ក្រុង​ដេត្រយៈ ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​ដែល​ដឹក​នាំ​ដោយ​ក្រុមហ៊ុន General Motor និង​ក្រុមហ៊ុន Ford Motor បាន​ព្យាករ​ថា​តម្រូវ​ការ​រថយន្ត​តូច​ធំ​នៅ​ឆ្នាំ​ដែល​ស្ថិត​លើ​ផ្លូវ​ដ៏​ ប្រសើរ​បំផុត​គិត​ចាប់​ពី​ឆ្នាំ​២០០៧​មក​នោះ​នឹង​នៅ​តែ​ស្ទុះ​ងើប​បើ​ទោះ​ជា ​អាមេរិក​មិន​អាច​បញ្ចៀស​ការ​កាត់​បន្ថយ​ចំណាយ​របស់​រដ្ឋាភិបាល​ដែល​បាន​ចូល ​ជា​ធរមាន​ពី​ថ្ងៃ​ទី​១ ខែ​នេះ​ក្ដី​។
ក្រុម​នាយក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​នោះ​បាន​និយាយ​ពី​ ថ្ងៃ​សៅរ៍​ថា រថយន្ត​ដែល​បើក​នៅ​តាម​ផ្លូវ​នៅ​សហរដ្ឋ​អាមេរិក​សព្វ​ថ្ងៃ​នេះ​គិត​ជា​មធ្យម ​គឺ​ជា​រថយន្ត​ចាស់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ហើយ​ពលរដ្ឋ​អាមេរិក​នឹង​ បន្ត​ផ្លាស់​ប្ដូរ​រថយន្ត​ទាំង​នោះ​ដោយ​ជ្រើស​រើស​យក​រថយន្ត​ដែល​ស៊ី​សាំង​ តិច​និង​មាន​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប​ជាង​មុន​។ ក្រុមហ៊ុន Ford បាន​រាយការណ៍​ពី​ការ​លក់​រថយន្ត​ដាច់​បំផុត​កាល​ពី​ខែ​កុម្ភៈ​ក្នុង​រយៈ​ពេល ​៦​ឆ្នាំ​មក​នេះ​។
លោក Ken Czubay អនុ​ប្រធាន​ផ្នែក​ទីផ្សារ លក់ និង​សេវាកម្ម​នៅ​អាមេរិក​របស់​ក្រុមហ៊ុន Ford បាន​ថ្លែង​ពី​ថ្ងៃ​សៅរ៍​ក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​មួយ​ថា៖ «​វា​មិន​អាច​ចៀស​ផុត​បាន​ទេ​ថា ប្រហែល​ជា​មាន​ការ​ផ្លាស់​ប្តូរ​រថយន្ត​តិច​តួច​ប៉ុន្តែ​ខ្ញុំ​គិត​ថា​កត្តា ​វិជ្ជមាន​ដែល​បង្កើន​ឲ្យ​មាន​តម្រូវ​ការ​រថយន្ត​នេះ​នឹង​បន្ត​កើន​ឡើង​ទៀត​ »។
ការ​លក់​រថយន្ត​ធុន​ស្រាល​នៅ​អាមេរិក​កាល​ពីខែ​កុម្ភៈ​បាន​កើន​ឡើង ៣,៧​ភាគ​រយ​ឡើង​ដល់ ១,១៩​លាន​គ្រឿង ពោល​គឺ​ត្រូវ​គ្នា​ទៅ​នឹង​ការ​ព្យាករ​របស់​អ្នក​វិភាគ​ចំនួន ១០​នាក់​ដែល​ថា​មាន​កំណើន ១,៧​ភាគ​រយ​។ អត្រា​លក់​រថយន្ត​ប្រចាំ​ឆ្នាំ​ដែល​កែ​សម្រួល​តាម​រដូវ​កាល​បាន​កើន​ឡើង​ដល់ ​ចំនួន ១៥,៤​លាន​គ្រឿង​ពី​ចំនួន​១៤,៥​លាន​គ្រឿង​កាល​ពី​ឆ្នាំ​មុន។ អត្រា​លក់​រថយន្ត​ជា​មធ្យម ដែល​ប៉ាន់​ប្រមាណ​ដោយ​អ្នក​វិភាគ​១៥​នាក់ មាន​ចំនួន ១៥,៣​លាន​គ្រឿង​។
ការ​ចែក​ចាយ​រថយន្ត​ធុន​តូចៗ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល​របស់​ក្រុមហ៊ុន Ford កាល​ពី​ខែ​មុន​បាន​កើន​៩,៣​ភាគ​រយ​ក្រុមហ៊ុន GM កើន ៧,២​ភាគ​រយ ក្រុមហ៊ុន Toyota កើន ៤,៣​ភាគ​រយ​និង​ក្រុមហ៊ុន Chrysler Group LLC កើន ៤,១​ភាគ​រយ​។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​ទាំង​នេះ​។
ការ​ព្យាករ​ជា​មធ្យម​របស់​អ្នក​វិភាគ​១១​នាក់​ថា​ការ​លក់​រថយន្ត​របស់​ ក្រុមហ៊ុន Ford កើន​បាន​៩,៨​ភាគ​រយ ក្រុមហ៊ុន GM កើន ៤,៩​ភាគ​រយ និង​ក្រុមហ៊ុន Chrysler កើន​ឡើង ៤,៤​ភាគ​រយ។ ក្រុមហ៊ុន GM និង​ក្រុមហ៊ុន Chrysler ដែល​ទុន​ភាគ​ច្រើន​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Fiat SpA បាន​ឲ្យ​ដឹង​ដាច់​ឡែក​ពី​គ្នា​ថា ការ​លក់​កាល​ពី​ខែ​កុម្ភៈ​គឺ​ជា​ការ​លក់​ដាច់​បំផុត​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ មក​នេះ។ ក្រុមហ៊ុន Toyota គ្រោង​នឹង​រាយការណ៍​ពី​កំណើន​លក់​របស់​ខ្លួន ៨,៥​ភាគ​រយ​ដែល​ជា​ការ​ប៉ាន់​ប្រមាណ​ជា​មធ្យម​របស់​ក្រុម​អ្នក​វិភាគ​ចំនួន​ ៨​នាក់​៕ PN

Recent Posts