបញ្ជាក់ថា ប្រទេសថៃ បានលើកកងទ័ពមក ឈ្លានកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានគណៈកម្មការបេតិភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេ ស្កូសម្រេច ជាឯកច្ឆ័ន្ទដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំលើកទី៣២ របស់អង្គការវប្បធម៌ពិភពលោកមួយនេះ។
កងទ័ពរបស់ថៃ បានដកចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ១០ព្រឹក។ ចាប់តាំងពីកងទ័ពថៃចូលលុកលុយឈ្លានពានតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈរបស់ខ្មែរកង ទ័ពឈ្លានពានរបស់សៀម បានប្រកាសសង្គ្រាមឈ្លានពានខ្មែរ ដោយបានវាយមកលើកងទ័ពខ្មែរនៅដើមខែកុម្ភៈ ឆ្នាំ២០១១ នៅតំបន់ប្រាសាទព្រះវិហារ និងបាញ់កាំភ្លើងផ្លោងបំផ្លាញវត្តកែវសិក្ខាគិរីស្វារៈ និងនៅចុងខែមេសា ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ តាក្របី ស្រុកគោកមន ខេត្តឧត្តរមានជ័យ បណ្តាលឲ្យទាហានខ្មែរស្លាប់ មួយចំនួន និងរងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺនគ្រួសារ។ ថ្ងៃទី២៨ ខែមេសា កម្ពុជាប្តឹងទៅតុលាការយុត្តិ ធម៌អន្តរជាតិទីក្រុងឡាអេ អំពី សៀមប្រកាសសង្រ្គាមវាយខ្មែរ ដោយសុំឲ្យកងទ័ពសៀមដកចេញពីតំបន់ប្រាសាទ ព្រះវិហារ និងប្តឹងឲ្យតុលាការ កំពូលអន្តរ ជាតិ បកស្រាយសាលក្រមតុលាការក្រុងឡាអេ ១៥ មិថុនា ១៩៦២។
នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២នេះដែរ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់សេចក្តីប្រគល់ប្រាសាទ ព្រះវិហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យមកខ្មែរវិញ ព្រមទាំងបញ្ជាឲ្យដកទាហាន និងឆ្មាំ ចេញពីបរិវេណប្រាសាទព្រះវិហាររបស់ខ្មែរ៕
Categories:
ព័តមានជាតិ