ព្រះសីហនុ​ ៖ ​នាវា​បណ្ណាល័យ​ឈ្មោះ​LOGOSHOPE​ដែល​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​​កាលពី​ថ្ងៃទី​៣ ​ខែកុម្ភៈ​ ឆ្នាំ​២០១៣​កន្លងមក​ពេលនេះ​បាន​ចាក​ចេញពី​កំពង់ផែ​ក្រុង​ព្រះសីហនុ​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​ខែកុម្ភៈ​ ដើម្បី​បន្ត​ដំណើរ​ឆ្ពោះទៅ​ប្រទេស​ថៃ​បន្ទាប់​ពី​នាវា​ផ្ទុក​សៀវភៅ​ចម្រុះ​ភាសា​ប្រមាណ​៥០០០​ក្បាល​នេះ​បាន​ចូល​ចត​អស់​រយៈពេល​១៦​ថ្ងៃ​នៅ​ក្រុង​ព្រះសីហនុ។
ក្នុង​បេសកកម្ម​រយៈពេល​១៦​ថ្ងៃ​ក្នុង​ទឹកដី​តំបន់​ទេសចរណ៍​ក្រុងព្រះសីហនុ​នាវា​LOGOSHOPE​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ព្រមទាំង​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចូល​ទស្សនា​នៅ​លើ​នាវា​នេះ​ប្រមាណ​៤​ម៉ឺន​នាក់​ផង​ដែរ។ ឆ្លៀត​ក្នុង​ឱកាស​នៃ​ការ​ចូល​ចត​និង​ស្នាក់​នៅក្នុង​ក្រុងព្រះសីហនុ​ជាច្រើន​ថ្ងៃ​កន្លង​មកនេះ​ក្រុម​បុគ្គលិក​ស្ម័គ្រចិត្ត​ចម្រុះ​ជាតិសាសន៍​បម្រើការ​នៅ​លើ​នាវា​ខាង​លើ​នេះ​បាន​ចូលរួម​ចំណែក​ធ្វើ​កិច្ចការ​មនុស្សធម៌​ដោយ​បាន​ចែក​អំណោយ​មាន​សំលៀកបំពាក់​និង​ធុង​ចម្រោះ​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​២០០០​គ្រួសារ​ដែល​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ។ ទន្ទឹម​នឹង​សកម្មភាព​ខាងលើ​នេះ​ដែរ ​ក្រុម​បុគ្គលិក​ស្ម័គ្រចិត្ត​ក៏បាន​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលា​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ។
សូម​បញ្ជាក់​ថា​នាវា​LOGOSHOPE​មាន​សញ្ជាតិ​Malta​មាន​បណ្តោយ​ ១៣២.៥០​ម៉ែត្រ ​ទទឹង ២០.៨​ម៉ែត្រ ជម្រៅ​ទឹក ៥.២​ម៉ែត្រ មាន​នាវិក​ និង​បុគ្គលិក​ស្ម័គ្រចិត្ត​អន្តរជាតិ​បម្រើ​ការងារ​នៅ​លើ​នាវា​ដោយ​មិន​គិត​កម្រៃ​សរុប​ចំនួន ​៣៥២​នាក់ ដែល​មាន ៥៧​ជាតិសាសន៍​ និង​មាន​វប្បធម៌​ផ្សេងគ្នា​ ហើយ​នាវា LOGOS HOPE​នេះ​ដឹកនាំ​ដោយ​លោក James Thomas មេបញ្ជាការ​នៅលើ​នាវា​នេះ៕

Recent Posts