កំពង់ធំ៖ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ៨៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់តាមរយៈលោកស្រី ឧបនាយករដ្ឋមន្រ្តីប្រចាំការ ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និង ព្រឹទ្ធសភា បានផ្តល់ជូនប្រជាពលរដ្ឋ ស្រុកសន្ទុក ដើម្បីប្រើប្រាស់ ក្នុងនោះកងវិស្វកម្មអគ្គបញ្ជាការ គឺទទួលបានសិទ្ធិ ក្នុងការស្ថាបនាផ្លូវខាងលើ។
លោកឧត្តមសេនីយ៍ទោ ឈន សារ៉ាណេ នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងវិស្វកម្ម អគ្គបញ្ជាការ ដែលដឹកនាំការ ស្ថាបនា បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ត្រូវការពេលវេលា ៣ខែ សម្រាប់ការស្ថាបនា ហើយគិតមកទល់ពេលនេះ សម្រេចការស្ថាបនាបាន ៧០ ភាគរយហើយ ក្នុងនោះកងវិស្វកម្ម ត្រូវការពេលវេលាតែមួយខែទៀតប៉ុណ្ណោះ ដើម្បីបញ្ចប់ការស្ថាបនាឲ្យរួចរាល់១០០% ចំពោះពេលវេលា ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញមកសម្ពោធសំពៅមាស សំពៅប្រាក់នៅក្នុងវត្តព្រះត្រ័យលោក ព្រះត្រ័យល័ក្ខ  ហើយផ្លូវខាងលើនេះ នឹង ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នៅមុនខែមេសា ក្រោមអធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្រ្តី។
នៅថ្ងៃដដែល កម្លាំងកងវិស្វកម្ម បានបន្តចុះពិនិត្យផ្លូវមួយខ្សែទៀត ដែលទើបបើកការដ្ឋានស្ថាបនាបាន ១៥ភាគរយ ជាគម្រោងរបស់ក្រសួង អភិវឌ្ឍន៍ជនបទ ដែលបានផ្តល់ជូនកងវិស្វកម្មអគ្គបញ្ជាការ។ ផ្លូវមួយខ្សែនេះមានប្រវែង ៥គីឡូម៉ែត្រ ទទឹងបាតក្រោម ២០ម៉ែត្រ និងបាតលើ ៨ម៉ែត្រ តភ្ជាប់ស្រុកចំនួនពីរ គឺស្រុកកំពង់ស្វាយ និងស្រុកសន្ទុក នឹងត្រូវប្រើប្រាស់ពេលវេលាសរុប ៣ខែ ដើម្បីបញ្ចប់ការស្ថាបនា ឲ្យបានជាស្ថាពរ។
លោកឧត្តមសេនីយ៍ទោ ឈន សារ៉ាណេ បានឲ្យដឹងថា ដោយប្រទេសជាតិការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស គួបផ្សំទៅនឹងកំណើនមនុស្ស និងមធ្យោបាយយានយន្ត បានធ្វើឲ្យមានការប្រឈម ទៅនឹងបញ្ហាចរាចរ ដែលចាំបាច់ទាមទារឲ្យមានកែលំអផ្លូវថ្នល់ ពិសេសការឆ្លើយតបទៅ នឹងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្នុងនោះស្រុកសន្ទុក គឺជាផ្នែកមួយ ដែលទទួលផលពីការអភិវឌ្ឍ។
លោកបានបញ្ជាក់ថា ផ្លូវលំ និងផ្លូវក្រាលកៅស៊ូខ្វាត់ខ្វែង គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែ មានភាពធូរធារល្អប្រសើរ ។
ជាមួយគ្នានេះដែរ លោកក៏បានសូមឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវ កំពុងតែស្ថាបនានេះ ត្រូវមេត្តាយោគយល់ និងអាធ្យាស្រ័យ ព្រមទាំងរួមសហការ ជាមួយក្រុមការងារកងវិស្វកម្ម ដើម្បីឲ្យទទួលបានលទ្ធផលល្អ៕

www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com
www.dap-news.com

Recent Posts