ភ្នំពេញៈ លោក​ស្រី ឈិន សុគន្ធារី ហៅ យាយ​ក្រពើ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ឡាយីម៉ិច ហូលឌីងគ្រុប គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ​មួយ​ទៅ​សាលា​ដំបូង​រាជធានី ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ​នេះ​ ប្តឹង​ចោទ​លោក​អភិបាល​រាជធានី​ភ្នំពេញ កែប ជុតិមា និង​គូកន​ពី​បទ​«​ក្លែង​បន្លំ​ការ​កសាង​ប័ណ្ណ​ដោយ​បំពាន ដើម្បី​កាន់​កាប់​និង​រឹបអូស​ដី​ជាង​៣៤​ហិកតា»​របស់​គាត់ ស្ថិត​នៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ និង​ទារ​ជំងឺ​ចិត្ត​១០០​លាន​ដុល្លារ​អាមេរិក។
អាជ្ញាធរ​ធ្វើ​ការ​រុះរើ​ឃ្លាំង​​ជា​ការដ្ឋាន​របស់​យាយ​ក្រ​ពើ​​​ កាល​ពី​ម្សិល​មិញ។ រូបថត ប៊ុត រស្មីគង្គា
អាជ្ញាធរ​ធ្វើ​ការ​រុះរើ​ឃ្លាំង​​ជា​ការដ្ឋាន​របស់​យាយ​ក្រ​ពើ​​​ កាល​ពី​ម្សិល​មិញ។ រូបថត ប៊ុត រស្មីគង្គា
នៅ​ក្នុង​ពាក្យ​បណ្តឹង​លោក​ស្រី​ឈិន សុគន្ធារី ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​លោក​ស្រី ឈិន សុគន្ធារី បាន​ចោទ​ប្រកាន់​ថា កាល​ពី​ថ្ងៃទី ៣០ ខែ​សីហា ឆ្នាំ​២០១២ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​គូកន​បាន​ប្រើ​អំណាច​ដោយ​រំលោភ និង​បាន​ដក​ហូត​ដី​របស់​គាត់​ចំនួន​៣៤២.២៣៦,៨៩ ម៉ែត្រ​ការ៉េ (ប្រហែល​ជាង​៣៤​ហិកតា)​ដែល​លោក​ស្រី​បាន​កាន់​កាប់​ដោយ​សន្តិភាព តាំង​តែ​ពី​ឆ្នាំ​១៩៩៩ ព្រម​ទាំង​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ជា​រៀង​រាល់​ឆ្នាំ​ទៀត​ផង។ ​ទីតាំង​ដី​នោះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។
លោក​ស្រី​ឈិន សុគន្ធារី ​បាន​ថ្លែង​ថា​៖ ​«ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩ ​ក្រុមហ៊ុន​នាង​ខ្ញុំ បាន​ប្រមូល ​ទិញ​ដី​ពី​ប្រជា​ពលរដ្ឋ​បាន​ផ្ទៃ​ដី​សរុប​ជាង ​៣៤ ​ហិកតា ​ដោយ​មាន​លិខិត​ផ្ទេរ​សិទ្ធិ ​កាន់​កាប់​ដី​ដែល​ទទួល​ស្គាល់​ដោយ អាជ្ញាធរ​មូលដ្ឋាន​ចំនួន​១៨​ច្បាប់។ អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ចាក់​ដី​បំពេញ​និង​បាន​ អនុញ្ញាត ​ឲ្យ​សាងសង់​ទីស្នាក់ការ​នៅ​លើ​ដី​នោះ ​នាង​ខ្ញុំ​បាន​បង់ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំ​ឆ្នាំ ២០១១ ជូន​រដ្ឋ​រួច​ជា​ស្រេច​ហើយ ចំពោះ​ដី​ដែល​មាន​ទីតាំង​ក្នុង​កម្មវត្ថុ​ខាង​លើ​នេះ»។
លោក​ស្រី ឈិន សុគន្ធារី បាន​បន្ត​ថា៖ ​«ទោះ​ជា​បាន​ដឹង​ច្បាស់​ថា ដី​ខាង​លើ​នេះ​នាង​ខ្ញុំ​បាន​កាន់កាប់ ដោយ​ស្រប​ច្បាប់​ហើយ​ក៏​ដោយ ក៏​លោក​កែប ជុតិមា និង​គូកន​នៅ​តែ​បំពាន រំលោភ​ដោយ​គ្មាន​ក្រែងរអែង​ច្បាប់​បន្តិច​ណា​ឡើយ ពួក​គាត់​ថែម​ទាំង​បាន​ធ្វើ​របាយការណ៍​ភូតកុហក សមេ្តច​នាយក​រដ្ឋមន្រ្តី ថា នាង​ខ្ញុំ​រំលោភ​កាន់​កាប់​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​វិញ​»។  «អាស្រ័យ​ហេតុ​នេះ នាងខ្ញុំ សូម​ប្តឹង​លោក កែប ជុតិមា និង ​គូកន​ពី​ការ​ប្រើ​អំណាច​ដោយ​រំលោភ ការ​ក្លែង​បន្លំ ការ​កសាង​ប័ណ្ណ​ដោយ​បំពាន និង​ការ​ធ្វើ​របាយការណ៍​ភូត​កុហក ​សមេ្តច​នាយក​រដ្ឋ​មន្រ្តី ដើម្បី​រឹបអូស​យក​ដី​របស់​នាង​ខ្ញុំ​ស្រប​ច្បាប់​ចំនួន​ជាង​ ៣៤​ហិកតា។  នាង​ខ្ញុំ​សូម​សំណូមពរ ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស លោក កែប ជុតិមា និង គូកន​តាម​ច្បាប់។ សុំ​ឲ្យ​រដ្ឋ​ប្រគល់​ដី​ខាង​លើ​មក​នាង​ខ្ញុំ​វិញ​និង​បង្ខំ​ឲ្យ​លោក កែប ជុតិមា និង​គូកន​សង​ជំងឺ​ចិត្ត​មក​នាង​ខ្ញុំ ចំនួន​១០០ លាន​ដុល្លារ​អាមេរិក»។
លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។
ទោះ យ៉ាង​ណា លោក​ ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ​មិន​ភ្ញាក់​ផ្អើល​នឹង​ពាក្យ​បណ្ដឹង​របស់​អ្នក​ ស្រី​ ឈិន សុគន្ធារី នោះ​ទេ ព្រោះ​រឿង​នេះ​ជា​សិទ្ធិរបស់​អ្នក​ស្រី។
លោក​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី ថ្ងៃ​អាទិត្យ​ថា៖«​អ្នក​ស្រី​បាន​រំលោភ​យក​ដី​ធ្លី​រដ្ឋ​ដោយ​ខុស​ច្បាប់ នៅ​ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។ ​យើង​ប្ដឹង​គាត់​ទៅ​សាលា​ដំបូង​រាជធានី ​ហើយ​តុលាការ​បាន​ផ្ដន្ទាទោស​អ្នក​ស្រី​ឲ្យ​ជាប់​ពន្ធនាគារ​ និង​បង្គាប់​ឲ្យ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ផង​ដែរ»។
លោក​បន្ថែម​ថា៖«​អាជ្ញាធរ​មាន​សមត្ថកិច្ច ឥឡូវ​នេះ​កំពុង​ស្វែងរក​ចាប់​ខ្លួន​អ្នក​ស្រី​ និង​តាម​រក​កន្លែង​ដែល​អ្នក​ស្រី​រស់នៅ​។ ខ្ញុំ​គិត​ថា តាម​រយៈ​ពាក្យ​បណ្ដឹង​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​រក​ឃើញ​អ្នក ស្រី ហើយ​អ្នក​ស្រី​នឹង​ត្រូវ​ចាប់ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ បើ​សិន​អ្នក​ស្រី​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​មែន​នោះ»។
គួរ រំឭក​ថា អ្នក​ស្រី ឈិន សុគន្ធារី ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់ ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ​ និង​៦​ខែ​។ អ្នក​ស្រី​ត្រូវ​តុលាការ​ចោទ​ពី​បទ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កម្មសិទ្ធិ​ សាធារណៈ​នៅ​ក្នុង​តំបន់​បឹង​​ពោងពាយ។ អ្នក​ស្រី​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែនសុខ ប្ដឹង​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១២​ ពាក់​ព័ន្ធ​នឹង​ការ​កាន់​កាប់​ដី​ទំហំ​ជាង​ ៣៤ ​ហិក​តា​ នៅ​ក្នុង​តំបន់​បឹង​ពោង​ពាយ ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ៕ ដោយៈ ប៊ុត រស្មីគង្គា - ភ្នំពេញប៉ុស្តិ៍

Recent Posts