ភ្នំពេញ ៖ យុវជនស្ទាវៗចំនួនបីនាក់ខណៈពេលជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកកន្ទុយរថយន្តកុងតឺន័របណ្ដាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុពីរនាក់និងម្នាក់ទៀតបែកក្បាលសន្លប់ឈឹងហូរឈាមក្រាលពេញផ្លូវនៅសល់តែដង្ហើមចង្រិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣នៅតាមផ្លូវជាតិលេខ៤ត្រង់ចំណុចមុខភូមិព្រៃស្វាយ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះដែលស្លាប់ទី១. មានឈ្មោះ ហ៊ិន ឆែម ភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិជ្រៃ ឃុំសន្លូង ស្រុកទ្រាំងខេត្តតាកែវ ជននេះអ្នកបើកម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុ ទី២. ឈ្មោះ បាន ចន្ធី ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិផ្សារកំបូល សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិចំពារ ឃុំមនោរម្យស្រុកថ្ពងខេត្តកំពង់ស្ពឺ។ ជននេះបានស្លាប់នៅពេលបញ្ជូនមកដល់ពេទ្យ និងទី៣. ជនរងគ្រោះដែលរងរបួសធ្ងន់សន្លប់ឈឹងមានឈ្មោះនាក់ភក្ដីភេទប្រុសអាយុ២៥ឆ្នាំស្នាក់នៅផ្ទះជួលភូមិកន្ទោកជើងសង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកកំពង់ត្រាចខេត្តកំពត។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ពាក់ស្លាកលេខភ្នំពេញ1AL2361។
តាមប៉ូលិសដែលបានចុះទៅវាស់វែងស្រាវជ្រាវនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុយុវជនទាំងបីនាក់ បន្ទាប់ពីចេញពីធ្វើការរោងចក្រពួកគេមិនចូលផ្ទះនោះទេពោលគឺគេបានជិះម៉ូតូដើរលែងបាត់ស្រមោល ហើយបានជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក្បែរចំណុចផ្លូវកែងអក្សរតេផ្លូវជាតិលេខ៤កែងផ្លូវអូដឹមកប់ស្រូវជាចំណុច ដែលមានរថយន្តកុងតឺន័រចេញចូលច្រើន ក៏បានបោះពួយបុកកន្ទុយរថយន្តកុងតឺន័រដួលបោកក្បាលស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតសន្លប់ឈឹងបែកក្បាលហូរឈាមពេញផ្លូវ រីឯម៉ូតូក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។ ជនរងគ្រោះ២នាក់នៅពេលបញ្ជូនដល់ពេទ្យបានស្លាប់ម្នាក់ទៀតប៉ុន្តែអ្នកដែលរបួសសន្លប់នោះក៏មិនសង្ឃឹមថានឹងរស់នោះដែរ។ ប៉ូលិសបានយកម៉ូតូទៅរក្សាទុកមួយអន្លើសិន។ ចំណែករថយន្តកុងតឺន័របានបើករត់គេចខ្លួនបាត់ស្រមោលព្រោះពេលយប់ជ្រៅពេកគ្មានអ្នកណាតាមទាន់នោះឡើយ៕
វិទូ
Categories:
ព័តមានជាតិ