កំពង់ស្ពឺ ៖ លំនៅដ្ឋាន​​មួយ​កន្លែង ដែល​ពាក់ព័ន្ធ​ការ​ចរាចរ​ជួញដូរ​ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម ​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទាំង​កណ្តាល​ថ្ងៃត្រង់ ដកហូត​បាន​វត្ថុតាង​មាន​គ្រឿងញៀន​ចំនួន១៣កញ្ចប់ ។
សកម្មភាព​ឆ្មក់​ចូល​បង្ក្រាប កន្លែង​ជួញដូរ​គ្រឿងញៀន​នេះ  បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង៣០នាទី​ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ស្ថិត​ក្នុង​ផ្ទះ​មួយ​​កន្លែង​នៅ​ភូមិ​ត្រពាំង​លើ សង្កាត់​​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍​ទោ ហែម ផល្លា នាយ​ការិយា​ល័យ ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​​ខេត្ត សហការ​ជាមួយ​អធិការដ្ឋាន ក្រុង​ច្បារមន ប៉ុស្តិ៍​រដ្ឋ​បាល​ និង អាជ្ញាធរ​ដែនដី​ផង​ដែរ ។
ប្រតិបត្តិ​ការ​បង្ក្រាប​ផ្ទះ​សង្ស័យ ជួញដូរ​គ្រឿងញៀន​នោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា ដកហូត​បាន​គ្រឿងញៀន ប្រភេទ​ម្សៅ​ម៉ា​ទឹកកក ចំនួន១៣កញ្ចប់​ឃាត់ខ្លួន​ស្ត្រី២នាក់​ម្តាយ និង កូន​យក​ទៅ​សាកសួរ​នៅ​ការិយា​ល័យ​​ប្រឆាំង​គ្រឿងញៀន​ខេត្ត ។ ប្រភព​បន្ត​ថា ជនជាប់សង្ស័យ ត្រូវ​បាន​នគរបាល ក្រុង​ច្បារមន​បង្ហើប​ថា ទី១ឈ្មោះ​រី នឿន ភេទ​ស្រី អាយុ​ជា៥០ឆ្នាំ និង ទី២ឈ្មោះ​វ៉ន វី ភេទ​ស្រី​អាយុ២៨ឆ្នាំ​ ជា​ម្តាយ និងកូន​រស់​នៅ​ក្នុង​​ផ្ទះ​កើត​ហេតុ​ខាងលើ ។
មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា ក្រុម​គ្រួសារ​មួយ​នេះ ភាគច្រើន​ពួកគេ​ប្រកប​ការ​ស៊ី​ជួញដូរ គ្រឿង​ញៀន​ស្ទើរ​គ្រប់គ្នា ហើយ​កន្លងមក​ត្រូវ​បាន​បង្ក្រាប​ជាច្រើន​លើក​មក​ហើយ ​ក្នុង​នោះ​មាន​ម្តាយ កូន ចៅ រហូត​ដ​ល់​ចំនួន៦លើក​​គិត​ទាំង​ពេលនេះ ។
ប្រភព​ប​បន្ត​ថា ជន​ជាប់​ដែល​សកម្មភាព​រកស៊ី​ខុសច្បាប់ របស់​ពួកគេ​ពីមុន​ត្រូវ​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ ហើយ​អ្នកខ្លះ​ទើប​ចេ​ញ​ពី​គុក អ្នកខ្លះ​កំពុង​ស្ថិត​នៅក្នុង​គុក​នៅឡើយ ប៉ុន្តែ​មិន​រៀង​​​ចាល​ទេ។ ប្រភព​បន្ត​ថា មុន​ឈាន​ដល់​​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​​ការ​តាម​ដាន និង ដាក់​កំលាំង​សំងាត់​យ៉ាង​ច្បាស់​លាស់​ទើប​ចុះ​ចាប់​ជាក់ស្តែង​តែម្តង ។
ក្រុម​សមត្ថកិច្ច​បញ្ជាក់​ថា ការ​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន ដុះ​ស្លែ​​មួយ​នេះ​ធ្វើការ​ដក​ហូត​បាន​គ្រឿងញៀន​ចំនួន១៣កញ្ចប់ លុយកាក់ និង គ្រឿង​អលង្កា​មួយចំនួន​ ហើយ​បន្ត​ការ​ឆែកឆេរ​តាម​គ្រប់​បន្ទប់​ទៀត ដើម្បី​ស្វែងរក​វត្ថុតាង​ជា​បន្ត​ទៀត ក្រែង​នៅ​មាន​​លាក់​ទុក​ក្នុង​នោះ​ ។
ស្ត្រី​ឈ្មោះ​រី នឿន ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ​​ធ្លាប់​ចាប់ខ្លួន​ម្តង​ដែរ ទើប​ចេញពី​គុក​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​មានកូន និង​ចៅ ​ប៉ុន្តែ​ពួកគេ​មិន​បោះបង់​មុខរបរ​នេះ​សោះ នៅ​បន្ត​ការ​រក​ស៊ី​ខុសច្បាប់​ទៀត ។
បច្ចុប្បន្ន​ជនជាប់សង្ស័យ​ទាំង២នាក់​ម្តាយ និង កូន​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ គ្រឿងញៀន​ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​សាកសួរ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

Recent Posts