សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ខណៈជនរងគ្រោះ ទាំងបីនាក់ កំពុងជិះម៉ូតូ ម៉ាក់ស្មាស់រីវ៉ូ ពណ៌ខ្មៅស៊េរី២០១៣ មួយគ្រឿង ឆ្លងកាត់ស្ពានគីហ្សូណា ក្នុងទិសដៅចេញពី ក្រុងកំពង់ចាម លុះទៅដល់ចំណុច កើតហេតុ ស្រាប់តែមានរថយន្ត ហាយលេនឌឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2P-5571 បើកក្នុងទិសដៅ ចូលក្រុងកំពង់ចាម ហើយបានបុក ជនរងគ្រោះទាំងបីនាក់ បណ្តាលជនរងគ្រោះទាំងបីនាក់ ស្លាប់ភ្លាមៗ ក្នុងនោះ ជនរងគ្រោះម្នាក់ បានប៉ើងធ្លាក់ចូលទឹកទន្លេតែម្តង។
ស្រី្តឈ្មោះ ឃីម សុភាព អាយុ៣០ ដែលជាប្រពន្ធរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ខ្លួនមានបញ្ហាកូន នៅក្រៅក្បូន ហេតុដូច្នេះ ត្រូវមកសម្រាក ដើម្បីធ្វើការវះកាត់ នៅមន្ទីរពេទ្យខេត្ត ដោយបានធ្វើដំណើរ និងសម្រាកបានចំនួន២ថ្ងៃ ហើយ។
ស្រ្តីរូបនេះ បានបន្តទៀតថា លុះនៅថ្ងៃទី១២ ខែមីនា នេះ ប្តីរបស់ខ្លួនមានឈ្មោះ អ៊ួន គឺមស្រ៊ាន បានមកមើល គាប់ជួន និងមានស្រ្តីពីរនាក់ ទៀតដែល ជាមិត្តភក្តិ របស់ប្រពន្ធ ក៏មកមើលដែរ ។
លុះពេលត្រឡប់ទៅផ្ទះវិញ ស្រ្តីទាំងពីរនាក់នោះ បានសុំទៅជាមួយ ហើយក៏ជួបគ្រោះថ្នាក់បែបនេះ តែម្តងទៅ។ ជនរងគ្រោះរស់នៅភូមិជីរោកណ្តាល ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ដោយឡែក អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ប៉ុន្តែនៅ ក្នុងរថយន្ត មានបន្សល់ ឈ្មោះ ប័ណ្ណធ្វើការ ដែលមានឈ្មោះ ប៉ក សុខា ជាមន្រ្តីយោធា ថ្នាក់អនុសេនីយ៍ឯក បម្រើការងារនៅទីបញ្ជាការ ដ្ឋានបញ្ជូនសារ ។
ក្រោយកើតហេតុ រថយន្តនិងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕
Categories:
ព័តមានជាតិ