កំពង់ឆ្នាំង ​៖​ បុរស​ញៀន​ថ្នាំ​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​នីសាន់​ត្រូវ​បាន​គេ​ ទម្លាក់​ចោល​ក្នុងភូមិ​ស្រែព្រីង​ សង្កាត់​កំពង់ឆ្នាំង ​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​៧ ​ខែមីនា ឆ្នាំ​២០១៣​ ព្រោះតែ​ថ្នាំញៀន​ធ្វើទុក្ខ។ បន្ទាប់មក​បុរស​រូប​នោះ​ក៏បាន​ស្រាត​ខោអាវ​នៅ​​ខ្លួន​ទទេ ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​កកស្ទះ​ចរាចរ​មួយសន្ទុះ​ធំ​រហូត​មាន​សមត្ថកិច្ច​មក​អន្តរាគមន៍​ទើប​ សម្រួល​ចរាចរ​វិញ​បាន។
ស្ត្រី ​ម្នាក់​កំពុង​ឈរ​យំ​ដោយ​ភ័យខ្លាច​ចំពោះ​សកម្មភាព​របស់​ប្ដី​នាង​នោះ​បាន​ និយាយ​ឲ្យ​ដឹង​ថា រូបនាង​ឈ្មោះ យា​ត ធី អាយុ​២៧​ឆ្នាំ ប្ដី​របស់​នាង​ឈ្មោះ វឿន វ័ន អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមា ខេត្តព្រៃវែង។ កន្លងមក​ប្ដី​របស់​នាង​ធ្លាប់​បាន​ធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ បាន​មួយ​រយៈ​ក៏​ត្រឡប់​មកផ្ទះ​វិញ ហើយក៏​បាន​បបួល​នាង​ឲ្យ​ទៅ​ធ្វើការ​ជាមួយ​នៅ​ប្រទេស​ថៃ​កាល​ពី​៨ថ្ងៃមុននេះ ​ក្រោយ​មក​ក៏បាន​នាំគ្នា​ទៅ​សម្រាក​ក្នុង​វត្ត​មួយ​នៅ​ប៉ោយប៉ែត​ដើម្បី​ រង់ចាំ​ចេញទៅ​ប្រទេស​ថៃ។ ប៉ុន្តែ​ដោយ​ប្ដី​របស់​នាង​ត្រូវ​ថ្នាំញៀន​ធ្វើទុក្ខ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ ពួកនាង​ក៏បាន​បបួលគ្នា​ជិះ​រថយន្ត​នីសាន់​ពី​ប៉ោយប៉ែត​ត្រឡប់​ទៅផ្ទះ​វិញ ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​ប្ដី​របស់​នាង​បានធ្វើ​ទុក្ខ​ដូច​ខ្មោច​ចូលខ្លួន ​២​ដង​រួចមកហើយ។ លុះ​ធ្វើដំណើរ​ដល់​ល​ភូមិ​ស្រែព្រីង រថយន្ត​នីសាន់​ក៏​ទម្លាក់​រូបនាង​និង​ប្ដី​ចោល​នៅទីនេះ​តែម្ដង ហើយ​បុរស​ជា​ប្ដី​ក៏បាន​វង្វេងស្មារតី​ស្រាត​ខោអាវ​អស់​ទៅ​ឈរ​កណ្ដាល​ថ្នល់​ យក​ដប​ទឹក​សុទ្ធ​គប់​ឡាន​គេឯង​ពេញ​ផ្លូវ។
នៅពេល ​កើតហេតុ​សមត្ថកិច្ច​នគរបាល និង​អាវុធហត្ថ​បាន​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរ ហើយ​ជាង​កន្លះ​ម៉ោង​ក្រោយមក​បុរស​ញៀន​ថ្នាំ​បាន​ស្លៀកពាក់​ខោអាវ​វិញ ប៉ូលិស​ក៏​ដឹក​រូបគេ​និង​ប្រពន្ធ​យក​ទៅ​សម្រាក​នៅ​ប៉ុស្ដិ៍ បន្ទាប់មក​ឲ្យ​រូបគេ​រក​រថយន្ត​ជិះ​បន្តដំណើរ​ទៅ​លំនៅដ្ឋាន​នៅ​ខេត្តព្រៃវែង ​វិញ៕
ថា​រិ​ទ្ធ​
b

Recent Posts