បាត់ដំបង
៖ ជនសង្ស័យម្នាក់គឺជាមុខសញ្ញាចាស់
ដែលសមត្ថកិច្ចតាមប្រមាញ់ជាយូរមកហើយនោះ ត្រូវបានឃាត់ខ្លួន
ខណៈពេលដែលជននោះកំពុងធ្វើសកម្មភាពជាក់ស្ដែង
និងផ្ដល់កន្លែងប្រើប្រាស់ឲ្យយុវសិស្ស២នាក់សេពនៅក្នុងទីតាំង
របស់គេផង។
ដោយ
យោងទៅលើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
និងទប់ស្កាត់នូវការធ្វើចរាចរគ្រឿងញៀនផងនោះ នៅថ្ងៃទី១២ ខែមីនា
ឆ្នាំ២០១៣ វេលាម៉ោង១១ថ្ងៃត្រង់ កម្លាំង
អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដឹកនាំដោយលោក ស៊ន កុសល
នាយផ្នែកព្រហ្មទណ្ឌបានចុះទៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ
ក្រុងបាត់ដំបង
ដើម្បីធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់។
នៅក្នុងករណីជាក់ស្ដែងក៏មានយុវជន២នាក់ទៀត
ដែលកំពុងប្រើប្រាស់នៅទីនោះផង។
មុខសញ្ញា
ចែកចាយដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះឈ្មោះ យួម ធិន ភេទប្រុស
អាយុ២០ឆ្នាំ រស់នៅទីតាំងខាងលើ
ចំណែកអ្នកប្រើប្រាស់ទាំង២នាក់មានទី១. ឈ្មោះ អ៊ុក ធា ហៅមាក់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ និងទី២. ឈ្មោះ ឈឹម វិទូភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសួសអី ឃុំពាមឯក។
ក្នុងកិច្ចប្រតិបត្តិការនោះផងដែរ សមត្ថកិច្ចបានដកហូតគ្រឿងញៀនប្រភេទKទឹកកក
១កញ្ចប់តូច ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃ២គ្រឿង
កាបូបលុយចំនួន២ និងដាវសាម៉ូរ៉ៃចំនួន២ដើមថែមទៀតផង។
នៅ
ចំពោះមុខសមត្ថកិច្ចមុខសញ្ញាចែកចាយ យូម ធិន
បានសារភាពថាខ្លួនពិតជាបានយកថ្នាំញៀនមកលក់ឲ្យពួកគេមែន
ប៉ុន្តែទើបតែរកស៊ីបានប្រហែល៦ដងតែប៉ុណ្ណោះក៏ត្រូវសមត្ថកិច្ច
ឃាត់ខ្លួន។
ដោយឡែក
យុវសិស្សឈ្មោះ ឈឹម វិទូ បច្ចុប្បន្នរៀននៅថ្នាក់ទី៩
និងមានឪពុកជាកម្មករសំណង់ បានរៀបរាប់ថា
ខ្លួនត្រូវបានមិត្តភក្ដិបបួលទៅលេងផ្ទះ យួម ធិន
ដើម្បីទិញគ្រឿងញៀនយកមកជក់
តែដោយសារនៅទីនោះមានឧបករណ៍ស្រាប់ក៏ជក់នៅទីនោះតែម្ដង
ហើយកន្លងមករហូតមកទល់ពេលនេះគឺខ្លួនធ្លាប់ជក់តែ៣ដងប៉ុណ្ណោះ
ឥឡូវទើបភ្ញាក់ខ្លួនថាស្ដាយការសិក្សា។
លោក
ស៊ន កុសល បានអះអាងថា បច្ចុប្បន្នទាំងមុខសញ្ញាចែកចាយ
ក៏ដូចជាអ្នកប្រើប្រាស់គឺកម្លាំងរបស់លោកកំពុងបំពេញឯកសារដើម្បីបញ្ជូន
ទៅតាមផ្លូវច្បាប់
ទុកឲ្យតុលាការជាអ្នកសម្រេចនិងផ្ដន្ទាទោសទៅតាមនីតិវិធី៕
Categories:
ព័តមានជាតិ