ភ្នំពេញ: ​រថយន្ត​ពីរ​គ្រឿង​បើក​ប្រដេញ​គ្នាលឿន​ដូច​ហោះ ដោយ​រថយន្ត​មួយគ្រឿងបើក​ទៅ​បុក​របង​ការដ្ឋាន​សំណង់ និង​មួយគ្រឿង​ទៀតបើក​ទៅបុក​បង្គោល​ភ្លើង កាលពី​វេលា​ម៉ោង ១២​ រំលងអធ្រាត្រ ឈានចូលថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ តាម​មហាវិថី​ព្រះមុនីវង្ស ​បត់​ឆ្វេង​តាមផ្លូវ​លេខ​២១៤ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។
ជនបង្កនោះ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​ចុះទៅ​វាយ​អ្នកកាសែត បណ្តាល​ឲ្យ​រង​របួសជាច្រើន​នាក់។ ឯ​សមត្ថកិច្ចបានត្រឹមតែ​ឈរ​ឱបដៃ​មើលធ្វើ​ព្រងើយ ព្រោះ​ខ្លាច​អំណាច​របស់ពួកគេ​។​
​សាក្សី​បាន​ឲ្យ​ដឹងថា រថយន្ត​ស៊េរី​ទំនើប​ទាំងពីរ​គ្រឿង បើក​លឿនដូច​ហោះ​តាម​មហា​វិថី​​ព្រះមុនីវង្សពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​ផ្លូវកែង ២១៤ រថយន្ត​បត់​ឆ្វេង​ក្នុង​ល្បឿនលឿនពេក ​បួង​ចង្កូត​មិនទាន់​ ធ្វើ​ឲ្យ​រថយន្ត​ម៉ាក Mini Coopers ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន 6108 បើក​ទៅបុក​ជាប់​របង​ការដ្ឋាន​សំណង់ទៅមុខ​លែង រួច។ ចំណែក​រថយន្ត CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-1369 បើក​ទៅ​បុក​បង្គោល​ភ្លើង។ ​រថយន្ត​ទាំងពីរគ្រឿងខូចខាត​ផ្នែក​ខាងមុខ​។​
​ក្រោយពេល​កើតហេតុ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ពេលដែល​មាន​អ្នកសារព័ត៌មាន​ចុះ​ទៅ​​ថតរូប​ភាព​ ដោយ​ថត​ចំ​ពីមុខ​អ្នកបើករថយន្ត​ទាំងពីរ​គ្រឿង ​ធ្វើ​ឲ្យ​អ្នកបើករថយន្ត ចុះ​ទៅ​ដាល់​អ្នកសារព័ត៌មាន​រូ​ប​នោះ បង្ក​ទៅ​ជាការប្រតាយប្រតប់គ្នា ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​របួស​ធ្ងន់ ២​នាក់ ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន និង​អ្នក​សារព័ត៌មាន​​ជាច្រើន​នាក់​ទៀតរងរបួស​ស្រាល​។ ហេតុការណ៍​នេះ ធ្វើ​ឲ្យ​ផ្អើល​អ្នក​ចោមរោម​មើល​រាប់រយ​នាក់។
​អ្នកសារព័ត៌មាន ​ដែល​ត្រូវ​ជន​ទំនើងស្រវឹង​វាយ​នោះ ​មាន ទី​១- ឈ្មោះ ស៊ូ ប៊ុន​ធី អាយុ​៤៨​ឆ្នាំ ជា​បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ១១​។ ទី​២- ឈ្មោះ សុវណ្ណ រិ​ទ្ធ​គីន អាយុ​ ២១​ឆ្នាំ ជា​បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩​។ ទី​៣- សុវណ្ណ សេដ្ឋី អាយុ​ ១៩​ឆ្នាំ ជា​បុគ្គលិក​ទូរទស្សន៍​បាយ័ន​។ ទី​៤- ឈ្មោះ មាស ច័ន្ទ​ធឿន អាយុ​ ៤៨​ឆ្នាំ ជា​បុគ្គលិកទូរទស្សន៍​អប្សរា ANN​។ ទី​៥- រឿង ចំរើន អាយុ​ ២៧​ឆ្នាំ ជា​បុគ្គលិកគេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​​។ ទី​៦- ឈ្មោះ ឃិត សុខា អាយុ ​២៣​ឆ្នាំ ជា​បុគ្គលិកគេហទំព័រក្រុង​កម្ពុជា​។ ទី​៧- ឈ្មោះ ផុន ពិសិដ្ឋ អាយុ​ ២៩​ឆ្នាំ ជា​បុគ្គលិកគេហទំព័រអគ្គស្នងការ​។ ទី​៨- ឈ្មោះ ទុយ ម៉ែន អាយុ ​២១​ឆ្នាំ ជា​បុគ្គលិកកាសែត​ដើម​អម្ពិល​។ ទី​៩- ជា សេ​ឌី អាយុ ​៣០​ឆ្នាំ ជា​បុគ្គលិក​ទូរទស្សន៍ប៉ុស្តិ៍​លេខ ១១​។ ទី​១០- សុវណ្ណ រិទ្ធី អាយុ​ ២៥​ឆ្នាំ ជា​បុគ្គលិកកាសែត​កោះសន្តិភាព​ និង​មាន​អ្នករត់ម៉ូតូឌុប​ម្នាក់ ឈ្មោះ ថៃ ប៊ុន​ណា អាយុ​ ៣២​ឆ្នាំ ក៏ត្រូវអ្នកបើកឡាននោះវាយផងដែរ​។ ជនរងគ្រោះ​ទាំងអស់បានដាក់​ពាក្យ​ប្តឹង​ទៅប៉ូលិសរួចហើយ​។​
​រថយន្ត​បង្ក​ទាំងពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​ឃាត់ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹងរាំង រង់ចាំ​ប៉ូលិស​ចរាចរណ៍រាជធានី​ភ្នំពេញ​យក​រថយន្ត​ទាំងពីរ​គ្រឿង​ ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕ S













Recent Posts