ភ្នំពេញ
៖ កុមារអាយុ៧ឆ្នាំម្នាក់បានរងរបួសបែកក្បាលរលាត់ដៃ ជើង
និងដងខ្លួន
ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពព្រៃវែង
ភ្លាមៗផងដែរ។ ក្មេងប្រុសនេះរងគ្រោះដោយសាររថយន្ត CMAC បើក
បុក ខណៈក្មេងប្រុសរូបនោះកំពុងឈរលេងនៅមុខផ្ទះរបស់យាយគេ។
ដោយឡែករថយន្តបង្កក្រោយពីកើតហេតុ បានបន្ថែមល្បឿនទៅមុខយ៉ាងលឿន
ដើម្បីគេចវេសពីកំហុសរបស់ខ្លួន
តែគេចមិនរួចក៏ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែងស្ទាក់កាក់
ជាប់។
ហេតុការណ៍
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០
នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣
នៅចំណុចខាងត្បូងផ្សារទួលសំបូរ ភូមិកំរែង សង្កាត់ សាក់សំពៅ
ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រី
នគរបាលប៉ុស្តិ៍ព្រៃវែងប្រាប់ថា ក្មេងប្រុសរងគ្រោះឈ្មោះ ពេជ្រ
អាយុ៧ឆ្នាំ សព្វថ្ងៃរស់នៅជាមួយយាយឈ្មោះ កាត់ សូល អាយុ៦៧ឆ្នាំ
មុខរបរលក់បន្លែ មានទីលំនៅភូមិកំរែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
រីឯតៃកុងបើករថយន្តបង្កមានឈ្មោះ ស្មោញ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ
មុខរបរបើករថយន្ត CMAC បច្ចុប្បន្នស្នាក់នៅអង្គភាព (ង៧០) និងមានស្រុកកំណើតភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សាក្សីប្រាប់ឲ្យដឹងថា រថយន្ត CMAC បើកបរ
តាមផ្លូវកៅស៊ូចេញសង្កាត់សាក់សំពៅពីត្បូងទៅជើង
លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាមានមូលហេតុអ្វីនោះទេ
ស្រាប់តែបុកក្មេងប្រុសរងគ្រោះតែម្តង
ខណៈក្មេងប្រុសរូបនោះកំពុងឈរលេងនៅមុខផ្ទះយាយរបស់គេ
បណ្តាលឲ្យដួលបើកក្បាលទៅខាងក្រោយហូរឈាមកក្លាក់
សន្លប់បាត់មាត់បាត់.ក។
សាក្សីដដែលប្រាប់បន្តថា រថយន្ត CMAC បង្ក
ក្រោយពីកើតហេតុតៃកុងរថយន្ត បានបន្ថែមល្បឿនឆ្ពោះទៅមុខយ៉ាងលឿន
ដើម្បីគេចវេសពីទោសកំហុសរបស់ខ្លួន
តែគេចមិនរួចក៏ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែងស្ទាក់កាក់ជាប់
នៅចំណុចក្បែរវត្តព្រៃវែង សង្កាត់ព្រៃវែង
និងបញ្ជូនភារកិច្ចបន្តទៅឲ្យនគរបាលចរាចរខណ្ឌដង្កោ
ចាត់ការតាមនីតិវិធី៕
Categories:
ព័តមានជាតិ