រាជធានី​ភ្នំពេញ ៖ បុរស​២ នាក់ រង​របួស​ធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​ជែង​រ៉ឺម៉ក​ម៉ូតូ ធ្វើ​ឲ្យ​ប៉ះដៃ​ចង្កូត​ ដួល​ខ្ទាត​ទៅ​បោក​នឹង​ទ្វារ​រថយន្ត រង​របួស ។
គ្រោះថ្នាក់នេះ កើតឡើងនៅ​វេលា​ម៉ោង១១ និង៣០ នាទី​យប់ថ្ងៃ​ទី២៥ មីនា នៅគល់ស្ពានស្ទឹង​មានជ័យ​ខាងកើត តាមមហាវិថី​ព្រះមុនីរ៉េត ក្នុងសង្កាត់បឹង​សាឡាង ខណ្ឌ​ទួលគោក ។
សាក្សីឃើញហេតុការណ៍បានឲ្យ​ដឹង​ថា មុនពេលកើតហេតុម៉ូតូវីវ៉ា ពណ៌ក្រហម ជិះគ្នា ២នាក់ ក្នុង​ទិសដៅពីកើតទៅលិច ស្របជា​មួយរ៉ឺម៉កម៉ូតូ ខណៈមកដល់​ចំណុច​ខាង​លើ ម៉ូតូបើកជែងរ៉ឺម៉កម៉ូតូ ធ្វើឲ្យ​ប៉ះដៃចង្កូតជាមួយរ៉ឺម៉កម៉ូតូ ដួលខ្ទាតទៅបោកនឹងទ្វារថយន្តកាមរី បាឡែន ពណ៌ស្ករ បើកក្នុងទិសដៅបញ្រ្ចាសទិសគ្នា ធ្វើឲ្យអ្នកជិះ​ម៉ូតូទាំង​២នាក់ រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរង​គ្រោះ ត្រូវរថយន្តសង្គ្រោះ​ដឹកយក​ទៅ​ព្យាបាលនៅមន្ទីរពេទ្យ ចំណែក​រថយន្ត និងម៉ូតូវីវ៉ា ត្រូវសមត្ថកិច្ច​ធ្វើការវាស់វែង យកទៅ​ខណ្ឌ​ទួល​គោក ចំណែករ៉ឺម៉កម៉ូតូ បើក​ទៅ​មុខ​បាត់ ៕

Recent Posts