ភ្នំពេញ៖ យ៉ាងហោចណាស់ យុវជនចំនួន ៣នាក់ បានរងរបួស ធ្ងន់ស្រាល ដោយសារតែ រថយន្តមួយគ្រឿងបើក បុករួចហើយ បើករត់គេចបាត់ ទាំងមិនស្គាល់ម៉ាក និងចាំស្លាកលេខ ។
គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបានកើតឡើង កាលពី វេលាម៉ោង ៧៖២០យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ ច្រកចូលសាលារៀន សុវណ្ណភូមិ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាម សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ចំនួន៣នាក់ បានជិះម៉ូតូ ម៉ាកវីវ៉ា សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-2139 ឌុបគ្នាក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ ចំណុចកើតហេតុ មានរថយន្ត មួយគ្រឿង មិនចាំម៉ាក មិនចាំស្លាកលេខ ចេញពីផ្លូវបេតុង ឡើងមកផ្លូវ ជាតិលេខ៤ បត់ឆ្វេងតម្រង់ ទៅទិសខាងលិច ដោយមិនមាន បើកភ្លើង ស៊ីញ៉ូបានមកកៀរ ម៉ូតូតែម្តង ហើយបើករត់ទៅ ទិសលិចបាត់ ធ្វើអោយអ្នកជិះម៉ូតូ ដួលច្រងាប់ច្រងិល បណ្តាលអោយអ្នកបើកបរ ម៉ូតូរងរបួសបែក ចិញ្ចើមខាងស្តាំ បែកក្បាល យ៉ាងដំណំ ហើយអ្នករួមដំណើរ ទាំងពីរនាក់ រងរបួសស្រាល។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែល រងរបួសធ្ងន់ និងជាអ្នក បើកម៉ូតូ មានឈ្មោះ ប៊ុន ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ សំណង់បុរីសែនមនោរម្យ រស់នៅ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងមិត្តភ័ក្រ រួមការងារ ពីរនាក់ទៀត ទី១ឈ្មោះ ពុធ អានុ ភេទប្រុស អាយុ១៩ឆ្នាំ ទី២ ឈ្មោះ ឆុន វង្សសាល ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងពីរ រស់ឃុំ ស្រុកជាមួយ ឈ្មោះ ប៊ុន ពៅដែលជាជនរងគ្រោះ ខ្លាំងជាងគេ។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុ គេបានឃើញ រថយន្តសង្គ្រោះ និងក្រុមជួយសង្គ្រោះរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ បានធ្វើដំណើរមកដល់ ចំណុចកើតហេតុភ្លាមៗ ហើយបានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ ព្រះសកុសមះ ហៅពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះជាបន្ទាន់ ៕
Categories:
ព័តមានជាតិ