ភ្នំពេញៈ ប្រធាន​រដ្ឋ​សភា​លោក ហេង សំរិន កាល​ពី​ម្សិលមិញ បាន​ថ្លែង​អំពី​ភាព​រីក​ចម្រើន នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​កម្ពុជា។
នៅ​ក្នុង​សុន្ទរកថា​ បើក​សិក្ខា​សាលា​រួម​គ្នា​លើក​ទី៤ រវាង​សភា​កម្ពុជា ឡាវ និង​វៀតណាម ស្តីពី​«​តួនាទី​សភា ក្នុង​ការ​រៀបចំ​ថវិកា​ជាតិ ការ​លើក​កម្ពស់​ការ​ត្រួត​ពិនិត្យ​ថវិកា តាម​រយៈ​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ» ដែល​​មាន​ការ​ចូល​រួម ពី​ប្រតិភូ​វៀតណាម និង​ឡាវ ​លោក​ ហេង សំរិន ​បាន​ថ្លែង​ថា កម្ពុជា មាន​សុទិដ្ឋិ​និយម​ថា ​សេដ្ឋកិច្ច​នឹង​មាន​កំណើន​ប្រចាំ​ឆ្នាំ​ជា​មធ្យម​​លើស ៧ ភាគរយ​ក្នុង​រយៈ​ពេល​មធ្យម ហើយ​តាម​រយៈ​​កំណើន​​នេះ ផលិតផល​ក្នុង​ស្រុក សម្រាប់​មនុស្ស​ម្នាក់ៗ បាន​កើន​ឡើង​ពី ៧៦០ ដុល្លារ​ ក្នុង​ឆ្នាំ ២០០៨ រហូត​ដល់​ជិត ១០០០ ដុល្លារ​​ ក្នុង​ឆ្នាំ​ ២០១២ ហើយ​អាច​នឹង​កើន​ឡើង​ដល់​ ១០៨០ ដុល្លារ​ ក្នុង​ឆ្នាំ​២០១៣ នេះ។ ​​លោក​បន្ត​ថា សមិទ្ធផល​ដ៏​ប្រសើរ​នេះ​ ជា​ផ្នែក​មួយ ស្តែង​ចេញ​ពី​ការ​អនុវត្តគោល​នយោបាយ​ និង​ការ​គ្រប់គ្រង​ថវិកា​ជាតិ ត្រូវ​បាន​កែ​លម្អ​ និង​ពង្រឹង​ជា​បណ្តើរៗ ដែល​ការ​គ្រោង​​តម្រូវ​ការ​ នៃ​ការ​ចំណាយ​កាន់​តែ​មាន​​ភាព​សុក្រឹត​ និង​ផ្សារ​ភ្ជាប់​ទៅ​នឹង​គោល​នយោបាយ​អាទិភាព ​ព្រម​ទាំង​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ​ កាន់​តែ​មាន​ប្រសិទ្ធភាព។ ​លោក ​បន្ថែម​ថា​ ភាព​រុងរឿង និង​សុខុមាលភាព របស់​ប្រជាជន គឺ​ពឹង​ផ្អែក​ទៅ​លើ​សេចក្តី​សម្រេច​​របស់​រដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ថវិកា​ជាតិ ដោយ​តាម​រយៈ​ការ​ប្រមូល​ប្រាក់​ចំណូល​និង​ការ​ចំណាយ​បាន​ត្រឹមត្រូវ ។ ​
តំណាង​រាស្រ្ត​គណបក្ស​ សម រង្ស៊ី លោក សុន​ ឆ័យ បាន​ថ្លែង​ថា​ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​សិក្ខា​សាលា​នេះ​ទេ ហើយ​ជាង​នេះ​ទៀត ប្រទេស​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម គឺជា​ប្រទេស​ដែល​មិន​មែន​ជា​គំរូ​ល្អ សម្រាប់​រដ្ឋាភិបាល​ដែល​មាន​តម្លាភាព​ទេ។
លោក សុន ឆ័យ បាន​ថ្លែង​ទៀត​ថា​៖ «ឡាវ និង​វៀតណាម គឺជា​ប្រទេស​កុម្មុយនីស្ត។ យើង​ត្រូវ​តែ​រៀបចំ​ថវិកា ទៅ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​សេរី ធ្វើ​ការងារ​នេះ ​ដោយ​បើក​ចំហ។ វា​ត្រូវ​តែ​មាន​ការ​ចូល​រួម ពី​ថ្នាក់​ឫសគល់​មូលដ្ឋាន»។
លោក​ ហេង សំរិន ប្រធាន​រដ្ឋ​សភា នៅ​ក្នុង​សិក្ខា​សា​លា​ កាល​ពី​ម្សិ​ល​មិញ​​​។

Recent Posts