ភ្នំពេញៈ ការ​នំា​ចូល​ម៉ូតូ​កាល​ពី​ឆ្នាំ​២០១២​បាន​កើន​ឡើង​៥៥​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
តួលេខ​បង្ហាញ​ថា ការ​នាំ​ចូល​រយៈ​ពេល​១១ ខែ​ឆ្នាំ​២០១២ មាន​ចំនួន​២៦៤ ០៨៥ គ្រឿង ដែល​មាន​តម្លៃ​១៣៩​លាន​ដុល្លារ​ដោយ​កើន​១៧០ ៣៨០ គ្រឿង​មាន​តម្លៃ​៨៦,៥ លាន​ដុល្លារ។
ស្ថានភាព​សេដ្ឋកិច្ច​នៅ​តាម​តំបន់​ជនបទ​មាន​ការ​រីក​ចម្រើន​រួម​ផ្សំ​នឹង​ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់​និង​ការ​មិន​ទាន់​មាន​សេវា​ដឹក​ជញ្ជូន​សាធារណៈ​តាម​ទី​ប្រជុំជន​គឺជា​មូលហេតុ​ចម្បង​នៃ​កំណើន​នេះ​។
លោក ផល រ៉ា​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Japan Motorcycles ដែល​ជា​អ្នក​ចែក​ចាយ​ម៉ូតូ​ម៉ាក​ហុងដា​បាន​ឲ្យ​ដឹង​ថា​ថា៖ «យើង​គួរ​ចាំ​ថា​ការ​ប្រើ​ប្រាស់​ម៉ូតូ​ផ្ទាល់​ខ្លួន​នៅ​តែ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ចាំ​បាច់​សម្រាប់​ប្រជាជន​កម្ពុជា​។ ខ្ញុំ​សង្កេត​ឃើញ​ថា​ជីវភាព​ប្រជាជន​នៅ​តាម​បណ្តា​ខេត្ត​កំពុង​មាន​ការ​កែ​ប្រែ​ល្អ​ឡើង​ជាង​ពេល​មុនៗ​ដូច្នេះ​ពួក​គេ​អាច​មាន​លទ្ធភាព​ទិញ​ម៉ូតូ​សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​កាន់​តែ​ច្រើន​ឡើង​។»
អ្នក​ស្រី វួច ឡាយ​ដែល​មាន​ហាង​លក់​ម៉ូតូ​ពីរ​នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ជប៉ុន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ស្រី​ថា៖ «ខ្ញុំ​គិត​ថា​ម៉ូតូ​ម៉ាក​ហុង​ដា​អាច​ឈរ​នៅ​លំដាប់​ទី១​លើ​ទីផ្សារ​ម៉ូតូ​នៅ​ខ្មែរ​បន្ទាប់​មក​ម៉ូតូ​ម៉ាក​ស៊ុយ​ហ៊្សុយ​គី​ហើយ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​អាច​ឈរ​នៅ​លំដាប់​ទី​បី។​ក្រៅ​ពី​នេះ​ក៏​មាន​ម៉ូតូ​នំា​ចូល​ពី​ប្រទេស​ចិន​និង​វៀតណាម​ដែរ​តែ​ខ្ញុំ​គិត​ថា​នៅ​មាន​ចំណែក​ទីផ្សារ​តូច​នៅ​ឡើយ​»។
ទន្ទឹម​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ម៉ូតូ​ក៏​មាន​ការ​បារម្ភ​ដែរ​អំពី​ការ​កើន​ឡើង​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​និង​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​។ លោក យក់ ចំរើន​រិទ្ធិ​ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង Forte Insurance ឲ្យ​ដឹង​ថា​ការ​កើន​ឡើង​ចំនួន​ម៉ូតូ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​នឹង​អាច​បង្ក​ឲ្យ​មាន​ផល​លំបាក​ជា​ច្រើន​ដល់​ការ​ធ្វើ​ចរាចរណ៍​បើ​មិន​មាន​ការ​គ្រប់​គ្រង​បាន​ល្អ​ទេ​នោះ​៕

Recent Posts