ពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​ឈ្មោះ​ម៉ាក់​គីប​អាយុ​២៨​ឆ្នាំ​ នៅ​ភូមិ​.​ឃុំ ​បឹង​ខ្នា ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​បាន​ផឹកស៊ី​រហូត​ឡប់សតិ​រត់​ឡើងលើ​ដំបូលផ្ទះ​ខ្លួន​ឯង​លោត​ មក​ដី​សម្លាប់​ខ្លួន​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាម​ៗ បើ​ទោះជា​មានការ​ទប់ស្កាត់​ពី​ក្រុម​គ្រួសារ​រាល់ពេល​បុរស​នេះ​ផឹក​ ស្រវឹងស្រា​យ៉ាង​ណា​ក៏​ដោយ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៣។​
លោក ញៀន សាវឿន នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំបឹងខ្នារ​បាន​ទៅដល់​កន្លែង​កើតហេតុ​ដើម្បីរក​ មូលហេតុ​ដំណើរ​រឿង​នេះ​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា បុរស​នេះ​ពីមុន​ជា​មនុស្ស​ពុំ​ចេះ​ផឹកស្រា​នោះ​ទេ គឺជា​មនុស្ស​មាន​សតិ​ល្អ​ត្រឹមត្រូវ​ដូច​មនុស្ស​ឯទៀត​នៅក្នុង​ស្រុក​ដែរ។ ប៉ុន្តែ​នៅពេល​បុរស​នេះ​ចេះ​ផឹកស្រា​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ក៏​ចាប់ផ្ដើម​ គ្រប់គ្រង​ខ្លួនឯង​លែង​បាន ធ្វើ​នេះ​ធ្វើ​នោះ​តាម​នឹកឃើញ ខុសប្លែក​ពី​កាល​មិនទាន់​ចេះ​ផឹកស្រា ហើយ​ពេល​រូបគេ​មិន​ផឹក​គឺ​ជួយ​ធ្វើ​ការ​លក់​ត្រី​ជាមួយ​ប្រពន្ធ​ដូច​មនុស្ស​ ធម្មតា។ ស្រាប់តែ​មុន​ពេល​កើតហេតុ​នោះ​មួយថ្ងៃ​ក៏​ចាប់ផ្ដើម​ផឹកស្រា​ទៀត ភាព​ឡប់សតិ​ក៏​កើតមានឡើង ហើយ​មានបំណង​សម្លាប់​ខ្លួន តែ​បាន​ក្រុមគ្រួសារ​ជួយ​ការពារ​មិន​ឲ្យ​មាន​គ្រោះថ្នាក់​នោះ។ លុះដល់​ម៉ោង​១៦​យប់ ក្រុមគ្រួសារ​ស្មាន​តែ​បុរស​នេះ​ដេកលក់​លើផ្ទះ​នោះ ហើយក៏​នាំគ្នា​ដេក​ដែរ ស្រាប់តែ​បុរស​នោះ​ស្ទុះ​ងើបឡើង​លើដំបូល​ផ្ទះ ដែលមាន​កម្ពស់​១១​ម៉ែត្រ​ពី​ដី ផ្នែក​ចំហៀង​ផ្ទះ​ខាងត្បូង រួច​លោត​មក​ដី​ដាំ​ក្បាល​ចុះក្រោម​បាក់​.​ក​ស្លាប់​មួយ​រំពេច​បង្ក​ការ​ភ្ញាក់​ផ្អើល​តែម្ដង។
គ្រូពេទ្យ ​ជំនាញ​និយាយ​ថា បុរស​នេះ​បាន​ផឹកស្រា​រហូតដល់​គ្រប់គ្រង​ខ្លួនឯង​លែង​បាន ហើយ​ព្យាយាម​ផឹក​ទៀត ក៏​កើតជា​មនុស្ស​មិន​ប្រក្រតី​ឡើងលើ​ដំបូលផ្ទះ​ធ្វើអត្តឃាត​ដោយ​លោត​មក​ដី​ តែម្ដង៕

Recent Posts