ក្រចេះ ៖ ផ្ទះ​ចំនួន៤៤ខ្នង​ត្រូវ​បាន​ខ្យល់​កំណាច​​បំផ្លាញ​​បណ្តាល​ឱ្យ​របើក​ដំបូង​និង​បាក់​ដើម​គគីរ​សង្កត់​ផ្ទះ​មួយ​ខ្នង ​និង​ស្លាប់​មនុស្សម្នាក់​របួស៣នាក់​ ដែល​ករណី​ខាង​លើ​នេះ​​បាន​កើត​​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៧ និង១០នាទី​ល្ងាច ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៣ នៅ​ភូមិ​រោងចក្រ ក្បាល​ស្នួល  និង​ភូមិ ក្រសាំង ស្ថិត​នៅ​ក្នុង​ឃុំ ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ។
បើ​តាម​​ការ​​ឲ្យ​ដឹង​ពី​លោក មេឃុំ​ស្នួល​រៀប​រាប់​ថា ភ្លៀង​លាយ​ខ្យល់​​​បាន​បោក​បក់​យ៉ាងខ្លាំង​​​​ប៉ះចំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៤៥ គ្រួសារ បណ្តាល​ឲ្យ​ផ្ទះថ្ម ឈើ​ប្រក់​ក្បឿង ស័ង្កសី ស្បូវ របើក​ដំបូល ខូចខាត យ៉ាង​ដំណំ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុងចំណោម៤៥គ្រួសារ​នោះ​មានផ្ទះ១ខ្នង​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្នួល   ត្រូវ​បាន​ដើម​គគីរ​បាក់​រលំ​សង្កត់​លើ​ធ្វើ​ឲ្យ​មនុស្ស​នៅ​ក្នុង​ផ្ទះ​ស្លាប់ម្នាក់ និង​រង​របួស៣នាក់ ក្នុង​នោះ​មាន​ក្មេង ប្រុស​អាយុ៧ឆ្នាំម្នាក់​របួសធ្ងន់​បាក់​ភ្លៅ។
លោក​មេឃុំ​និយាយ​បន្ត​ថា ជនរងគ្រោះ​ស្លាប់​បាន​​បង់​​អាយុជីវិត​នោះ​មានឈ្មោះ ស៊ីម ប៊ុម​ធឹម ភេទ​ប្រុស អាយុ ៤២ឆ្នាំ មាន​ស្រុកកំណើត ភូមិ​តន​ឡង​ទី៣ ឃុំ ព្រៃខ្លា ស្រុក ព្រៃវែង ខេត្ត​ព្រៃវែង ចំណាក​ស្រុក​មក​កាប់​ចំការ​ដាំ​ដំណាំ។ រីឯ​ជន​​រង​របួស​ធ្ងន់​បាក់ឆ្អឹង​ខ្នង​ឈ្មោះ វ៉ា ភេទ​ប្រុស  អាយុ​៤០ឆ្នាំ មកពី​ខេត្ត រតនៈគិរី ​បញ្ជូន​​ទៅ​សំរាក​​នៅ​មន្ទីរ​ពេទ្យបង្អែក​​ខេត្ត​ក្រចេះ និង​ម្នាក់ទៀត​ឈ្មោះ ឃ្លី ភេទ ប្រុស មិន​ស្គាល់​ទីលំនៅ រង​របួស​ស្រាល ត្រឡប់​ទៅ​ផ្ទះ​​វិញ​ដើម្បី​សំរាក​ព្យាបាល ចំពោះ​ក្មេង​ប្រុស​អាយុ៧ឆ្នាំ ឈ្មោះ ស៊ីម គឹម​ហួ ជា​កូន​ប្រុស​បង្កើត​របស់​លោក ស៊ីម ប៊ុន​ធឹ​ម ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា រាជធាន​ភ្នំពេញ។ ចំណែក​ជន​រងគ្រោះ ដែល​ស្លាប់​ត្រូវ​បាន​ក្រុម​គ្រួសារ​​នាំ​យក​ទៅ​​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។
ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៣ បន្ទាប់ពី​លោក​អភិបាលខេត្ត​ទទួល​បាន ព័ត៌មាន​ភ្លាម ក៏​​បាន​បញ្ជា​ឲ្យ​លោក ហឿ ស៊ី​យ៉ែម អភិបាលរង​ខេត្ត​ដឹកនាំ​ក្រុមការងារ និង​អាជ្ញាធរ ដែនដី ​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​​ជាក់ស្តែង និង​បាន​ចែក​ជូន​នូវ​ថវិកា សំភារៈ គ្រឿង​ឧបភោគ បរិភោគ ហើយ​បាន​ចាត់ចែង​ឲ្យ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​​ខេត្ត​​ត្រៀម​អំណោយ​សង្គ្រោះ ចុះ​សួរ​សុខ​ទុក្ខ​ជនរងគ្រោះ​​ផង​ដែរ ក្នុង​នោះ​​មាន​សំភារៈ​ប្រើប្រាស់ គ្រឿង​ឧបភោគ បរិភោគ ថវិកា មួយ​ចំនួន​ដើម្បី​យក​ទៅ​ប្រគល់​ឲ្យ​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត និង​ត្រៀម សំភារៈ ថវិកា​មួយ​ចំនួន​ផ្សេងទៀត ដើម្បី​ចែក​ជូន​គ្រួសារ​សព រួម​ទាំង​​ក្រុម​គ្រួសារ​ដែល​ត្រូវ​បាន​​ខ្យល់​បក់​​របើក​ដំបូល​ផ្ទះ​​ផង​ដែរ៕

Recent Posts