សៀមរាប : លោក ស៊ូ ភិរិន្ទ អភិបាល នៃគណអភិបាល ខេត្តសៀមរាប លោក ច័ន្ទ សុផល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី នៃពិធីបើកការដ្ឋាន ជួសជុលផ្លូវក្រាលក្រួស ក្រហម ១ខ្សែ មានប្រវែង២,៣០០ម៉ែត្រ ចាប់ ពីភូមិខ្សាច់ ទៅកាន់ភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុក ក្រឡាញ់ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ មីនា ឆ្នាំ២០១៣ ម្សិលមិញនេះ។
លោក ស៊ូ ភិរិន្ទ បានអញ្ជើញ ផ្តល់ជាអធិបតីនៅវេលានោះ ក្នុងគោលបំណង បង្ហាញអំពីការយក ចិត្តទុកដាក់ របស់ ថ្នាក់ដឹកនាំខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត ទៅនឹងអ្វីដែលជាការគាំទ្រ នៃប្រជាពលរដ្ឋ កាលពីពេលបោះឆ្នោត កន្លងទៅនេះ។
អំណោយផ្លូវ១ខ្សែ ប្រវែង២,៣០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៦៨ ទៅដល់មាត់ស្ទឹងក្រឡាញ់ បន្តទៅកាន់ ផ្លូវជាតិ លេខ៦ របស់ លោក ស៊ូ ភិរិន្ទ សំដៅចូលរួម រំលែកការលំបាក របស់ប្រជាពលរដ្ឋឃុំកំពង់ថ្កូវ កាលពីរងទឹកជំនន់ ប៉ុន្មាន ឆ្នាំមកហើយ ដោយការជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៃស្រុកក្រឡាញ់នេះ។
លោក អ៊ាង ឃុន អភិបាលស្រុកក្រឡាញ់ បានឡើងអានបទស្វាគមន៏ នឹងគោរពរាយការណ៍ អំពីសភាពការទូទៅ និងសំណូមពរ១ចំនួន។ លោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំ ទោះបីជាស្រុកក្រឡាញ់រងទទួលគ្រោះមហន្តរាយទឹកជំនន់ធម្មជាតិ ក៏រដ្ឋបាលខេត្ត សៀមរាបបានដាក់ចេញទាន់ពេល និងបានដឹកនាំអនុវត្តប្រកប ដោយប្រសិទ្ធភាព សំរាលនូវបច្ច័យអាក្រក់ទាំងអស់ ដែលបានធ្លាក់មក លើប្រជាពលរដ្ឋ របស់លោក។
លោក ស៊ូ ភិរិន្ទ ផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល កម្ពុជាសម្តេចតេជោ ហ៊ុនសែន និងលោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ស្រុកក្រឡាញ់ និងខេត្តសៀមរាបទាំងមូល។ ជាមួយនឹងបរិយាកាស សំណេះសំណាលយ៉ាងកក់ក្តៅនៅវេលានោះ លោក ស៊ូ ភិរិន្ទ ក្នុងនាមក្រុមប្រឹក្សាខេត្ត បាន មាន ប្រសាសន៍ ដោយក្តីមោទនភាព ចំពោះមគ្គុទ្ទេសភាពដឹកនាំប្រកប ដោយបញ្ញាញាណដ៏ឈ្លាសវៃ របស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានគិតគូរក្នុងភាពប៉ិនប្រសប់ តាមរយៈការដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ត្រឹមត្រូវ សម្រាប់អភិវឌ្ឍប្រទេស។
លោកអភិបាលខេត្ត បានធ្វើការគូសបញ្ជាក់ នៅភាពកែប្រែមុខមាត់ក្នុងក្តីសង្ឃឹម គឺប្រជាជនបានទទួលនូវចំណង ដៃជា ច្រើន មានជាអាទ៏ សាលារៀនតាំងពីមត្តេយ្យរហូតដល់វិទ្យាល័យ មន្ទីរពេទ្យផ្លូវថ្នល់ខ្វាត់ខ្វែង ផ្សារ អគ្គីសនី ព្រះវិហារ វត្តអរាម ស្រះទឹក ប្រឡាយ អណ្តូងទឹក បង្គន់អនាម័យ ស្ពាន មធ្យោបាយបង្ករបង្កើនផល និងផលិតកម្ម ។ល។ កំណើនការងារ សមធម៌ និតិរដ្ឋនិងប្រសឹទ្ធភាព។ នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត និងលោក ប្រធានក្រុមប្រឹក្សាខេត្ត បានចែកជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស យុវកាយរឹទ្ធកម្ពុជា និងយុវជនកាកបាទ ក្រហមកម្ពុជា ដែលបានមកចូលរួមទាំងអស់ ៕
Categories:
ព័តមានជាតិ