រតនគិរី ​៖ ​គ្រាន់តែ​រឿង​ដូរ​មែមរី​ទូរស័ព្ទ​ស្ដាប់​បទ​ចម្រៀង​សោះ​កូន​អកតញ្ញូ​ចាក់​ម្ដាយ​ឪពុក​នឹង​គល់​ឫស្សី​ចុង​ស្រួច​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០១៣ ​ស្ថិត​ក្នុង​ភូមិ​ឡូ​ន ​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី។
លោក​តេង សាវុធ អធិការរង​នគរបាល​ក្រុង​បាន​លុង ​ខេត្តរតនគិរី​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៣​ ក្រុម​គ្រួសារ​ជនជាតិ​ទំពួន​ រស់នៅ​ភូមិ​ឡូន សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង​បាន​ជួបជុំគ្នា​ផឹកស្រា​បន្តិចបន្តួច រួច​ឪពុក​បាន​យក​មែមរី​ទូរស័ព្ទ​របស់​កូន(​ជន​ដៃដល់) ​ទៅ​ដូរ​ជា​មួយ​អ្នកដទៃ​ដើម្បី​ស្ដាប់​បន្ត។ លុះ​ពេល​​កូនប្រុស​ចិត​ឃោរឃៅ​នោះ​យក​ទូរស័ព្ទ​របស់​ខ្លួន​មក​ស្ដាប់​ម្ដង​ ស្រាប់តែ​ឮ​បទ​ចម្រៀង និង​មែ​មេ​រី​ខុសពី​របស់​ខ្លួន ក៏​ឈ្លោះប្រកែក​ជាមួយ​ឪពុក​១​មាត់​២​មាត់ ម្ដាយ​ក៏​ឃាត់​កូន​និង​ប្ដី​កុំ​ឲ្យ​ឈ្លោះ​គ្នា​ទៀត​ព្រោះ​ខ្មាស​ញាតិ​ជិតខាង​ ម្យ៉ាងទៀត​យប់​អធ្រាត្រ​ទៅ​ហើយ។ ពេល​នោះ​កូន​ប្រុស​​ចិត្ត​ឃោរឃៅ​ក៏​ស្ទុះ​ទៅ​យក​គល់​ឫស្សី​ចុង​ស្រួច​មក​ចាក់​លើ​ពោះ​ម្ដាយ​បណ្ដាល​ឲ្យ​ដាច់​ពោះវៀន​ ឪពុក​ចូល​ទៅ​ចាប់​រួច​ក៏​ចាក់​ឪពុក​នឹង​គល់​ឫស្សី​ចុង​ស្រួច​ចំ​គល់​ដោះ បណ្ដាល​ឲ្យ​រង​របួស​ទាំង​២​នាក់​ប្ដី​ប្រពន្ធ។
លោក តេង សាវុធ អធិការរង​ក្រុង​បាន​លុង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បន្ត​ទៀតថា ជនដៃដល់​ត្រូវជា​កូន​ឈ្មោះ សេង សុង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ​ចំណែក​ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ​ តេង មាន់ អាយុ​៤៥​ឆ្នាំ ម្ដាយ​ឈ្មោះ និន លាវ អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចម្ការ។ ជនរងគ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី រីឯ​ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់។
គួរ​បញ្ជាក់​ថា កូនចៅ​គ្រប់រូប​បើ​មិនបាន​តបស្នង​សង​គុណ​ឪពុកម្ដាយ គួរ​កុំ​ធ្វើ​ឲ្យ​​ឪពុកម្ដាយ​ពិបាកចិត្ត៕

Recent Posts