ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ ស្តីពី​ការ​សាង​សង់​ផ្លូវ​ក្រោម​ដី​រួម​មាន​ហាង​លក់​ទំនិញ និង​ហាង​លក់​វត្ថុ​អនុស្សវរីយ៍​ផេ្សងៗ។
យោង​តាម​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី ០៤ ខែ​មីនា​ បាន​ឲ្យ​ដឹង​ថា​រាជ​រដ្ឋាភិបាល​បាន​សម្រេច​តាម​រយៈ​លិខិត​លេខ ៦៥០ សជណ ចុះ​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០១១ របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ប្រគល់​សិទ្ធិ​ជូន​ក្រុមហ៊ុន តាន់​ស្រ៊ី​ឆេន​អ៊ីញ (ធី អេស ស៊ីអាយ) ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​សាង​សង់​ផ្លូវ​ក្រោម​ដី​រួម​មាន​ហាង​លក់​ទំនិញ និង​ហាង​លក់​វត្ថុ​អនុស្សវរីយ៍​ផេ្សងៗ។
ការ​សាង​សង់​ផ្លូវ​ក្រោម​ដី​នោះ មាន​បណ្តោយ ៤៤៧​ម៉ែត្រ ទទឹង ២៣​ម៉ែត្រ ដែល​តភ្ជាប់​ពី​អាគារ TSCLK ទៅ​ដល់​មុខ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៅ​កោះ​ពេជ្រ ដោយ​ឆ្លង​កាត់​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ដូចជា តាម​បណ្តោយ​ផ្លូវ​មុខ​រដ្ឋសភា នៅ​ក្បែរ​អាគារ Naga World ឆ្ពោះ​ទៅ​ទីស្តី​ការ​ក្រសួង​ការ​បរទេស ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។
បច្ចុប្បន្ន ដើម្បី​អនុវត្ត​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ខាង​លើ ក្រុម​ហ៊ុន តាន់ស្រ៊ីឆេនអ៊ីញ (ធី អេស ស៊ីអាយ) ក៏​បាន​ផ្តើម​សាង​សង់ និង​បាន​ហ៊ុំព័ន្ធ​ការ​ដ្ឋាន​សំណង់​ដោយ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​មួយ​ភាគបី ​នៃ​ផ្លូវ។
សេចក្តីជូនដំណឹងបន្តថា អាស្រ័យ​ហេតុ​នេះ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ និង​ក្រសួង​ស្ថាប័ន​ដែល​ប៉ះ​ពាល់ ដោយ​សារ​ការ​ដ្ឋាន​នេះ មេត្តា​យោគ​យល់​អធ្យា​ស្រ័យ និង​សហការ​ដោយ​ក្តី​អនុគ្រោះ។

Recent Posts