រាជធានីភ្នំពេញ ៖ សមត្ថកិច្ចប៉ូលិសនាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហា ផ្ទៃសហការជាមួយកម្លាំងប៉ូលិសមូលដ្ឋាន ប៉ុស្តិ៍ចោមចៅដោយមានការ ចូលរួមពីសំណាក់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅធ្វើការឆែកឆេរ និងបង្ក្រាបទីតាំងឃ្លាំងស្តុក សារធាតុគីមីមួយកន្លែងដ៏ធំ ដោយបានរកឃើញនិងដកហូត សារធាតុគីមីជាង២០មុខ ស្មើនឹងជាង៦០តោន ព្រមទាំងឃាត់ខ្លួនជនជាតិចិន ចំនួន៥នាក់ដែលជាម្ចាស់សារធាតុគីមី នោះផងដែរ ។
ប្រតិបត្តិការខាងលើនេះបានប្រព្រឹត្តទៅកាលពី វេលាល្ងាចថ្ងៃទី១៨ មីនា ដែលទីតាំងខាងលើស្ថិតនៅក្នុងក្រុមទី៤ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ កម្លាំងសមត្ថកិច្ចខាងលើ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រីឡុងស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុមេ ធី ប្រធាននាយកដ្ឋាន ។ នៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានរកឃើញសារធាតុគីមីជាង២០មុខ និងមានទម្ងន់ប្រហែលជាង៦០តោន ប៉ុន្តែនៅមិនទាន់បានកំណត់ថាសារធាតុគីមី ប្រភេទអ្វីនៅឡើយទេ ដោយសមត្ថកិច្ចសង្ស័យថាសារធាតុគីមីនោះ អាចផលិតជាគ្រឿងញៀន បានផងដែរ ។
សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងឃ្លាំងខាងលើជាកម្មសិទ្ធិ របស់បុរសជនជាតិខ្មែរម្នាក់ ដែលបានជួលទៅឱ្យជនជាតិចិនធ្វើជាទីតាំង សម្រាប់ស្តុកសារធាតុគមី ទាំងអស់នោះ ។ នៅពេលសមត្ថកិច្ចចុះទៅដល់ ពួកគេបានប្រាប់ថា ជាតិគីមីទាំងនោះទុកសម្រាប់លាយជ្រលក់ ក្រណាត់តែប៉ុណ្ណោះ ប៉ុន្តែការដោះសាខាងលើមិនត្រូវបានសមត្ថកិច្ចជឿនោះទេ ។ ស្របពេលនោះលោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង បានបញ្ជាកម្លាំងឱ្យឃាត់ ខ្លួននិងវ៉ៃខ្នោះដៃជនជាតិចិនចំនួន ៥នាក់ ក្នុងនោះមានស្រីម្នាក់ និងបាននាំខ្លួនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង ។
ដោយខណៈពេលនោះយប់ទៅហើយកិច្ចការទាំងនោះ ត្រូវផ្អាកមួយរយៈសិន លុះព្រឹកឡើងថ្ងៃទី១៩ មីនា ទើបសមត្ថកិច្ច ចុះទៅត្រួតពិនិត្យបន្តម្តងទៀត ៕










បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Recent Posts