ភ្នំពេញ : ការ​ហក់​ចូល​កាន់​កម្មវិធី​ល្បីៗ​នៅ​ស្ថានីយ​ទូរទស្សន៍ My TV ក្នុង​នាម​ជា​ពិធី​ការិនី​មិន​ទាន់​នឹង​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​នៅ​ពេល​នេះ មាន​ពាក្យ​លេច​ឮ​ថា តារា​សម្តែង​ស្រី​សាច់​ស​ខ្ចី​នាង កែវ នីសា ដែល​ទើប​នឹង​វិល​មក​កាន់​វិថី​តារា​ជា​ថ្មី​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាម​ថ្ពក់​បេះដូង​ពី​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​ម្នាក់​ដែល​មាន​ឋានៈ​ជា​ឧកញ៉ា​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា តារា​សម្តែង​ដែល​ប្រែ​ខ្លួន​ជា​ពិធី​ការិនី​រូប​នេះ​បាន​ធ្វើ​ការ​បដិសេធ​ភ្លាមៗ។
ជាមួយ​នឹង​រូប​សម្ផស្ស​បែប​កូន​កាត់ សាច់​នៅ​តែ​ស​ខ្ចី​ម៉ដ្ឋ​រលោង កែវ នីសា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទីផ្សារ​នៅ​ក្នុង​សង្គម​សិល្បៈ​របស់​នាង​នៅ​តែ​ខ្លាំង បើ​ទោះ​បី​ជា​កន្លង​មក គេ​ឯង​បាន​ដឹង​ថា តារា​រូប​នេះ​មិន​មែន​ជា​នារី​ក្រមុំ​ក៏​ដោយ​ពោល​គឺ​មុន​នឹង​នាង​មុជ​ជ្រៅ​នៅ​ក្នុង​ផ្លូវ​តារា​នេះ​នាង​ធ្លាប់​ទទួល​យក​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង​បុរស​ម្នាក់​រួច​ម្តង​ទៅ​ហើយ។
គួរ​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​មុន​ពេល​តារា​រូប​នេះ​ចូល​ប្រឡូក​នៅ​ក្នុង​វិថី​សិល្បៈ​នាង​ធ្លាប់​បាន​រៀប​ការ​ពេញ​ផ្លូវ​ច្បាប់​ជាមួយ​នឹង​បុរស​ម្នាក់​ឈ្មោះ​លោក គាំ វារី រួច​មក​ហើយ ហើយ​នាង​ចាប់​ផ្តើម​លេច​ចេញ​កេរ្តិ៍​ឈ្មោះ​ល្បី​ក្រោយ​ពេល​ដែល​តារា​រូប​នេះ​បាន​បញ្ចប់​ជីវិត​ស្នេហា​ជាមួយ​នឹង​តារា​ចម្រៀង​ចូល​ចិត្ត​លេង​ម៉ូដ​អត់​សក់ លោក សាន ផានិត។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ពេល​នោះ គេ​មិន​បាន​ដឹង​ថា នាង​ធ្លាប់​មាន​ស្វាមី​ឡើយ ក្រោយ​មក​ទើប​បែក​ធ្លាយ​រឿង​ប្តឹង​ប្តល់​គ្នា​នៅ​តុលាការ​ដើម្បី​ចែក​ទ្រព្យ​សម្បត្តិ​គ្នា​យ៉ាង​ភ្ញាក់​ផ្អើល​នោះ​ហើយ​ទើប​គេ​ដឹង​ថា នាង​មាន​ស្វាមី​។ កែវ នីសា និង​លោក គាំ វារី បាន​លែង​លះ​គ្នា​ដាច់​ស្រេច​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៩។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង អ្នក​មេម៉ាយ​ក្តៅ​ហុយ​រូប​នេះ ក៏​បាន​ជួប​នឹង​ស្នេហ៍​ថ្មី​ជា​បន្ត​បន្ទាប់ តែ​គេ​នៅ​តែ​ដឹង​ថា ស្នេហា​របស់​នាង​នៅ​តែ​មាន​ភាព​រញ៉េរញ៉ៃ។
មួយ​រយៈ​មុន​នេះ កែវ នីសា ហាក់​ដូច​ជា​ធ្លាក់​ប្រជា​ប្រិយ​ភាព​បន្តិច ខណៈ​ពេល​ដែល​នាង​បាន​ទុក​ការ​ងារ​សិល្បៈ​មួយ​ដុំ ហើយ​បែរ​ជា​ចំណាយ​ពេល​ជិះ​យន្ត​ហោះ​ឡើង​ចុះ​ប្រទេស​ថៃ​ជា​ញឹក​ញាប់​ដោយ​នាង​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ឡើង​ចុះ​ទៅ​មក​ប្រទេស​ថៃ​របស់​នាង​ក៏​ព្រោះ​តែ​លោក​យាយ​របស់​នាង​មាន​ជំងឺ​ត្រូវ​សម្រាក​ព្យាបាល​នៅ​ទីនោះ​។
យ៉ាង​ណា​មិញ​ការ​រយាល​ពី​សិល្បៈ​នេះ មិន​បាន​ធ្វើ​ឲ្យ​នាង​មាន​កង្វល់​ពី​ការ​អត់​ការងារ​នៅ​ក្នុង​សិល្បៈ ឬ​ក៏​ធ្លាក់​ប្រជា​ប្រិយ​ភាព​នោះ​ទេ ផ្ទុយ​មក​វិញ ក្រោយ​ការ​វិល​ត្រឡប់ កែវ នីសា បែរ​ជា​មាន​ឱកាស​បាន​កាន់​ក្បាល​មីក្រូហ្វូន​និយាយ​ក្នុង​នាម​ជា​ពិធី​ការិនី​ល្បី​ម្នាក់​ឲ្យ​ស្ថានីយ​ទូរទស្សន៍​បែប​យុវវ័យ My TV ទៅ​វិញ​។ ស្រប​ពេល​ដែល​ទស្សនិកជន​កំពុង​តែ​ចាប់​អារម្មណ៍​ពី​ការ​ឡើង​កាន់​តំណែង​ថ្មី​ខណៈ​ពេល​ដែល​នាង​មិន​ទាន់​ស្ទាត់​ជំនាញ​ក្នុង​ការ​ចាប់​យក​អាជីព​និយាយ​នេះ បែរ​ជា​មាន​ព័ត៌មាន​ក្តៅ​មួយ​បាន​លេច​ឡើង​ចំពោះ​រូប​នាង​ថា កែវ នីសា កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាម​ប្រមាញ់​ពី​បុរស​អ្នក​ទ្រព្យ​ម្នាក់​ដែល​មាន​ឋានៈ​ជា​ឧកញ៉ា​។
ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ពី​កន្លែង​ការងារ​ថ្មី​របស់​តារា​រូប​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា តារា​សម្តែង កែវ នីសា ដែល​ឡើង​ស៊េរី​ជា​ពិធី​ការិនី​នៅ My TV កំពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​ឧកញ៉ា​ម្នាក់ ហើយ​ឲ្យ​តែ​នាង​ចង់​បាន​អ្វី​គឺ​បាន​ហ្នឹង បុរស​ជា​អ្នក​តាម​សុំ​ស្នេហ៍​នាង​អាច​ប្រគល់​អ្វីៗ​បាន​គ្រប់​យ៉ាង​តាម​ត្រូវ​ការ​។ ដូច្នេះ​ហើយ​បាន​ជា​មួយ​រយៈ​នេះ ទាំង​អ្នក​សិល្បៈ និង​ទស្សនិកជន​បាន​សម្តែង​ភាព​ភ្ញាក់​ផ្អើល​នៅ​ពេល​ឃើញ​តារា​សម្តែង​ស្រស់​សោភា​រូប​នេះ​ជិះ​រថយន្ត​ទំនើប​ម៉ាក Lexus 570 ហើយ​អ្វី​ដែល​គេ​កាន់​តែ​ស្រឡាំង​កាំង​ថែម​ទៀត​នោះ​គឺ​នៅ​ពេល​នេះ​នាង​មាន​អង្គរក្ស​តាម​ហែ​ហម​ទៀត​ផង​។
ទោះ​បី​ជា​មាន​ការ​អះ​អាង​ពី​ប្រភព​បែប​នេះ​ក្តី​តែ​តារា​សម្តែង​ស្រស់​ខ្ចី​នាង កែវ នីសា ហាក់​ដូច​ជា​មិន​បាន​ដឹង​ពី​រឿង​នេះ​ទេ ដោយ​នាង​បាន​និយាយ​ហាក់​ដូច​ជា​មិន​បាន​ដឹង​អ្វី​ថា នាង​គ្មាន​លោក​ឧកញ៉ា​ណា​ម្នាក់​តាម​ស្រឡាញ់​នោះ​ទេ​។
នាង​និយាយ​ប្រាប់​ទស្សនិកជន​ទាំង​ភ្ញាក់​ផ្អើល​ថា៖​«​ធម្មតា បើ​ខ្ញុំ​និយាយ​ថា អត់​មាន​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ក៏​គេ​មិន​ជឿ​ដែរ ប៉ុន្តែ​ជា​ការ​ពិត​ខ្ញុំ​អត់​មាន​ឧកញ៉ា​ណា​ម្នាក់​តាម​ស្រឡាញ់​អី​នោះ​ទេ។ បើ​និយាយ​ពី​អ្នក​តាម​ស្រឡាញ់ មាន​ច្រើន​ដែរ​តែ​ខ្ញុំ​ក៏​មិន​ទាន់​សម្រេច​ចិត្ត​នោះ​ដែរ​»។
ដោយ​ឡែក​រឿង​តារា​រូប​នេះ​មាន​រថយន្ត​ទំនើប​ជិះ​ឆ្វេច​ឆ្វាច​និង​មាន​អង្គរក្ស​ប្រចាំ​ខ្លួន​នោះ នាង​ក៏​សុំ​ធ្វើ​ការ​បដិសេធ​នៅ​ពេល​នេះ​ដែរ ដោយ​នាង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ឡិចស៊ីស​ដែល​នាង​ធ្លាប់​ជិះ​នោះ​ជា​កម្មសិទ្ធិ​អ៊ំ​របស់​នាង ហើយ​អ្នក​ដែល​ជូន​ទៅ​កម្មវិធី​កន្លង​មក​នោះ​គឺ​ជា​បង​ជី​ដូន​មួយ មិន​មែន​ជា​ឧកញ៉ា ហើយ​ក៏​មិន​មែន​ជា​អង្គរក្ស​ដែរ​។ នាង​បាន​បញ្ជាក់​ថា គ្មាន​អ្នក​ណា​ម្នាក់​ឧបត្ថម្ភ​ដោយ​ងាយ​ស្រួល​នោះ​ទេ​។
នាង​បាន​និយាយ​ថា៖ «​អ្វី​ដែល​ខ្ញុំ​មាន​ក្នុង​ដៃ​កន្លង​មក សុទ្ធ​តែ​ជា​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ។ ខ្ញុំ​មិន​ធ្លាប់​ទទួល​កាដូ​ពី​អ្នក​ណា​គេ​ទេ​»៕

Recent Posts