បាត់ដំបង ៖ ក្មេងប្រុសវ័យជំទង់ម្នាក់បានរងរបួសជាទម្ងន់ក្រោមសម្ពាធនៃកូនកាំបិតចុងស្រួចទម្លុះតាមឆ្អឹងជំនីធ្លាយដល់ក្រពះបន្ទាប់ពីមានទំនាស់បន្តិចបន្តួចជាមួយមិត្តភក្ដិដែលធ្លាប់ជិតស្និទ្ធនឹងគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង២រសៀល ត្រង់ចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនិយាយថា ជនសង្ស័យមានឈ្មោះ លី តុលា ភេទប្រុស អាយុ១៧ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ ឡូញ ចាន់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឃុំខាងលើជាមួយគ្នា។
របាយការណ៍បានបន្តថា ក្មេងប្រុសទាំង២នាក់គឺជាមិត្តភក្ដិនឹងគ្នាយ៉ាងជិតស្និទ្ធដោយទៅណាមកណាក៏ទៅជាមួយគ្នាដែរ ប៉ុន្តែឧស្សាហ៍ឈ្លោះគ្នាជាញឹកញាប់ ហើយក្រោយពេលឈ្លោះក៏ត្រូវគ្នាវិញធម្មតា។
ចំណែកជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពេលវះកាត់គេនិយាយបានតិចៗមកថា មុនពេលកើតហេតុពួកគេទាំង២នាក់បានជិះកង់ជាមួយគ្នា បណ្ដើរឈ្លោះគ្នាបណ្ដើរ រហូតដល់សន្យាលែងដើរកាត់មុខផ្ទះគ្នារៀងខ្លួន។ លុះទៅដល់មុខផ្ទះមុខជនសង្ស័យបានដេញជនរងគ្រោះឲ្យទៅផ្ទះ ទើបមានការប្រកែកគ្នា រួចក៏រុញច្រានគ្នាទៅវិញទៅមក។ នៅពេលនោះជនសង្ស័យហាក់ដូចជាមានការត្រៀមរួចជាស្រេចដោយគេបានដកកូនកាំបិតចុងស្រួចសម្រាប់ចិតបន្លែចេញពីចង្កេះមកចាក់លើជនរងគ្រោះចំឆ្អឹងជំនីរខាងឆ្វេងលិច១ផ្លែកាំបិតរយះដល់ក្រពះថែមទៀត។
ជនរងគ្រោះបានបន្តថា ដោយសព្វថ្ងៃខ្លួនរស់នៅជាមួយគេដែលមាននាទីធ្វើពេទ្យ ទើបខ្លួនយកដៃខ្ទប់មុខរបួសរត់ទៅផ្ទះដើម្បីឲ្យម្ចាស់ផ្ទះជួយព្យាបាល។
បន្ទាប់ពីមានការភ្ញាក់ផ្អើលទើបជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗ ចំណែកឯជនរងគ្រោះក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដើម្បីធ្វើការវះកាត់សង្គ្រោះ។
បច្ចុប្បន្នយុវជនបង្កហេតុត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការជាអ្នកសម្រេចនិងវិនិច្ឆ័យទោសទៅតាមច្បាប់៕
Categories:
ព័តមានជាតិ