ខេត្ដរតនគិរី ៖ កូនប្រុសអកតញ្ញូម្នាក់ បានយកគល់ឫស្សីបុកក្បាលពោះម្ដាយឱ្យរង របួសធ្ងន់ បន្ទាប់មកក៏បុកទៅលើឪពុកចំដើមទ្រូង បណ្តាលឱ្យរងរបួស ធ្ងន់ដែរ។ ទោះបីជាបែបណា កូនប្រុសអកតញ្ញូរូបនេះ ត្រូវបានប៉ូលិសចាប់ខ្លួនដាក់ ខ្នោះបញ្ជូនចូលគុកទាំងយប់ ។
ហេតុការណ៍ដ៏ឃោរឃៅនេះ បានកើតឡើងក្នុងក្រុមគ្រួសារ ក្រីក្រជនជាតិភាគតិចទំពួន រស់នៅក្បែរជើងភ្នំយក្សឡោម ។ មន្ដ្រីប៉ូលិសសង្កាត់យក្សឡោមឱ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៥ មីនា វេលាម៉ោង៩យប់ ស្ថិតនៅភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុង ។ កូនដែលវាយប្រហារលើឪពុកម្ដាយយ៉ាងអគតិនេះឈ្មោះតេង សុង អាយុ២៣ឆ្នាំបានយកគល់ឫស្សីប្រវែង១ម៉ែត្រទៅបុកក្បាលពោះ ម្ដាយឈ្មោះលិន ឡេវ អាយុ៤០ឆ្នាំ បណ្តាលឱ្យរងរបួសដាច់ពោះវៀនមួយកំណាត់ និងហើមក្បាលពោះប៉ុនដូងទុំ រីឯឪពុកឈ្មោះមាន់ តេង អាយុ៤០ឆ្នាំ បានរងរបួសធ្ងន់លើដើមទ្រូងខាងឆ្វេង និងមានស្នាមរយះប្រវែង១ តឹក ។
មន្ដ្រីប៉ូលិសបន្ដទៀតថា នៅមុនពេលកើតហេតុនោះ ក្រុមគ្រួសារខាងលើបានរៀបចំ កម្មវិធីសែនផ្ទះតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិភាគតិចទំពួន មានកាប់ជ្រូក១ក្បាល និងផឹកស្រាពាងអស់៧ទៅ៨ពាង ដោយមានអ្នកភូមិជាមួយគ្នាចូលរួមយ៉ាងច្រើនកុះករផងដែរ ។ មូលហេតុដែលបណ្ដាលឱ្យកូនវាយធ្វើបាបឪពុកម្ដាយនោះ គឺកូនដៃដល់ម្នាក់នេះ អត់មានទូរស័ព្ទប្រើហើយនៅសល់ម៉េមម៉ូរី១ ដែលមានបទចម្រៀងពិ រោះៗបានឱ្យឪពុកខ្លួនខ្ចីប្រើក្នុងកម្មវិធីសែនផ្ទះនោះ ហើយកូននិងឪពុកក៏បានអង្គុយផឹកស្រាពាងជាមួយគ្នាដែរ ។ ពេលកំពុងផឹកស្រានោះ កូនបានសួរឪពុករកម៉េមម៉ូរី ដែលឱ្យខ្ចីកាលពីមុន ដើម្បីសុំយកវិញ តែត្រូវឪពុកប្រាប់ថាបានឱ្យទៅឈ្មោះយឿន ប៉េត ខ្ចីស្តាប់ចម្រៀងទៅហើយ ។ នៅពេលឮឪពុកប្រាប់ រវាងឪពុកនិងកូននេះក៏បាន ទាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំង ហើយឪពុកក៏បានទាត់កូន១ជើងចំកំប៉េះគូថ ធ្វើឱ្យកូននោះខឹងនឹងឪពុកខ្លួនយ៉ាងខ្លាំងក៏ដើរចេញពីវង់ផឹក ទៅយកគល់ឫស្សីបំណងវាយឪពុកតែ ម្តាយឃើញក៏ស្ទុះទៅចាប់កូនបំណងរា រាំងក៏ត្រូវកូនប្រុសរូបនេះយកគល់ឫស្សី ដែលមានមុខស្រួចមកបុកចំ ក្បាលពោះលេចដល់ពោះវៀនដាច់ ១កំណាត់ដេកដួលលើដី ។ ឪពុកឃើញកូនវាយម្តាយ ក៏មកជួយចាប់ក៏ត្រូវកូនចាក់ចំដើមទ្រូងខាងឆ្វេង បណ្តាលឱ្យរយះ ប្រវែង១តឹកដួលសន្លប់នៅនឹងកន្លែងកើតហេតុតែម្តង ។ ពេលកើតមានហេតុការណ៍បែបនេះ បងប្អូនសាច់ញាតិបានផ្អាកការផឹកស៊ីទាំងយប់ រួចនាំជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធមកសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តទាំងយប់ រីឯកូនប្រុសជាជនដៃដល់ ត្រូវបានប៉ូលិសសង្កាត់យក្សឡោម ចាប់ខ្លួនទាំងយប់ភ្លាមៗដែរ ។
តាមប្រភពព័ត៌មានពីគ្រូពេទ្យបានឱ្យដឹងថា ស្ត្រីជាម្តាយបានរងរបួសក្បាលពោះ មានស្នាមរយះមិនជ្រៅទេ ក៏ប៉ុន្តែក្បាលពោះមានអាការៈហើមធំយ៉ាងខ្លាំង ហើយពេទ្យធ្វើការថតអេកូមើលឃើញ ដាច់ពោះវៀនមួយកំណាត់ ត្រូវធ្វើការវះកាត់ទើបព្យាបាលបាន ។
ចំណែកបុរសជាឪពុកគ្រាន់តែមានស្នាមរបួសត្រង់ដើមទ្រូងខាងឆ្វេង ។ មន្ត្រីប៉ូលិសមិនទាន់ធ្វើការដោះស្រាយបែបណានៅឡើយទេ គ្រាន់តែប្រាប់ថាបានកសាងសំណុំរឿង បញ្ជូនខ្លួនកូនប្រុសជាជនដៃ ដល់វាយធ្វើបាបឪពុកម្តាយទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ហើយ ខណៈឪពុកម្តាយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ សូមបញ្ជាក់ថា គ្រួសារនេះមានកូន៥នាក់ ឯ៤នាក់ទៀតជាប្អូនជនដៃដល់ ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
Categories:
ព័តមានជាតិ