បន្ទាយមានជ័យ​ ៖ ​បន្ទាប់​ពី​ឥទ្ធិពល​ភ្លៀង​ផ្គរ​រន្ទះ​កក់ខែ​នៅ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ពាក់​កណ្ដាល​ខែមីនា​ ២០១៣ ​ធ្វើ​ឲ្យ​លំនៅដ្ឋាន​សាលារៀន​សាលាឆទាន​ជាង​៣០០​ខ្នង​បាន​បំផ្លាញ​រួច​មក ​ស្រាប់តែ​ភ្លៀង​ខ្យល់​ព្យុះ​របៀប​នេះ​ម្ដង​ទៀត​កាលពី​រសៀល​ថ្ងៃទី​១៧​ ខែ​មីនា ​ឆ្នាំ​២០១៣ ​បាន​មក​បំផ្លាញ​លំនៅដ្ឋាន​សាលារៀន​ស្ពានឈើ​អស់​ចំនួន​ជាង​៥០​ខ្នង​ចំ​កណ្ដាល​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។
លោក រ៉ែ​ម វីរៈ អធិការ​ក្រុង​សិរីសោភ័ណ​ជាទី​រួម​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ​កាលពី​រសៀល​ម៉ោង​៥​ដល់​ព្រលប់​ថ្ងៃទី ១៧ ​ខែមីនា ​ មាន​ខ្យល់ព្យុះ​លាយ​ទៅ​ដោយ​ភ្លៀង​បក់​បោក​ចំ​កណ្ដាល​ទីក្រុង​សិរីសោភ័ណ​ធ្វើ​ឲ្យ​លំនៅដ្ឋាន​សាលារៀន​ស្ពាន​ ប៉ាណូ​ពាណិជ្ជកម្ម​ជាច្រើន​ឋិត​នៅ​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​ព្រះ​ពន្លា សង្កាត់​អូរ​អំបិល សង្កាត់​កំពុងស្វាយ ត្រូវ​បាន​ដួល​រលំ​និង​ដើមឈើ​សង្កត់​លើ​ នាំ​ឲ្យ​បាក់​បង្គោល​ភ្លើង។ សង្កាត់​អូរ​អំបិល មានផ្ទះ​៩​ខ្នង​ដួល​រលំ​ទាំងស្រុង , ១៤​ខ្នង​ប៉ើង​ដំបូល , ៥​ខ្នង​របើក​ជញ្ជាំង​និង​សាលារៀន​៣​ខ្នង​(​ឋិត​នៅក្នុង​ភូមិ​សែ​សិន​) ១​ខ្នង​ត្រូវ​ដើមឈើ​ដួលរលំ​លើ​បណ្ដាល​ឲ្យ​បាក់​ទាំងស្រុង ​ឯ​២​ខ្នង​ទៀត​ប៉ើង​ដំបូល ព្រមទាំង​បង្គោល​ភ្លើង​ចំនួន​២​ត្រូវ​បាន​បាក់​សង្កត់​លើផ្ទះ​ប្រជាពលរដ្ឋ។ សង្កាត់​ព្រះ​ពន្លា​មានផ្ទះ​១៧​ខ្នង របើក​ជញ្ជាំង​ ​ប៉ើង​ដំបូល​និង​ស្ពានឈើ​ឆ្លងស្ទឹង​ព្រះ​ពន្លា​ដែល​មាន​ដំបូល​ប្រក់​ស័ង្កសី​ប្រវែង​ជាង​១០០​ម៉ែត្រ​សាងសង់​នៅ​ទសវត្សរ៍​ទី​៩០ ក៏​ត្រូវ​បាន​ភ្លៀង​ខ្យល់​បក់​បោក​ដំបូល​និង​ស្ពាន​ទ្រេត​ ក្រៅពីនោះ​នៅ​មាន​ប៉ាណូ​ពាណិជ្ជកម្ម​ជាច្រើន​ផ្ទាំង​ធំៗ​ក៏​ត្រូវ​បាន​ខ្យល់​បក់​ដួល​រលំ។ សង្កាត់​កំពង់ស្វាយ មានផ្ទះ​២​ខ្នង​ប៉ើង​ដំបូល។ជាមួយនឹង​គ្រោះធម្មជាតិ​នេះ​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​គ្រោះថ្នាក់​ដល់​មនុស្ស​ធ្ងន់ធ្ងរ​ឡើយ។
ក្នុង​ហេតុការណ៍​ខ្យល់ព្យុះ​ដួល​រលំ​នេះ​ម្ចាស់ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​បាន​ឲ្យ​ដឹងថា ដើមឡើយ​មាន​ភ្លៀង​ធ្លាក់​តិចៗ​ពុំមាន​ខ្យល់​នោះ​ទេ ​លុះដល់​ម៉ោង​ប្រមាណ​ជា​៥ ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយ​ជាមួយនឹង​ខ្យល់​បក់បោក​គួរ​ឲ្យ​ខ្លាច​ក៏​ធ្វើ​ឲ្យ​ដំបូលផ្ទះ​របស់​ពួកគាត់​ប៉ើង​និង​បាក់​រលំ​ដែល​ហេតុការណ៍​ទាំងនេះ​កន្លង​ជាច្រើន​ឆ្នាំ​ពុំដែល​កើតមានឡើង​នៅ​កណ្ដាល​ក្រុង​សិរីសោភ័ណ​ឡើយ។
គួរ​បញ្ជាក់​ថា ហេតុការណ៍​ខ្យល់ព្យុះ​ដួលរលំ​ផ្ទះ​នេះ​នៅ​ពាក់កណ្ដាល​ខែមីនា​ខេត្ត​បន្ទាយមានជ័យ​ទទួលរង​គ្រោះ​ចំនួន​២​លើក ដែល​លើក​ទី​១​កាលពី​ថ្ងៃទី​១៤ មាន​លំនៅដ្ឋាន​សាលារៀន​សាលាឆទាន​ចំនួន​៤០៥​ខ្នង​ត្រូវ​បាន​រង​ផល​ប៉ះពាល់​នៅ​ស្រុក​ថ្មពួក​និង​ស្រុក​ស្វាយចេក​ហើយ​លើក​ទី​២​នេះ​ជាង​៥០​ខ្នង​ដែល​ទំហំ​នៃ​ការខូចខាត​ទាំងនេះ​ខេត្តបន្ទាយមានជ័យ​មិន​ធ្លាប់​មាន​ឡើយ៕

Recent Posts