សៀមរាប ៖ រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ក្រុមហ៊ុន​សិលា​អង្គរ​អ៊ិ​ច​ប្រេ​ស បាន​ឆក់​យក​ជីវិត មនុស្ស​ម្នាក់​ទៀតហើយ នៅ​ចំ​កណ្តាល​ស្ពាន​ថ្មី ស្ថិតនៅ​ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្ត​សៀមរាប កាល​ពី​វេលា​ម៉ោង ១២ និង​៣០នាទី ថ្ងៃទី​១៣ ខែ មិនា ឆ្នាំ ២០១៣ ។    
តាម ​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ ដែល​បាន​ឃើញ​ហេតុ​ការណ៍​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ មាន​រថយន្ត​ម៉ាក​ហ្វត ពណ៌ ទឹក ប្រាក់​មួយ​គ្រឿង ពាក់​ស្លាក​លេខ 2N-9041 បាន ​បើក​ក្នុង​ល្បឿន​​យ៉ាង​​លឿន​ក្នុង​ទីប្រជុំ​ជន ​លុះ​មកដល់​ចំណុច​កើត​ហេតុ ក៏បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សង់​កូរ៉េ ​ខណៈ​ពេល​ដែល​បើកបរ​ស្រប​ទិស​គ្នា ក៏​ស្រាប់តែ​រថយន្ត​របស់​ក្រុមហ៊ុន​សិលា​អង្គរ​អ៊ិ​ច​ប្រេស បាន​បុក​យ៉ាង​ពេញ ទំហឹង​ទៅ​លើ​ជនរងគ្រោះ ចំ​កណ្តាល​ស្ពាន បណ្តាល​ឲ្យ​ជនរងគ្រោះ​រមៀល​​ប៉ើង​ជាង១០ម៉ែត្រ ទីបំផុត​ជន​រង​គ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ ម្តង។
ខណៈ ​ពេល​ដែល​កើតហេតុ លោក ស្រី សំអុល អធិការរង ទទួលបន្ទុក​ផែន​ចរាចរ ស្រុក​ជីក្រែង បាន​ចុះទៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ ដើម្បី​ធ្វើ​ចរាចរ រំដោះ​ការ​កក​ស្ទះ និង​ជួយ​ធ្វើ​អន្តរាគមន៍ ការពារ​ទ្រព្យសម្បត្តិ ដោយសារតែ​មាននៅ​ក្នុង​រថយន្ត​មាន​អ្នកដំណើរ​ផង​ដែរ។ លោក ស្រី សំអុល បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​អ្នក​បើក​របរ​មិន​គោរព​ច្បាប់​ចរាចរ​ផ្លូវគោក ម្យ៉ាងទៀត​ចំណុច​ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​នេះ គឺជា​ចំណុច​ស្ពាន និង​ជា​កន្លែង​ទីប្រជុំជន​ទៀត​ផង។ ក្នុង​ករណី​គ្រោះថ្នាក់​នេះ ជនរងគ្រោះ​ដែល​បើកបរ ម៉ូតូ ឈ្មោះ ជុន ភេទ ប្រុស  អាយុ ៤៧ ឆ្នាំ រស់នៅ​ភូមិ បឹង​ព្រីង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប ចំណែក ភាគី​ខាង​រថយន្ត​ក្រុមហ៊ុន សិលា​អ៊ិ​ច​ប្រេ​ស​នេះ មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​តៃកុង​ឡាន​នោះ​ទេ តែ​ទោះជា​​យ៉ាង​​ណា​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង​កំពុង​តែ​ធ្វើ​ការ​ទំនាក់ទំនង ឲ្យ​ភាគី​ខាង ក្រុមហ៊ុន​ចូល​មក​ដោះស្រាយ​តាម​នីតិ​វិធី​នៃ​ច្បាប់ ។
រីឯ ​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​​សាច់ញាតិ ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង មាន​រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​នាំ​យក​មក​​រក្សាទុក​នៅ​អធិការ​ស្រុក​ជីក្រែង។
គួរ ​បញ្ជាក់​ថា រថយន្ត​​ដឹក​ភ្ញៀវ​​ធុន២៤​កៅ​អី​នេះ​ មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ប្រភេទ​បាន​ប្រកប​របរ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ជាតិ​ សំខាន់​ៗ ប៉ុន្តែ​ក្រុម​តៃកុង​រថយន្ត​ទាំង​នោះ​បើក​បរ​ព្រហើន​មិន​​សូវ​គោរព​តាម​​ ច្បាប់​ចរាចរ​នោះ​ទេ ដោយ​ពួក​តៃ​កុង​រថយន្ត​ទាំង​នោះ​ធ្វើ​​យ៉ាង​ណា​​បើក​ឲ្យ​បាន​លឿន​តាម​បំណង​ មិន​គិត​ពី​សុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ​លើ​រថយន្ត និង​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ជាមួយ​គ្នា​នោះ​ទេ៕​​

Recent Posts