ព្រះអង្គម្ចាស់Ali Bin Al Hussein នៃប្រទេសហ្សកដង់ជាអនុប្រធានសហព័ន្ធបាល់ទាត់ពិភពលោក(FIFA)ទទួលបន្ទុកការអភិវឌ្ឍន៍ប្រចាំនៅតំបន់អាស៊ី (AFDP) បានសំដែងការពេញចិត្តចំពោះការរៀបចំអភិវឌ្ឍន៍ថ្នាលនិងបាល់ទាត់ស្ត្រីរបស់កម្ពុជា ហើយបានអះអាងថា ព្រះអង្គនឹងជួយជំរុញឲ្យFIFA ជួយដល់គម្រោងការអភិវឌ្ឍន៍បាល់ទាត់ថ្នាល និងបាល់ទាត់ស្ត្រីនៅកម្ពុជា។
មានបន្ទូលនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១៩ ខែកុម្ភៈ ព្រះអង្គម្ចាស់Ali Bin Al Hussein បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍បាល់ទាត់អាស៊ី គឺតម្រង់ទិសក្នុងការបង្កើតទាំងការចូលរួមរបស់ស្ត្រីក្នុងការប្រកួតនិងកម្មវិធីបាល់ទាត់ស្ត្រីអាជីព ដែលជំរុញឲ្យបាល់ទាត់ស្ត្រីក្នុងប្រទេសកម្ពុជារីកចម្រើនថែមមួយកម្រិតទៀតនិងធ្វើឲ្យស្ត្រីដើរតួជាគំរូនៅក្នុងប្រទេស។ ចង់សម្រេចបែបនេះ គឺទាមទារនូវពេលវេលាយូរ ប៉ុន្តែព្រះអង្គម្ចាស់អាលី នឹងជួយជំរុញអោយFIFAជួយពន្លឿនដល់ការអភិវឌ្ឍន៍បាល់ទាត់ថ្នាលនិងស្ត្រីដល់ប្រទេសកម្ពុជា។
លោកឧត្តមសេនីយ ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានមានប្រសាសន៍ដែរថាសហព័ន្ធបាល់ទាត់កម្ពុជាមានទស្សនៈវិស័យវែងឆ្ងាយ នៅក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់ ពិសេសការអភិវឌ្ឍន៍ថ្នាលនិងបាល់ទាត់ស្ត្រីនេះ។ លោកបន្តថា នៅពេលខាងមុខនេះ កម្ពុជានឹងមានសាលាបាល់ទាត់(ACADEMY)ហើយ ប៉ុន្តែលោកថាមានតែសាលាបាល់ទាត់មួយ វាមិនគ្រប់គ្រាន់សំរាប់ការបណ្តុះបណ្តាលថ្នាលបាល់ទាត់នោះទេ គឺទាមទារឲ្យមានការចូលរួមពីសាលារៀន NGO និងសង្គម ដើម្បីរួមគ្នាអភិវឌ្ឍន៍បាល់ទាត់។
ចំណែក លោកឫទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានអះអាងថាមានសាលាបណ្តុះបណ្តាលបាល់ទាត់ដែរ ដែលបច្ចុប្បន្នភ្នំពេញក្រោនកំពុងតែធ្វើការបណ្តុះបណ្តាលក្មេងៗ យុវជន សំរាប់ជាថ្នាលទៅអនាគត។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់Ali Bin Al Hussein នៃប្រទេសហ្សកដង់អនុប្រធានសហព័ន្ធបាល់ទាត់ពិភពលោក(FIFA)ទទួលបន្ទុកការអភិវឌ្ឍន៍ប្រចាំនៅតំបន់អាស៊ី បានធ្វើទស្សនកិច្ចនៅអង្គការសលត៍នៅខេត្តបាត់ដំបង ជាកន្លែងដែលកំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ថ្នាលនិងក្រុមស្ត្រីខ្លាំង ដែលទទួលបានពីគម្រោងអភិវឌ្ឍន៍បាល់ទាត់អាស៊ី៕
Categories:
ព័តមានជាតិ,
សុខភាព និង កីឡា